ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចម្រុះ​ចុះ​បោះបង្គោល​ព្រំ​ដី​រដ្ឋ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ គណៈកម្មការ​ចម្រុះ រួម​មាន​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ក្រុង​-​ខេត្ត មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ គណៈកម្មការ​ចម្រុះ រួម​មាន​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ក្រុង​-​ខេត្ត មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត មេធាវី​របស់​អាជ្ញាធរ​អប្សរា និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ធ្វើ​សកម្មភាព​ដាំ​បង្គោល​កំណត់​ព្រំ​ដី ក្រោយ​ពី​ក្រុមហ៊ុន​របស់​លោកស្រី លី អ៊ុំ​អេ​ង បាន​អភិវឌ្ឍន៍ និង​ចាក់​ដី​លុប​បំពេញ​លើ​ដី​របស់​រដ្ឋ ដែល​ស្ថិត​នៅ​ពី​ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក ភុំ ប៊ុ​ន​ផា​ន់ មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ចុះ​ដាំ​បង្គោល​កំណត់​ព្រំ​ដី​នេះ គឺ​ដើម្បី​បែងចែក​ឲ្យ​ដាច់​រវាង​ដី​កម្មសិទ្ធិឯកជន និង​ដី​រដ្ឋ ចៀសវាង​ទំនាស់​ទៅ​ថ្ងៃក្រោយ ។ លោក​បញ្ជាក់​ថា លោកស្រី លី អ៊ុំ​អេ​ង បាន​អភិវឌ្ឍន៍​លើ​ដី​ផ្ទាល់ខ្លួន ដោយ​បាន​ចាក់​ដី​បំពេញ​ដោយ​ទាំង​ដី​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ថែម​ទៀត ។ មេធាវី​នៅ​មិន​ទាន់​អាច​កំណត់​ផ្ទៃដី​ដែល​ត្រូវ​គេ​ចាក់​រំលោភ​បាន​នៅឡើយ តែ​លោក​អះអាង​ថា មាន​ទំហំ​ប្រហាក់ប្រហែល​ជិត​២​ហិ​កតា ។

នៅ​ពេល​ក្រុមការងារ​ចម្រុះ​កំពុង​ដាំ​បង្គោល​នោះ​ដែរ ភ្លាម​ៗ​លោកស្រី លី អ៊ុំ​អេ​ង ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​កាន់​ឯកសារ និង​បាន​អះអាង​ថា ជា​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​របស់​លោកស្រី ។ លោកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រោង​នឹង​ប្តឹង​ទៅ សម្តេច​នាយក​រដ្ឋមន្ត្រី ព្រោះថា​អាជ្ញាធរ​ជាតិ​អប្សរា មិន​ព្រម​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ​១៥៨ ដែល​រាជរដ្ឋាភិបាល​សម្រេច​កាត់​ដី​បុរី​សណ្ឋាគារ ទៅ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​វិញ ។

តាម​អនុក្រឹត្យ​លេខ​១៥៨ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​បុរី​សណ្ឋាគារ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​វិញ ។ ប៉ុន្តែ​មាត្រា​២ នៃ​អនុក្រឹត្យ​បាន​ចែង​ច្បាស់​ថា «​ការ​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ ចំពោះ​ក្បាលដី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​អប្សរា​មិន​ទាន់​បាន​ដោះស្រាយ​គោលនយោបាយ ហើយ​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​» ។

ឯ​មាត្រា​៣ «​ប្រគល់​ជូន​អាជ្ញាធរ​អប្សរា​គ្រប់គ្រង​នូវ​ផ្ទៃដី​ទាំងឡាយ​ណា ដែល​បាន​ដោះស្រាយ​គោលនយោបាយ​រួច​ហើយ​»​។ មេធាវី​លោក ភុំ ប៊ុ​ន​ផា​ន់ បានឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​អំឡុង​ពេល​លោកស្រី លី អ៊ុំ​អេ​ង ចាក់​ដី​បំពេញ​លើ​ដី​អភិវឌ្ឍន៍​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៧​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ទប់ស្កាត់​ដែរ ដោយ​មាន​ដាំ​បង្គោល​បំណង​មិន​ឱ្យ​រថយន្ត​ដឹក​ដី​ចូល​ចាក់​បន្ត តែ​ត្រូវ​បាន​លោកស្រី លី អ៊ុំ​អេ​ង ដក​បង្គោល​នោះ​ចោល ។

យ៉ាងណា ក៏​ដោយ​សកម្មភាព​ដឹក​ដី​បាន​បន្ត​ធ្វើ​ក្រោយ​លោកស្រី លី អ៊ុំ​អេ​ង បាន​ដាក់​លិខិត​សុំ​អនុញ្ញាត​ទៅ​សាលាខេត្ត​សៀមរាប តែ​មាន​ភ្ជាប់​លក្ខខណ្ឌ​មុន​នឹង​អនុញ្ញាត គឺ​ការ​ប្រើប្រាស់​ផ្លូវ​៦០​ម៉ែត្រ ត្រូវ​មាន​ស្នើ​សុំ​ទៅ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មុន​សិន ។ ជាក់ស្តែង​មិន​ដូច្នោះ​ទេ លោកស្រី លី អ៊ុំ​អេ​ង ថែម​ទាំង​ចាក់​ដី​ដោយ​ទាំង​ដី​រដ្ឋ​ទៀត ។ នេះ​ជា​ការ​ពន្យល់​របស់​លោក​មេធាវី ភុំ ប៊ុ​ន​ផា​ន់ ។ តាម​ការ​បញ្ជាក់​របស់​លោក ភុំ ប៊ុ​ន​ផា​ន់ ករណី​ដែល​លោកស្រី លី អ៊ុំ​អេ​ង បន្ត​ដក​បង្គោល​កំណត់​ព្រំ ដែល​គណៈកម្មការ​ចម្រុះ​បាន និង​កំពុង​ធ្វើ​នេះ វា​ជា​បទល្មើស​ជាក់ស្តែង ហើយ​លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ លោកស្រី លី អ៊ុំ​អេ​ង អាយុ​៤៥​ឆ្នាំ មុខរបរ​ទិញ​ដី​លក់​ដី ដែល​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​ចេញ​មុខ​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​លើ​ដី​ទំនាស់​រវាង​អាជ្ញាធរ​អប្សរា និង​ដី​របស់​លោកស្រី​រៀបរាប់​ប្រាប់​ថា «​ដី​ដែល​នាង​ខ្ញុំ​នេះ កំពុង​ប្តឹងផ្តល់​គ្នា​តុលាការ ព្រមទាំង​នាង​ខ្ញុំ បាន​ប្តឹង​ទៅ​សម្ដេច​តេ​ជោ មិន​ទាន់​ដឹង​ខាង​ណា​ឈ្នះ​ផង បែរជា​ខាង​អាជ្ញាធរ​ក្រុង​-​ខេត្ត និង​ខាង​អប្សរា នាំ​គ្នា​យក​បង្គោល​មក​បិត​លើ​ដី​របស់​នាង​ខ្ញុំ ហាក់បីដូចជា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ព្រោះ​នាង​ខ្ញុំ​មាន​ប្លង់​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី​ចេញ​ដោយ​សូ​រិ​យោ​ដី​ខេត្ត ត្រឹមត្រូវ​ផង​ដែរ មិនមែន​ខ្ញុំ​ទៅ​លួច​ដី​គេ​ទេ ។ ដូច្នេះ​នាង​ខ្ញុំ និង​ប្តឹង​បន្ត​ទៀត រហូត​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​តែងតែ​ជួយ​ប្រជាពលរដ្ឋ ។​»

សូម​បញ្ជាក់​ផង​ដែរ បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផ្ទៃដី​ដែល​ត្រូវ​បាន​រំលោភ​នោះ មាន​ទំហំ​ប្រមាណ​ជិត​២​ហិ​កតា ដូច្នេះ​គណៈកម្មការ​ចម្រុះ ដែល​មាន​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលាខេត្ត​សៀមរាប បាន​ចុះ​ដាំ​បង្គោល​កំណត់​ព្រំ​ដី​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ដែល​ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ការ​ចុះ​ដាំ​បង្គោល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ដី​រំលោភ​លើ​ដី​រដ្ឋ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ