ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ជួសជុល​បំណែក​កុលាលភាជន៍​បុរាណ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប​៖ សម្ភារ​ប្រើប្រាស់​បុរាណ​ដែល​បុព្វបុរស​បាន​ផលិត​ឡើង​ពី​ដី​ដុត​ដូច​ជា ក្អម ខួច ចាន ពែង ជាដើម ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​កំណត់​ឈ្មោះ​ជា​រួម​ថា កុលាលភាជន៍ (Ceramic)…

ខេត្តសៀមរាប​៖ សម្ភារ​ប្រើប្រាស់​បុរាណ​ដែល​បុព្វបុរស​បាន​ផលិត​ឡើង​ពី​ដី​ដុត​ដូច​ជា ក្អម ខួច ចាន ពែង ជាដើម ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​កំណត់​ឈ្មោះ​ជា​រួម​ថា កុលាលភាជន៍ (Ceramic) ។ រយៈពេល​ជាង​២០​ឆ្នាំ​នៃ​ការ​ធ្វើ​កំណាយ អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ដៃគូ​បរទេស​បាន​រក​ឃើញ និង​ប្រមូល​បំណែក​កុលាលភាជន៍​បាន​ជាង​៩​ម៉ឺន​បំណែក យក​មក​រក្សា​ទុក​ក្នុង​អង្គភាព​កុលាលភាជន៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

បច្ចុប្បន្ន​ក្រុមការងារ​នៃ​អង្គភាព​កុលាលភាជន៍​អង្គរ​កំពុង​ចុះបញ្ជី និង​ជួសជុល​នូវ​បំណែក​​ធំ​ៗ ដើម្បី​ឲ្យ​លេច​ចេញ​ជា​រូបរាង​ដើម​នៃ​កុលាលភាជន៍​បុរាណ​ឡើង​វិញ ។ រហូត​មក​ទល់​ពេល​នេះ​អ្នកជំនាញ​សម្រេចការ​ជួសជុល​បាន​ចំនួន​១៩​កុលាលភាជន៍ និង​កំពុង​​បន្ត​ជួសជុល​នូវ​បំណែក​ផ្សេង​ៗ​ទៀត ។

លោក​ធី សេរី​វុ​ឌ្ឍ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា និង​ទទួល​បានការ​បណ្តុះបណ្តាល​បន្ថែម​លើ​ការ​ជួសជុល​កុលាលភាជន៍​បុរាណ ដែល​កំពុង​បំពេញការងារ​ផ្នែក​ជួសជុល​នៅ​ក្នុង​អង្គភាព​នេះ​បាន​បញ្ជាក់​ថា ការងារ​ជួសជុល​កុលាលភាជន៍​បុរាណ​ត្រូវធ្វើ​ឡើងជា​៥​ដំណាក់កាល គឺ​ការ​សម្អាត កា​រត​ភ្ជាប់ ការ​បំពេញ​ចន្លោះ​ដោយ​ម្នាងសិលា ការ​លាបថ្នាំ និង​ការ​ចុះ​លេខ​បញ្ជី ។

លោក​សេរី​វុ​ឌ្ឍ ពន្យល់​បន្ត​ថា ដំណាក់កាល​ទី​១ ជា​ដំណាក់កាល​សម្អាត​កម្ចាត់​សារធាតុ​អំបិល​ដែល​តោង​ស្អិត​នៅ​ជាប់​កុលា​ភាជន៍​ចេញ​ដោយ​យក​កុលាលភាជន៍​ទៅ​ត្រាំ​ទឹក​ស្អាត ។

ដំណាក់កាល​ទី​២ គឺ​ពង្រឹង​មុខកាត់​ដែល​បែក រួច​យក​បំណែក​កុលា​ភាជន៍​ទាំងនោះ​មក​ផ្គុំ​បញ្ចូល​គ្នា​ដើម្បី​រក​បំណែក​ដែល​បាត់ ឬ​ខូចខាត ។

ដំណាក់កាល​ទី​៣ គឺ​ត្រូវ​ប្រើប្រាស់​ម្នាងសិលា​យក​មក​បិទ​បំពេញ​ចន្លោះ ក្នុង​ករណី​ដែល​បំណែក​កុលា​ភាជន៍​មានការ​បាត់បង់​ត្រង់​ចំណុច​រឹង​មាំ ។

ដំណាក់កាល​ទី​៤ គឺ​លាប​ពណ៌​លើ​ម្នាងសិលា​ដើម្បី​ឲ្យ​ពណ៌​ស៊ីគ្នា​នឹង​កុលាលភាជន៍ ។

ដំណាក់កាល​ទី​៥ ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ គឺ​អ្នក​អភិរក្ស​ត្រូវ​ចុះបញ្ជី​សារពើ​ភណ្ឌ​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី​ប្រវត្តិ​នៃ​ការ​ជួសជុល​កុលាលភាជន៍នីមួយ​ៗ ដើម្បី​ទុកជា​ឯកសារ ។

កុលាលភាជន៍​ដែល​បាន​ជួសជុល​ហើយនឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជូន​សាធា​រណ​ជន​ចូល​ទស្សនា នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ ។ តាម​រយៈ​ពិព័រណ៍​នេះ​នឹង​ជួយ​​ឲ្យ​សាធារណជន​បាន​យល់​ដឹង​អំពី​តម្លៃ​បេតិកភណ្ឌ បណ្តុះ​ចិត្តគំនិត​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ