ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MFI វិនិយោគ​កាន់តែ​ច្រើន​លើ​បច្ចេកវិទ្យា​ដើម្បី​សម្រួល​ដល់​អ្នក​ប្រើប្រាស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ (MFI) នានា​បាន​និង​កំពុង​វិនិយោគ​កាន់តែ​ច្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ ។ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​លោក ជា…

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ (MFI) នានា​បាន​និង​កំពុង​វិនិយោគ​កាន់តែ​ច្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​លោក ជា ផល្លា​រិ​ន បាន​ថ្លែង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា គ្រឹះស្ថាន​របស់​លោក​បាន​និង​កំពុង​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ឆ្នាំ​២០១៨​នេះ លោក​គ្រោង​នឹង​វិនិយោគ​ជាង​១​លាន​ដុល្លារ​លើ​ប្រព័ន្ធ​នេះ​ដើម្បី​សម្រួល​ដល់​សង្វា​ក់​ការងារ​ផ្ទៃក្នុង ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​អតិថិជន ព្រោះ​បច្ចេកវិទ្យា​វា​ជួយ​ឲ្យ​មាន​ភាព​ចំណេញ​ច្រើន ទាំង​ពេលវេលា និង​សាច់​ប្រាក់ ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ផលប​ត្រ​របស់​យើង និង​ជួយ​សម្រួល​ដល់​ការ​ទូទាត់​សាច់ប្រាក់​ជាមួយ​អតិថិជន ដែល​ពួក​គេ​មិន​ចាំបាច់​មក​កាន់​ការិយាល័យ​របស់​យើង គឺ​ពួក​គេ​អាច​ប្រើប្រាស់​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ដៃ ឬ​ស្មា​ត​ហ្វូ​ន » ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុ​ន មុនី បាន​ទទួលស្គាល់​ថា បច្ចេកវិទ្យា ពិតជា​មាន​ចំណុច​ល្អ​ច្រើន និង​ជា​ការ​បង្ហាញ​ពី​វឌ្ឍនភាព​របស់​យើង​ដើម្បី​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​កម្ពុជា​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​កម្រិត​នៅឡើយ​។ ហេតុនេះ យើង​ត្រូវ​អប់រំ​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​ដំណើរការ​កាន់តែ​ទូលំទូលាយ ។

លោក សាយ សូ​នី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ប្រា​សាក់​បាន​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ជា​យូរ​មក​ហើយ តាម​រយៈ​ប្រព័ន្ធ E Payment, ATM, Smart Phone និង Internet ជាដើម ដើម្បី​ជួយ​សម្រួល​ការងារ​ឲ្យ​បាន​លឿន​ជាង​មុន និង​មិនសូវ​មាន​កំហុស​ផ្សេង​ៗ​កើតឡើង ដោយសារ​វា​ជួយ​សម្រួល​ការងារ​បាន​ច្រើន ជាង​ការ​ធ្វើ​ដោយ​ដៃ​ដែល​ខាត​ពេលវេលា ។

លោក​បន្ត​ថា​៖ « ទោះជា​យើង​ប្រើ ប្រាស់​បច្ចេកវិទ្យា​កាន់ តែ​ច្រើន​ក្តី ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ យើង​មិនឃើញ​មាន​ប៉ះពាល់​ដល់​ការងារ​ទេ ពោល​គឺ​គ្មាន​ការ​កាត់​បន្ថយ​បុគ្គលិក​ទេ មាន​តែ​រើស​បុគ្គលិក​បន្ថែម​ទៀត » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​បច្ចេកវិទ្យា ពិតជា​ជួយ​សម្រួល​ច្រើន​ក្នុង​សេវាកម្ម​ទូទាត់​សាច់ប្រាក់ ដែល​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ប្រាក់ និង​ទទួល​បាន​សេវា​កម្ម ក៏​ដូច​ជា​ព័ត៌មាន​ច្បាស់លាស់​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ