ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​មាន​និន្នាការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ជា​បន្តបន្ទាប់​។ កា​រវិ​វត្ត​នៃ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​នេះ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​ប្រតិបត្តិការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ការ​ទិញ​លក់​តាម​អន​ឡាញ (E-Commerce), ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ ខណៈ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ជា​បន្តបន្ទាប់​។ កា​រវិ​វត្ត​នៃ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​នេះ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​ប្រតិបត្តិការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ការ​ទិញ​លក់​តាម​អន​ឡាញ (E-Commerce), ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់ QR Codes សម្រាប់​ការ​ទូទាត់​ទំនិញ និង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​តាម​អេ​ឡិច​ត្រូ​និក​លំដាប់​ពិភពលោក​ជាដើម ។

តួយ៉ាង ប្រព័ន្ធ​សម្រាប់​សេវាកម្ម​ទូទាត់​រហ័ស (Fast Payment) ដែល​ជា​ប្រព័ន្ធ​ទូទាត់​រាយ​​អេ​ឡិច​ត្រូ​និក​ភ្លាម​ៗ ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ កាលពី​ដំណាច់ឆ្នាំ​២០១៧ ហើយ​ប្រព័ន្ធ Cambodia Shared Switch ត្រូវ​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​នៃ​គ្រឹះស្ថាន​ធនាគារ​មួយ​ប្រើ​ប្រាស់​ប័ណ្ណ​ទូទាត់​ឥណទាន​ពន្ធ​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹ​ម និង​ម៉ាស៊ីន POS របស់​គ្រឹះស្ថាន​ដទៃ​ទៀត ។ នេះ​យើង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា កន្លង​មក ។

សេចក្ដី​ប្រកាស​ដដែល​បន្ដ​ថា សេវា​ទូទាត់​រហ័ស (Fast Payment) ជា​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​សង​ប្រាក់​ជា​ប្រាក់​រៀល​ឆ្លង​គ្រឹះស្ថាន​ដែល​អាច​ឱ្យ​អតិថិជន​ទទួល​បាន​ប្រាក់​ភ្លាម​ៗ ។ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ជូន​បងប្អូន ឬ​មិត្តភក្តិ និង​ទូទាត់​សង​ប្រាក់​លើ​ការ​ទិញ ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ដើម្បី​អាច​ប្រើប្រាស់​សេវា​នេះ​បាន អតិថិជន​គ្រាន់​តែ ទៅ​គ្រឹះស្ថាន​ធនាគារពាណិជ្ជ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ជា​សមាជិក ឬ​សាខា​គ្រឹះស្ថាន​ទាំងនោះ ដែល​មា​នទី​តាំងនៅ​ជិត​លោក​អ្នក នៅ​ទូ​ទាំង​ខេត្ត​-​ក្រុង​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​ខ្លួន​ដល់​មន្ត្រី​ផ្តល់​សេវា និង​ធ្វើ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ទាំងនោះ ជា​ការ​ស្រេច ។

បច្ចុប្បន្ន អតិថិជន​អាច​ប្រើប្រាស់​សេវា​នេះ​នៅ​តាម​ការិយាល័យ ឬ​សាខា​របស់​គ្រឹះស្ថាន​ទាំង​១៣​ដែល​ជា​សមាជិក រួម​មាន ធនាគារ​អេ​ស៊ី​លី​ដា​, កម្ពុជា​សាធារណៈ​, កា​ណា​ឌី​យ៉ា​, វឌ្ឍន​អាស៊ី (​អេ​ប៊ី​អេ​), ធនាគារ​វិនិយោគ និង​អភិវឌ្ឍ​កម្ពុជា (​ប៊ី​អាយ​ឌី​ស៊ី​), ធនាគារ​ហ្វី​លី​ព​, ស្ថាបនា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អង្គរ​មីក្រូហិរញ្ញវត្ថុ (​អេ​អឹ​ម​ខេ​), វី​សិន​ហ្វា​ន់​, ប្រា​សាក់​, អម្រឹត​, ក្រេ​ឌី​ត និង​ហត្ថា​កសិករ ហើយ​ឆាប់​ៗ​នេះ អតិថិជន​អាច​ប្រើប្រាស់​សេវា​នេះ​នៅ​តាម​ការិយាល័យ ឬ​សាខា​របស់​គ្រប់​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដទៃ​ទៀត ដែល​កំពុង​ដាក់​ពាក្យ​ចូល​ជា​សមាជិក​សេវា​ទូទាត់​រហ័ស ។

អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​ទូទាត់​រហ័ស គឺ​ផ្តល់​ភាព​ងាយស្រួល រហ័ស មាន​ប្រសិទ្ធភាព​ខ្ពស់ និង​អាច​ជឿ​ទុកចិត្ត​បាន ជា​ពិសេស អាច​ឱ្យ​អតិថិជន​ទទួល​បាន​ប្រាក់​ភ្លាម​ៗ ដែល​អាច​ឱ្យ​ពួក​គេ​យក​ប្រាក់​ទាំងនោះ​ទៅ​ប្រើប្រាស់​បាន​តាម​តម្រូវការ​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ​ដែរ ការ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា សេវា​ប្រើ QR Code អាច​កាត់​បន្ថយ​ការ​ខាតបង់​តាម​រយៈ​ការ​ប្រើ​សាច់​លុយ​សុទ្ធ និង​ការពារ​ហានិភ័យ​ពី​ការ​ឆក់​ប្លន់ ឬ​លុយ​ដាច់​រហែក​ជាដើម ។

បច្ចេកវិទ្យា​នេះ​កាត់​បន្ថយ​ការ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើ​លុយ​សុទ្ធ និង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​មួយ​ទៅ​គណនី​មួយទៀត​បាន​ដោយ​ងាយស្រួល ។ យ៉ាងណាមិញ បច្ចេក​វិទ្យា​នេះ ហាក់​មិន​ទាន់​មាន​ភាព​ពេញ​និយម​នៅឡើយ​ទេ​នៅ​កម្ពុជា ។

ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹងផង​ដែរ​ថា ៖« ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ទូទាត់ ធនាគា​ជាតិ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ទាំងនេះ​ឱ្យធ្វើ​ប្រតិបត្តិការ​អនុលោម​​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ដែល​ការណ៍​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​អាច​អភិវឌ្ឍន៍ និង​ដាក់​ឱ្យ​ប្រើប្រាស់​សេវាកម្ម​ថ្មី ដោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន » ។

ថ្លែងប្រាប់​សហការី​សារព័ត៌មាន​កោះសន្ដិភាព នា​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ម្សិលមិញ លោក វី​ន​សិន លីង (Vincent Ling) អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន UnionPay ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ទូ​ទាំង​ពិភពលោក បាន​លើក​ឡើង​ថា បច្ចុប្បន្ន និន្នាការ​នៃ​ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ប្រើប្រាស់​កាត​ឥណទាន (Credit Care)​និង​ឥណ​ពន្ធ (Debit Card) កំពុង​កើនឡើង​នៅ​កម្ពុជា ស្រប​ពេល​យុវជន​កំពុង​មាន​កំណើន​ខ្ពស់ ហើយ​លោក​មាន​ជំនឿ​ថា និន្នាការ​នេះ​នឹង​បន្ដ​កើនឡើង​ថែម​ទៀត ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​បន្ដ​មាន​កំណើន​រឹង​មាំ និង​ការ​រីក​ច​ម្រើ​នៃ​បច្ចេកវិទ្យា ។

ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​នេះ លោក​ថា វាទ​ទួល​បាន​អត្ថប្រយោជន៍​លើស​ពី​ការ​ចាយវាយ​តាម​លុយ​សុទ្ធ និង​មាន​សុវត្ថិភាព​ខ្ពស់ ។

លោក វី​ន​សិន លីង ថ្លែង​ថា ៖« ការ​ប្រើប្រាស់​សេវា​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា រហ័ស​ទាន់ចិត្ត សុវត្ថិភាព​ខ្ពស់ មិន​បារម្ភ​ពី​ការ​បាត់បង់ ចោរ​ឆក់​ឬ​ប្លន់ ងាយស្រួល​ដាក់​តាម​ខ្លួន និង​ចាយវាយ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស » ។

លោក​បញ្ជាក់​ថា ៖« គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​របស់​លោក​បាន​ផ្ដល់​កាត​ជូន​អតិថិ​ជន​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់​ហើយ និង​បាន​សហការ​ជាមួយ​ធនាគារ​នៅ​កម្ពុជា​ចំនួន​១៥ ក្នុង​នោះ ៥​ធនាគារ​មាន​សិទ្ធិ​ចេញ​កាត​ជូន​អតិថិជន ដើម្បី​ប្រើប្រាស់​នៅ​តាម​ព្រ​លាន​យន្ដហោះ បណ្ដា​ភោជនីយដ្ឋាន ហាង​លក់ទំនិញ និង​សណ្ឋាគារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មាន​បំពាក់​ស្លាក UnionPay »​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ មាន​ប្រសាសន៍​ថា និន្នាការ​ប្រើ​ប្រាស់​​លុយ​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកលលោក​ទាំងមូល ដែល​ប្រទេស​អភិ​វឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ហើយ​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។

លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន មនុស្ស​ប្រើ​ស្មា​ត​ហ្វូ​ន​ស្ទើរ​គ្រប់​គ្នា ទើប​​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​បណ្ឌិត​ពន្យល់​បន្ថែម​ថា ដោយសារ​ល្បឿន​នៃ​ការ​ប្រើប្រាស់​លុយ​លឿន បាន​ជំរុញ​​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន​ជាង​មុន និង​សកម្មភាព​សេដ្ឋកិច្ច​មាន​កំណើន​ផង​ដែរ។

លោក​បណ្ឌិត ម៉ី កល្យាណ ថា ៖« ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច​មាន​ទ្រឹស្តី​នៃ​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង​ក៏​លឿន​ដែរ » ។

បើ​ទោះបី​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា លួច​ចូល​យក​ទិន្នន័យ (Hacker) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ