ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ធំ​ៗ​ជិត​20​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង (Li Keqiang) នាយក​​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កម្ពុជា​ទទួល​បានការ​ចុះហត្ថលេខា​ជាមួ​យ​​ភាគី​ចិន​ចំនួន​១៩​គម្រោង ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង (Li Keqiang) នាយក​​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កម្ពុជា​ទទួល​បានការ​ចុះហត្ថលេខា​ជាមួ​យ​​ភាគី​ចិន​ចំនួន​១៩​គម្រោង ក្នុង​នោះ គម្រោង​រវាង​រដ្ឋ​និង​រដ្ឋ មាន​ចំនួន​១២​គម្រោង​, រវាង​​រដ្ឋ និង​វិស័យ​ឯកជន​របស់​ចិន មាន​ចំនួន​៥​គម្រោង និង​រវាង​វិស័យ​ឯកជន​កម្ពុជា និង​ចិន មាន​ចំនួន​២​គម្រោង ។

សម្រាប់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​រដ្ឋ និង​រដ្ឋ ទាំង​១២​គម្រោង​រួម​មាន ៖

១-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​លើកកម្ពស់​បន្ថែម​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា​-​ចិន ។

២-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា សម្រាប់​កិច្ច​ប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​គុណភាព​ផលិតផល ។

៣-​កិច្ចព្រមព្រៀង ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ។
៤-​លិខិត​ប្ដូរ​សារ ស្ដី​ពី​គម្រោង​ជួសជុល​រាជវាំង​នៅ​អង្គរ ។
៥-​លិខិត​ប្ដូរ​សារ ស្ដី​ពី​ការ​ផ្ដល់​ជូន​បរិក្ខារ​មួយ​កញ្ចប់ ។

៦-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា ។

៧-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​រៀបចំ​ផែនការ​រួម​លើ​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា ។

៨-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ ។

៩-​កិច្ចព្រមព្រៀង ស្ដី​ពី​ការ​អនុវត្ត​គម្រោងការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា ។

១០-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​២៣០​គីឡូវ៉ុល ដំណាក់កាល​ទី​២ ។

១១-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ (​ចោម​ចៅ បែក​គូស ក្រុង​កំពត​) ។

១២-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក ។
សម្រាប់​អនុស្សរណៈ​ចំនួន​៥​រវាង​រដ្ឋ​របស់​កម្ពុជា និង​វិស័យ​ឯកជន​ចិន​រួម​មាន ៖

១-​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ។

២-​កិច្ចព្រមព្រៀង ស្តី​ពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។
៣-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ពាណិជ្ជកម្ម​អង្ករ ។

៤-​កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុ​តំបន់ ។

៥-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​សម្រាប់​កម្ពុជា ។

ដោយឡែក គម្រោង​២​ទៀត​រវាង​ឯកជន និង​ឯកជន ដែល​បាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន រួម​មាន កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តី​ពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​តេ​ជោ​១ និង​កិច្ចព្រមព្រៀង ស្តី​ពី​គម្រោង​វិនិយោគ​លើ​ការ​សាងសង់ និង​ប្រតិបត្តិការ​កំពង់​ផែ​ស្ទឹង​ហាវ ។

លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ហើយ​ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​ឡាវ​ផង​ដែរ ។

យោង​តាម​ស្ថិតិ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​៥​នៅ​តាម​ដង​ទន្លេមេគង្គ​ជាមួយ​ចិន មាន​ទំហំ​ទឹកប្រាក់​២២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ឡើង​១៦% ក្នុង​នោះ​ការ​វិនិយោគ​សរុប​របស់​ចិន ក្នុង​បណ្ដា​ប្រទេស​ទាំង​៥​កើនឡើង​២០% ​និង​ភ្ញៀវ​ទេសចរ​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ កើនឡើង​រហូត​ដល់​៨០% ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ដល់​មិត្ត​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​តូច​ធំ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ រយៈពេល​១១​ខែ ទំហំ​ពាណិជ្ជកម្ម​ចិន​និង​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ទំនិញ​សំខាន់​សម្រាប់​ទំនាក់​ទំនង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​សម្ភារ​កាត់ដេរ ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ