ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បោះទុន​វិនិយោគ​ច្រើន​លើវិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​កោតសរសើរ​ចិន ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​នៅ​កម្ពុជា ។ ក្នុង​ជំនួប​រវាង​លោក តាន់​ស្រឺ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​កោតសរសើរ​ចិន ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​នៅ​កម្ពុជា ។

ក្នុង​ជំនួប​រវាង​លោក តាន់​ស្រឺ ជួង​ចូ​វ​វិ​ន អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ន​ហ្សុ​ង​វៃ ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១១ មក​រា លោក​ឧកញ៉ា អ៊ឹ​ង លី​ហេង បាន​ថ្លែង​ឲ្យ​ដឹង​ថា រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន​លូតលាស់ ដោយ​មាន​អគារ​ខ្ពស់​ៗ ល្បី​ៗ​លំដាប់​អន្តរជាតិ​កំពុង​សាងសង់ ។ ដោយឡែក វិស័យ​ទេសចរណ៍​មានការ​លូតលាស់​នៅ​តំបន់ឆ្នេរ ប្រាសាទ​អង្គរ និង​ប្រាសាទបុរាណ​ច្រើន​ទៀត​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ឈរ​លើ​លំដាប់​ទី​១ ដែល​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្នាំ​២០១៧ និង​មាន​ទឹកប្រាក់​ជាង​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប្រទេស​ចិន កូរ៉េ ជប៉ុន និង​ប្រទេស​សិង្ហ​បុរី បាន​ជាប់​លេខ​រៀង​បន្តបន្ទាប់ ។

លោក តាន់​ស្រឺ ជួង​ចូ​វ​វិ​ន បាន​ឲ្យ​ដឹង​ថា លោក​បាន​បង្កើត​សមាគម​មនុស្សធម៌ ឡាយ​អ៊ិន​ក្លិប​ទទួល​បាន​ជោគជ័យ ដើម្បី​មក​ជួយ​វិស័យ​សុខាភិបាល សាសនា និង​អប់រំ គឺជា​ការ​ជួយ​ទាំង​ថវិកា ស្មារតី និង​បទ​ពិសោធន៍​នៅ​កម្ពុជា ។

សម្តេច ហេង សំ​រិ​ន បាន​ឲ្យ​ដឹង​ថា កម្ពុជា​មានការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​​មួយ​ចំនួន​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍ និង​វិនិយោគិន​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​។ សម្តេច​បន្ត​ថា ក្នុង​ចំណោម​នោះ ប្រទេស​ចិន គឺជា​ដៃគូ​វិនិយោគ​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​ជួយ​ឲ្យ​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ទុន​វិនិយោគ​ចិន​មាន​ទំហំ​ទឹកប្រាក់​១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឈរ​លំដាប់​ទី​១​នៅ​កម្ពុជា ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ការ​ចូល​មក​វិនិយោគ​ច្រើន​របស់​វិនិយោគិន​ចិន ជា​រឿង​ដែល​ត្រូវ​អបអរសាទរ ព្រោះ​ការ​វិនិយោគ​កាន់តែ​ច្រើន នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​កាន់តែ​ច្រើន ហើយ​ការ​វិនិយោគ​ច្រើន​របស់​ចិន ដោយសារ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ និង​កត្តា​ផ្ទៃក្នុង​កម្ពុជា​ល្អ​ប្រសើរ ដូច​ជា សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិ​យោគ​​ដ៏​ល្អ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​លើ​ការ​វិនិយោគ ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​មានការ​វិនិយោគ​ពី​ប្រទេស​ជា​ច្រើន កុំ​ពឹងផ្អែក​តែ​ប្រទេស​មួយ​ៗ ព្រោះ​បើ​ប្រទេស​​នោះ​ជួប​វិបត្តិ​សេដ្ឋកិច្ច កម្ពុជា​ក៏​មាន​បញ្ហា​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ