ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​5 នឹង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក្រោយ​បញ្ចប់​ការ​ពង្រីក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវជាតិ​លេខ​៥​ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន ដែល​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​កំពុងធ្វើការ​ពង្រីក​នោះ ក្រោយ​ពេល​បញ្ចប់​ការ​ស្ថាបនា អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា នឹង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ។ គម្រោង​នេះ​នឹង​ពង្រីក​ពី​២​គន្លង…

រាជធានី​ភ្នំពេញ ៖ ផ្លូវជាតិ​លេខ​៥​ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន ដែល​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​កំពុងធ្វើការ​ពង្រីក​នោះ ក្រោយ​ពេល​បញ្ចប់​ការ​ស្ថាបនា អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា នឹង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ។
គម្រោង​នេះ​នឹង​ពង្រីក​ពី​២​គន្លង ទៅ​៤​គន្លង​ចាប់ពី​ព្រែក​ក្ដាម រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ការ​ពង្រីក​ចែក​ជា​ដំណាក់កាល ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១១ មក​រា ម្សិលមិញ​ថា ៖« ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ច្រក​ដ៏​សំខាន់​មួយ​។ ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥ ឱ្យ​មាន​៤​គន្លង ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ គឺជា​ការ​បើក​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​កម្ពុជា ហើយ​បើសិនជា​អាច គួរ​ធ្វើ​ជា​ផ្លូវ​ល្បឿន​​លឿន​ដើម្បី​ចំណេញ​ពេលវេលា​ក្នុង​ការ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ថ្លៃដើម » ។

លោក​បណ្ឌិត​បន្ត​ថា ការ​ភ្ជាប់​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​កាន់​រាជធានី​ភ្នំពេញ​នេះ ក៏​ជា​ច្រក​មួយ​សម្រាប់​ទេសចរណ៍​ផង​ដែរ ព្រោះ​ប៉ោយ​ប៉ែ​ត​ជា​ច្រក​លំហូរ​ភ្ញៀវ​ទេសចរ​ពី​ថៃ មក​កម្ពុជា ដោយសារ​ផ្លូវ​នេះ​មាន​ទំហំ​ធំ និង​មាន​សុវត្ថិ​ភាពល្អ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងត្បូង នៅ​ទីស្តីការក្រសួង​ថា ៖« ផ្លូវជាតិ​លេខ​៥​នេះ គឺ​សំខាន់​ណាស់ វា​ជា​ចំណែក​ផ្លូវ​របស់​អាស៊ាន​ហា​យ​វ៉េ​លេខ​១ ដែល​បាន​ត​ភ្ជាប់​តាំងពី​ភូមា មក​ថៃ កម្ពុជា និង​វៀតណាម សម្រាប់​ដឹក​ទំនិញ ។ យើង​មាន​កសិផល​ក៏​ច្រើន​នៅ​ប៉ៃលិន បាត់ដំបង រួម​នឹង​ខេត្ត​ផ្សេង​ទៀត​អាច​ដឹក​មក​តាម​ផ្លូវ​នេះ​ចុះ​ទៅ​កំពង់​ផែ ហើយ​បន្តិចទៀត អា​ចត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​សំខាន់ និង​ជា​សរសៃឈាម​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​យើង​រីក​ចម្រើន​ថែម​ទៀត»។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Marketing Consulting លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា ៖« នៅ​ថ្ងៃ​អនាគត ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​គ្រប់​បែប​យ៉ាង តែ​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥ ខ្ញុំ​មើលឃើញ​ថា មិន​បាន​បន្ថែម​តម្លៃ​លើ​ការ​ទាក់ទាញ​ខ្លាំងក្លា​ទេ ដោយសារ​ការ​វិនិយោគ​ភាគច្រើន​ទៅ​លើ​វិស័យ​កាត់ដេរ » ។

លោក​បន្ត​ថា ៖« បើ​និយាយ​ក្នុង​ន័យ​សេដ្ឋកិច្ច​វិញ ជំរុញ​ការ​វិនិយោគ​ឱ្យ​តម្លៃ​កសិកម្ម​យើង​​បាន​ថ្លៃ ក៏​មិន​បាន​ជួយ​ប៉ុន្មាន​ដែរ តែ​វា​អាច​ជួយ​ផលិតផល​មួយ​ចំនួន​ដែល​មាន​តម្លៃ​ខ្ពស់ ធ្វើ​ឱ្យ​ភាគរយ​នៃ​ថ្លៃដើម​ដឹក​ជញ្ជូន​មាន​តម្លៃ​ទាប បើ​ប្រៀបធៀប​នឹង​ថ្លៃដើម​នៃ​ការ​ផលិត » ។

បើ​តាម​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ក្រោយ​ពី​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥​ចប់​រួចរាល់​សម្រាប់​​ការ​អភិវឌ្ឍ​បន្ទាប់ គឺ​វិស័យ​កសិឧស្សាហកម្ម និង​ទេសចរណ៍ ជា​ចំណុច​បន្ទាប់​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ពេល​ខាង​មុខ ។ ចំណុច​នេះ ប្រាកដ​ណាស់​នឹង​មាន​ចំណាប់អារម្មណ៍​ពី​វិនិយោគិន​ខាងក្រៅ ព្រោះ​ពេល​ផ្លូវ​ធ្វើ​បាន​ល្អ ការ​ដឹក​ជញ្ជូន​ចំណាយ​ថ្លៃដើម​ទាប ថែម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​ថវិកា​នៅ​តាម​តំបន់​ព្រំដែន​ទៀត​ផង ។ ដូច្នេះ ការ​ទាក់ទាញ​វិនិយោគិន​បាន​កាន់​រឹង​មាំ និង​ខ្លាំងក្លា​ជាង​ពេល​មុន ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា (JICA)​។ គម្រោង​នេះ គឺ​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាម រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ប្រវែង​សរុប​៣៦៦​គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ ។

ចំពោះ​ការ​សាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​ដែល​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង មាន​ទទឹង​សរុប​២៣​ម៉ែត្រ មាន​ប្រវែង​សរុប​៣០៤​គីឡូម៉ែត្រ ដោយ​ក្រាល​ជំនួស​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល ។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា ចំពោះ​ការ​អនុវត្ត​នីតិវិធី​ក្នុង​ការ​សាងសង់ ត្រូវ​បាន​បែងចែក​ជា​៣​គម្រោង​ធំ​ៗ​រួម​មាន ៖

១-​ផ្នែក​ខាងជើង ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរី​សោភ័ណ​) ប្រវែង​៨៤,៧៤​គីឡូម៉ែត្រ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​១៤៣,០៤​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​៣​ឆ្នាំ ។

២-​ផ្នែក​ខាងត្បូង ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ប្រវែង​១៣៥,២៥​គីឡូម៉ែត្រ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​២៤៦,៣៥​លាន​ដុល្លារ និង​ត្រូវការ​រយៈពេល​៤​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ ហើយ​ក្នុង​នោះ​ចែក​ចេញ​ជា​៣​គឺ ៖ កញ្ចប់​ការងារ​ទី​១ មាន​ប្រវែង​៤១,៥៤​គីឡូម៉ែត្រ (​ផ្លូវ​វាង​ឧដុង្គ ប្រវែង​៥,២​គីឡូម៉ែត្រ​)​។ កញ្ចប់​ការងារ​ទី​២ មាន​ប្រវែង​៤២,៥០​គីឡូម៉ែត្រ (​ផ្លូវ​វាង​កំពង់ឆ្នាំង ប្រវែង​១២,០៧​គីឡូម៉ែត្រ​) និង​កញ្ចប់​ការងារ​ទី​៣ មាន​ប្រវែង​៥១,២០​គីឡូម៉ែត្រ ។

៣-​ផ្នែក​កណ្តាល ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត​) ប្រវែង​១៤៦,០៤​គីឡូម៉ែត្រ ចែក​ចេញ​ជា​៥​កញ្ចប់​ការងារ ។ កញ្ចប់​ការងារ​ទី​១ មាន​ប្រវែង​១៩,៨​គីឡូម៉ែត្រ (​ផ្លូវ​វាង​ក្រុង​ពោធិ៍សាត់ ប្រវែង​១១,៦៩​គីឡូម៉ែត្រ​)​។ កញ្ចប់​ការងារ​ទី​២ មាន​ប្រវែង​៤៧​គីឡូ ម៉ែត្រ​។ កញ្ចប់​ការងារ​ទី​៣ មាន​ប្រវែង​៤៤,១​គីឡូម៉ែត្រ ។ កញ្ចប់​ការងារ​ទី​៤ មាន​ប្រវែង​៣៥,៤​គីឡូម៉ែត្រ និង​កញ្ចប់​ការងារ​ទី​៥ ការ​ស្ថាបនា​ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​​ចំនួន​៦​ទីតាំង ក្នុង​នោះ​មានការ​ស្ថាបនា​ថ្មី​៣​ស្ថានីយ និង​នៅ​លើ​ទីតាំង​ចាស់​៣​ស្ថានីយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ