ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបដិសេធ​របស់ថៃ​គឺ​ជា​ការ​មិន​គោរព​​ អ.ស.ប និង​អាស៊ាន​​អាច​នឹង​​ទទួល​​​វាសនា​​អាក្រក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​ក្រសួងការ​ពារជាតិ លោកឈុំ សុជាតិ បាន​មាន​ប្រសាសន៍​​​​នាព្រឹកថ្ងៃទី​​​២៣ មីនា ​២០១១ ថា ជំហរ​របស់​​​កម្ពុជា​នៅតែ​​ឱ្យប្រទេស​​​ឥណ្ឌូ​ណេ​ស៊ី​​​ក្នុងនាម​​ជា​ប្រធាន​អាស៊ាន ​ចូលរួម​ជា​អ្នក​សង្កេត​ការណ៍​​​នៅក្នុង​​កិច្ចប្រជុំ​​នានា​រវាង​​​កម្ពុជា-​ថៃ​​ក៏ដូចជា​​​​មក​អង្កេត​មើល​​​ពីបទ​ឈប់​បាញ់​ដដែល​ ។ ​ការ​​ថ្លែង​របស់​លោកឈុំ ​សុជាតិ អ្នកនាំពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​​យ៉ាង​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​មេ​​ទ័ព​​ថៃ​ លោក​​ឧត្តមសេនីយ៍​​​ប្រាយុទ្ធ ​​ចាន់អូចា ​​បាន​និយាយ​​​កាល​​ពីថ្ងៃអង្គារ​ម្សិលមិញ​​ថា ថៃ​​បាន​សម្រេច​មិន​​ទៅចូលរួម​កិច្ច​​​ប្រជុំ​គណៈ​កម្មការ​ព្រំដែន​ទូទៅថៃ­​-​កម្ពុជា (GBC) លើកទី​៨ ​​​ដែល​គ្រោង​​​នឹងធ្វើឡើង​​នៅទីក្រុង​​បូហ្គ័រ ​ប្រទេស​ឥណ្ឌូណេស៊ី ​​នាថ្ងៃទី​​៧ និង​​​៨ មេសា ខាង​មុខ​នោះ​​ទេ ​ដោយនៅ​​តែ​​ចចេស​ថា កិច្ច​​ពិភាក្សា​​​ណាមួយ​ត្រូវតែ​ធ្វើជា​លក្ខណៈ​ទ្វេ​ភាគី ។ ​

​ឧត្តម​សេនីយ៍​ប្រាយុទ្ធ​​​​បាននិយាយ​ថា ​​យើង​នឹង​​មិន​ទៅទេ ។ យើង​មិន​ចង់បាន​​​កិច្ចប្រជុំ​​ដែលធ្វើ​​នៅប្រទេស​​ទី​៣​ទេ ។ ទាហាន​នៃប្រទេស​ទាំង​​២ មាន​​​ភាពជិត​ស្និទ្ធ​នឹង​គ្នា​ណាស់ ។ ​​កិច្ច​​ពិភាក្សា​​គួរ​ធ្វើ​​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​​​២​ប៉ុណ្ណោះ ​ហើយ​ភាគី​​ទី​​៣ មិនគួរ​​​ពាក់ព័ន្ធ​​ទេ ។ ​លោកប្រាយុទ្ធ ​ក៏​បានច្រានចោល​​សំណើ​របស់​​​​កម្ពុជា​​​សម្រាប់​បង្កើត​​​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ចំនួន​១៥​កន្លែង ​ដែល​រួម​គ្នា​​​ប្រចាំ​ការ​នៅ​​ទីនោះ​​ដោយ​ទាហានថៃ និង​កម្ពុជា​​នៅ​តំបន់​ជម្លោះ​​​​៤,៦​គីឡូ​ម៉ែត្រ ដើម្បី​សម្រួល​​​ដល់​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូ​ណេ​ស៊ី ។ ​ថ្លែង​​តាមទូរស័ព្ទ​​ប្រាប់​កោះសន្តិភាព​​​នៅព្រឹក​​ថ្ងៃ​ពុធ ទី​២៣ មីនា នេះ អ្នកនាំពាក្យ​​ក្រសួងការ​ពារ​ជាតិ​​ លោក​ឧត្តម​សេនីយ៍​​​ឯក​ឈុំ សុជាតិ ​បាន​​ចាត់​ទុក​​ ការលើកឡើង​​របស់​​មេទ័ព​ថៃ​ដូច​ខាងលើ​​នេះ គឺ​បញ្ជាក់យ៉ាង​ច្បាស់​ថា ​​ថៃ​មិន​​គោរព​​តាម​សេចក្តី​​សម្រេច​នៃ​​កិច្ចប្រជុំ​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​អង្គការ​​​សហប្រជាជាតិ​​ថ្ងៃទី​១៤ កុម្ភៈ និង​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​​ការបរទេស​​អាស៊ាន ​នៅទីក្រុង​​ហ្សាកាតា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​ថ្ងៃទី​​​២២ កុម្ភៈ ​កន្លងមកនេះទេ​ ។​

គួរបញ្ជាក់​ថា កិច្ច​ប្រជុំ​គណៈ​​កម្មការ​​ទូទៅ​ថៃ-​កម្ពុជា​ហៅ​​កាត់​​ជា​ភាសា​អង់គ្លេស​​ថា GBC នោះ តាម​គម្រោង​​នឹង​ត្រូវ​​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​​បូ​ហ្គ័រ ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី​​២៤ និង​​២៥ មីនា ខាង​មុខ ​ប៉ុន្តែ​​​ដោយសារតែ​​ភាគីថៃ​​អះអាង​ថា ពុំមាន​​​ពេលវេលា​​គ្រប់គ្រាន់​​ក្នុង​ការចូលរួម​​ក្នុងកិច្ច​​ប្រជុំ​នេះ ទើប​ពន្យារ​ពេលទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​​៧ ទី​៨ មេសា ​២០១១ ខាងមុខនេះ​វិញ ។ គណៈ​កម្មការ​ទូទៅថៃ-​កម្ពុជា​​នេះ មានរដ្ឋ​​មន្ត្រី​​ក្រសួង​​ការពារជាតិ​នៃ​​ប្រ​ទេស​ទាំង​​​២ជា​សហ​ប្រធាន ។ ​​ទាក់ទង​ទៅនឹង​សំណួរ​​របស់​កោះ​សន្តិ​ភាព​​ដែលសួរ​ថា ​ប្រសិន​បើ​កិច្ចប្រជុំ​​គណៈ​កម្ម​ការ​ទូទៅថៃ​​-​កម្ពុជា ភាគីថៃ​​មិន​ចូលរួម តើ​ជំហរ​​របស់​​កម្ពុជា​​នឹង​ធ្វើអ្វីជា​បន្ត​នោះ អ្នកនាំពាក្យ​​ក្រសួងការពារជាតិ​លោក​ឧត្តមសេនីយ៍​​​ឯក​ឈុំ សុជាតិ ​បានបញ្ជាក់​ថា ពេល​វេលានៅ​​យូរ​ដែរ ដូច្នេះ​អ្វីៗ​អាច​នឹង​មាន​ការ​​ផ្លាស់ប្តូរ ៕