ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​8​ចំណុច​កំពុង​កើត​មាន​ក្នុង​សង្វា​ក់​ផលិតកម្ម​កសិកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ជាមួយនឹង​សមិទ្ធ​ផល​ជា​ច្រើន​ក្នុង​វិស័យ​កសិកម្ម​សម្រេច​បាន​នា​ពេល​កន្លង​មក កម្ពុជា​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​កំពុង​កើត​មាន​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​ផលិតកម្ម​កសិកម្ម ក្នុង​នោះ​បញ្ហា​សំខាន់​ជាងគេ​មាន​៨​ចំណុច​កំពុង​ជួប​ប្រទះ និង​ត្រូវ​មាន​វិធានការ​ដោះស្រាយ ។ ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​កសិកម្ម​កន្លង​មក លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ជាមួយនឹង​សមិទ្ធ​ផល​ជា​ច្រើន​ក្នុង​វិស័យ​កសិកម្ម​សម្រេច​បាន​នា​ពេល​កន្លង​មក កម្ពុជា​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​កំពុង​កើត​មាន​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​ផលិតកម្ម​កសិកម្ម ក្នុង​នោះ​បញ្ហា​សំខាន់​ជាងគេ​មាន​៨​ចំណុច​កំពុង​ជួប​ប្រទះ និង​ត្រូវ​មាន​វិធានការ​ដោះស្រាយ ។

ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​កសិកម្ម​កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ក្នុង​សង្វា​ក់​ផលិតកម្ម​កសិកម្ម​នា​ពេល​បច្ចុប្បន្ន មាន​បញ្ហា​ប្រឈម​៨​ចំណុច​សំខាន់​ៗ​ដូច​ជា ៖

១-​បញ្ហា​ទាក់ទង​នឹង​ធាតុ​ចូល​កសិកម្ម រួម​មាន ពូជ ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ។

២-​ពុំ​ទាន់​កំណត់​ផែនទី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ភូមិសាស្ត្រ​នីមួយៗ និង​ការ​ប្រែប្រួល​អាកាសធាតុ ។

៣-​ការ​ផ្ដល់​បច្ចេកទេស​កសិកម្ម​ដល់​កសិករ សហគមន៍​កសិកម្ម នៅ​មិន​ទាន់​ឆ្លើយ​តប​គ្រប់គ្រាន់​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​ទំហំ​ផលិតកម្ម​កសិកម្ម​នៅឡើយ ។

៤-​ផលិតកម្ម​ក្នុងស្រុក​ពុំ​ទាន់​បាន​បំពេញ​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ និង​មានការ​នាំ​ចូល​បន្លែ ។

៥-​ពិបាក​រក​ទីផ្សារ​ផលិតផល​កសិកម្ម គឺ​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បញ្ហា​ថ្លៃដើម​ផលិតកម្ម និង​កៃ​ច្នៃ​ខ្ពស់ ។

៦-​បទល្មើស​ចលនា​សត្វ ការ​លួច​នាំ​ចូល​ផលិតផល​កសិកម្ម​ដោយ​ខុសច្បាប់​នៅ​តាម​ច្រកព្រំដែន ព្រមទាំង​បទល្មើស​ព្រៃឈើ​ជលផល ទំនាស់​ដីធ្លី ការ​ហ៊ុម​ព័ទ្ធ​ដី​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ កង្វះ​ធនធានមនុស្ស និង​ថវិកា​សម្រាប់​គាំទ្រ​គោលនយោបាយ និង​បច្ចេកទេស ការ​ផ្ដល់​កិច្ចសហការ និង​ការ​សម្របសម្រួល​យន្តការ​ស្ថាប័ន​នៅ​មាន​កម្រិត ។

៧-​ការ​ជំរុញ​ការ​អភិវឌ្ឍ​តាម​វិស័យ​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​ឧស្សាហកម្ម​នៅ​មាន​ល្បឿន​យឺត មិន​ទាន់​មាន​ភាព​ឆ្លើយឆ្លង និង​ប្រទាក់ក្រឡា​គ្នា​នៅឡើយ ។

៨-​ការ​ប្រែប្រួល​របប​ពាណិជ្ជកម្ម​ដែល​បណ្ដាល​មក​ពី​និន្នាការ​គាំពារ​និយម និង​ការ​ហូរ​ត្រឡប់​ទៅ​វិញ​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​តម្រូវ​ឱ្យ​កម្ពុជា​ពង្រឹងសមត្ថភាព​ទីផ្សារ​ក្នុងស្រុក និង​ខិតខំ​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ការ​ចូលរួម​ក្នុង​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់ ។

បើ​ទោះបីជា​បញ្ហា​ប្រឈម​ទាំងនេះ​កំពុង​កើត​មាន​ក្នុង​សង្វា​ក់​ផលិតកម្ម​សព្វថ្ងៃ ប៉ុន្តែ​ដើម្បី​​ដោះស្រាយ​បញ្ហា ក៏​ដូច​ជា​តម្រង់​ទិស​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក្រសួង​កសិ​កម្ម​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​វិធានការ​ពង្រីក និង​ធ្វើ​ទំនើប​កម្ម​សហគ្រាស​កសិ​កម្ម​ធុន​តូច និង​មធ្យម និង​ពង្រឹងសមត្ថភាព​សហគមន៍​កសិកម្ម​ឱ្យ​មាន​លក្ខណៈ​អាជីព ដោយ​ជំរុញ​ឱ្យ​អនុវត្ត​បច្ចេកវិទ្យា​សម​ស្រប និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ។ ក្រសួង​ក៏​លើកកម្ពស់​ការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន ក្នុង​ការ​គ្រប់គ្រង​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម ដើម្បី​ផ្សារ​ភ្ជាប់​កសិករ​ខ្នាត​តូច​ទៅ​នឹង​ទីផ្សារ​តាម​អភិក្រម​ភាព​ជា​ដៃគូ​រវាង​រដ្ឋ ឯកជន ផលិតករ និង​សហគមន៍ ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​ត្រូវ​តម្រង់​ទិស​ការ​ជួយ​គាំទ្រ​ទាំងឡាយ ពិសេស​ការ​ផ្តល់​បច្ចេក​ទេស ផលិតកម្ម ប្រើប្រាស់​ពូជ​សុទ្ធ​មាន​ទិន្នផល​ខ្ពស់ ស្រប​តាម​តម្រូវការ​ទីផ្សារ និង​បច្ចេកទេស​ដាំ​ដុះ​ថែទាំ រហូត​ដល់​ពេល​ប្រមូល​ផល ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ក្រសួង​បន្ត​លើកកម្ពស់​វិធាន​អនាម័យ និង​ភូតគាម​អនាម័យ ដោយ​យកចិត្តទុកដាក់​ទៅ​លើ​យន្តការ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​បច្ចេកវិទ្យា ដើម្បី​សម្រួល​ពាណិជ្ជកម្ម សមាហរណកម្ម សេដ្ឋកិច្ច និង​ទទួល​បាន​ទីផ្សារ​ផលិតផល​កសិកម្ម​ក្នុង​តំបន់ និង​អន្តរជាតិ » ។

ទន្ទឹម​នឹង​នេះ បង្កើត​ក្រុមការងារ​សម្របសម្រួល​ថ្នាក់​ខេត្ត ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​ស្រូវ​អង្ករ​នៅ​មូលដ្ឋាន ។ កិច្ចការ​នេះ​ចាំបាច់​ត្រូវ​តែ​បន្ត​ពង្រឹង​ឱ្យ​បាន​សកម្ម ថែម​ទៀត ដើម្បី​ជួយ​កសិករ និង​ពាណិជ្ជករ​ឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​ឧកញ៉ា សុង សា​រ៉​ន នាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ៖« ទន្ទឹម​នឹង​កសិករ​កំពុង​ជួប​បញ្ហា​ប្រឈម ការ​ចំណាយ​ថ្លៃដើម​ទៅ​លើ​ការ​ទិញ​ប្រេងសាំង និង​ជីគីមី ក៏​មាន​តម្លៃ​ខ្ពស់ ដែល​ត្រូវ​រក​វិធី​យ៉ាងណា​ឲ្យ​តម្លៃ​ចុះថោក ។ លើស​ពី​នេះ យើង​គួរ​ព្យាយាម​ពង្រីក​ផ្លូវទឹក ឬ​ប្រព័ន្ធ​ស្រោចស្រព​សម្រាប់​កសិកម្ម​ជូន​កសិករ​ឱ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​កសិករ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ