ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​គន្លឹះ​ពិនិត្យ​រថយន្ត​មួយ​ទឹក មុន​នឹង​សម្រេចចិត្ត​ទិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កំណើន​រថយន្ត​ជជុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​កើន​ឡើង និង​មាន​ចំនួន​ច្រើន​ដដែល​បើ​ធៀប​នឹង​រថយន្ត​ថ្មី​ៗ ។ កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ទិញ​រថយន្ត​យក​ទៅ​ប្រើប្រាស់​ជួប​ការ​លំបាក ដែល​អ្នកខ្លះ​ទិញ​បាន​រថយន្ត​ល្អ​តែ​ក៏​មាន​អ្នកខ្លះ​ទៀត​ទិញ​ប៉ះ​រថយន្ត​កាត់​ជា​២-៣​កំណាត់…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កំណើន​រថយន្ត​ជជុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​កើន​ឡើង និង​មាន​ចំនួន​ច្រើន​ដដែល​បើ​ធៀប​នឹង​រថយន្ត​ថ្មី​ៗ ។ កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ទិញ​រថយន្ត​យក​ទៅ​ប្រើប្រាស់​ជួប​ការ​លំបាក ដែល​អ្នកខ្លះ​ទិញ​បាន​រថយន្ត​ល្អ​តែ​ក៏​មាន​អ្នកខ្លះ​ទៀត​ទិញ​ប៉ះ​រថយន្ត​កាត់​ជា​២-៣​កំណាត់ ឬ​រថយន្ត​ដែល​បុក​ខូច​ទ្រង់ទ្រាយ​ដើម ហើយ​យក​ទៅ​កែកុន​ឡើង​វិញ ។

លោក សៅ រឹ​ទ្ធី អ្នកជំនាញ​មើល​រថយន្ត​មួយ​រូប បាន​ចែកចាយ​ពី​គន្លឹះ​សំខាន់​ៗ​សម្រាប់​អ្នកមាន​បំណង​ស្វែងរក​ទិញ​រថយន្ត​មួយ​ទឹក​ប្រើប្រាស់ ។ ជាក់ស្ដែង សម្រាប់​រថយន្ត​មាន​បុក​ឬ​អត់ គេ​ត្រូវ​មើលទៅ​លើ​ការ​បាញ់ថ្នាំ​ឡើង​វិញ​នៅ​កន្លែង​អាថ៌​កំបាំង​នៃ​រថយន្ត ពោល​​គឺ​ផ្នែក​ខាង​មុខ​ក្បែរ​ម៉ាស៊ីនរថយន្ត ។ លោក​ថា ៖« ឡាន​បើ​មាន​បុក​ហើយ មិន​អាច​នៅ​ទ្រង់ទ្រាយ​ដើម​បាន​ឡើយ បើ​ទោះបីជា​បាញ់ថ្នាំ និង​ប៉ូ​លា​ថ្នាំ​ថ្មី​ឡើង​វិញ​ក៏​ដោយ ក៏​វា​នៅ​មាន​កន្លែង​ណាមួយ​អាច​ចំណាំបាន​ដែរ ។ ដូចនេះ បើ​ថ្នាំ​វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា មាន​ន័យ​ថា ឡាន​នោះ​មានការ​បុក ឬ​ប៉ះទង្គិច​ហើយ » ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​លោក​បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្ដាញ​យូ​ធូប ក៏​បាន​ប្រាប់​ពី​គន្លឹះ​មើល​រថយន្ត​ក្រឡាប់ ឬ​រថយន្ត​កាត់ត​ផង​ដែរ​។ អ្នកទិញ​រថយន្ត​ត្រូវ​មើល​នៅ​ត្រង់​ទ្វារ និង​ជុំវិញ​រថយន្ត​ទាំងមូល ប៉ុន្តែ​ត្រូវ​មើល​នៅ​កន្លែង​អាថ៌​កំបាំង​ឲ្យ​បាន​ច្បាស់​ផង​ដែរ ។ រថយន្ត​កាត់ត​ហើយ​យក​មក​ផ្សារ​បាញ់ថ្នាំ​ថ្មី​ឡើង​វិញ មើល​នឹង​ភ្នែក​មិនដឹង​ទេ ប៉ុន្តែ​ត្រូវ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ និង​ប្រើប្រាស់​ដៃ​ស្ទាប​ថ្នម​ៗ​នៅ​កន្លែង​សំខាន់ ។

លោក​បន្ត​ថា ការ​កាត់ត​រថយន្ត​មាន​ច្រើន​បែប ច្រើន​សណ្ឋាន និង​ច្រើន​កន្លែង ។ កន្លែង​ត្រូវ​ពិនិត្យ គឺ​នៅ​ត្រង់​ទ្វារ​ជាប់​នឹង​តួ​រថយន្ត​តែ​ម្ដង ហើយ​ត្រូវ​ប្រៀបធៀប​ជាមួយ​រថយន្ត​ថ្មី​ដែល​មិន​កាត់ត តើ​វា​មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ណាខ្លះ ។ រថយន្ត​ថ្មី ពេល​ស្ទាប​វា​គ្មាន​ដុំ​ក្រមរ ឬ​ពក​ឡើយ ចំណែក​រថយន្ត​កាត់ត គេ​យក​មក​ផ្សារ អីចឹង​ហើយ​ត្រូវ​តែ​មាន​ដុំ​ពក និង​ក្រមរ​នៅ​ត្រង់​កន្លែង​ផ្សារ​នោះ ។ លើស​ពី​នេះ ក៏​ត្រូវ​ពិនិត្យ​នៅ​កន្លែង​ណា​ដែល​លាក់បាំង​ពី​ភ្នែក​ផង​ដែរ ។

លោក​បន្ថែម​ថា អ្នកទិញ​រថយន្ត ត្រូវ​ចេះ​មើល​ដោយ​ខ្លួនឯង​ទៅ​លើ​សាច់ដែក​នៃ​តួ​រថយន្ត ព្រោះ​នៅ​ត្រង់​ទ្វារ​រថយន្ត និង​តួ​រថយន្ត​មាន​ស្រទាប់​ដែក​ជា​ផ្នត់​ៗ ហើយ​បើសិនជា​មានការ​កាត់ត​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​ស្នាម​ភ្លាម ឬ​នៅ​ពេល​ស្ទាប​មាន​អារម្មណ៍​ថា កន្ទួល​ត្រង់​កន្លែង​កាត់ត​នោះ ។ អីចឹង រាល់ពេល​ស្ទាប​ត្រូវ​យកចិត្ត​ដាក់​បំផុត បើ​ពុំនោះ​ទេ នឹង​មិន​ទទួល​បាន​រថយន្ត​ស្អាត​ល្អ​ប្រើប្រាស់​ឡើយ ។

បើ​តាម​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​បញ្ជាក់​ថា បរិមាណ​រថយន្ត​ជជុះ​កំពុង​ចរាចរ​នៅ​លើ​ដងផ្លូវ គឺ​ស្មើ​រហូត​ដល់​៨០% ទៅ​៨៥%​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ