ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ជាតិ និង ឌុ​ម កែវ​ដា ស្វាគមន៍​ជើង​ខ្លាំង​ថៃ​ដូច​គ្នា​នៅ​លើ​សង្វៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ និង​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​បាន​គណៈកម្ម​ការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ កីឡា​ករ​ជើង​ខ្លាំង​ថៃ​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ និង​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​បាន​គណៈកម្ម​ការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ កីឡា​ករ​ជើង​ខ្លាំង​ថៃ​ដូច​គ្នា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សុក្រ ទី​១២ មក​រា នេះ ។

កីឡាករ មាស សុ​ជាតិ ធ្លាប់​ប្រកួត​៧៦​ដងឈ្នះ​៦៥​ដង ចាញ់​១០​ដង ស្មើ​១​ដង និង​ផ្ដួល​​គូប្រកួត​ឱ្យ​សន្លប់​២១​ដង ត្រូវ​ជួប​ប្រកួតជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ក្វា​ង​ងិ​ន​ម៉ រាជ​ផាត់​ម៉ូ​ចម​ប៊ឹ​ង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៩៣​ដង ឈ្នះ​៦៥​ដង ចាញ់​២៣​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ។

ចំណែក​កីឡាករ ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៦​ដង ចាញ់​១៥​ដង ស្មើ​៤​ដង​និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កង​ស្យាម​ត ភិ​ថា​ក់​ឆ័​យក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដូច​គ្នា ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៦៨​ដង ឈ្នះ​៥២​ដង ចាញ់​៨​ដង ស្មើ​៣​ដង និង​មិន​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ម្ដងណា​ឡើយ។

បើ​តាម​លោក យុទ្ធភូមិ ត្រាក់​ឃុន​យ៉ាង ជា​គ្រូបង្ហាត់់​កីឡាករ​ថៃ​បាន​អះអាង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាន​ទំនុកចិត្ត​លើ​សិស្ស​គុន​របស់​លោក​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​មិន​ខាន​ដោយសារ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​និង​ធ្លាប់​យកឈ្នះ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ជា​ច្រើន​នាក់​ទៀត​ផង​។​ទោះបី​យ៉ាងណា សម្រាប់​​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិន​ហ៊ាន​មើល​ស្រាល​លើ​ខាង​ណា​នោះ​ទេ ដោយសារ​កីឡាករ​ថៃ​ទាំង​ពីរ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក ។ ដូច្នេះ​អ្នក​ណា​ខ្លាំង​ឬ​ខ្សោយ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ពុធ ព្រហស្បតិ៍ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ធា វាសនា មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី និង​កីឡាករ ឡៅ ផា​នាថ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ