ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ប្រជា​មតិ​រដ្ឋ​ធម្មនុញ្ញ​នៅ​អេ​ហ្ស៊ីប​យល់​ស្រប​77%

15 ឆ្នាំ មុន

ការ​កែទម្រង់​រដ្ឋ​ធម្ម​នុញ្ញ​ដែលស្នើ​ឡើង​ដោយ​រដ្ឋ​អំណាច​យោ​ធា​អេ​ហ្ស៊ីប​សំដៅ​រៀបចំ​ឱ្យបាន​ឆាប់​រហ័ស​​នូវ​ការបោះ​ឆ្នោត​ប្រធា​នាធិបតី​ និង​សភា​ដោយ​សេរី និង​ពហុ​បក្ស​ត្រូវ​​បាន​អនុ​ម័ត​​កាលពី​ថ្ងៃទី២០ មីនា ​ដោយស​ម្លេង​ភាគច្រើន​គឺ​ដល់​៧៧% ។ ​ប៉ុន្តែ​អត្រា​នៃ​អ្នក​ចូល​រួម​បោះ​ប្រជា​មតិ​មាន​​ត្រឹមតែ​៤១,២% ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​បោះ​ឆ្នោត​៤៥​លាន​នាក់ ដែលនោះ​ជាការ​ឆ្លុះ​បញ្ចាំង ថា​ ពលរដ្ឋ​អេ​ហ្ស៊ីប​ភាគ​ច្រើន​មាន​ការភ័យ​ខ្លាច​ក្រែង​អតីត​គណបក្ស​កាន់​អំណាច​គឺគណបក្ស​ជាតិ​ប្រជា​ធិបតេយ្យ​ PND  និង​គណ​បក្ស​របស់​ពួក​បង​ប្អូន​អ៊ិស្លាម​ជា​គណ​បក្ស​ប្រឆាំង​សំខាន់​អាច​យក​ចំណេញ​ពីការ​បោះ​​ឆ្នោត​ដ៏​ប្រញាប់​ប្រ​ញាល់នោះ ។
រយៈ​ពេល​៣០​ឆ្នាំ នៃការកាន់អំណាច​អតីត​​ប្រធានាធិបតី​អេហ្ស៊ីប​លោកហូស្នី មូបា​រ៉ាក់ បាន​រាំង​ខ្ទប់​មិន​ឱ្យ​មាន​ក្រុម​ប្រឆាំង​នានា​ដែល​ជា​ប្រភព​នៃការ​ងើប​បះ​បោរ​បណ្តេញ​លោក​ចេញ​ពី​អំណាច​កាលពីថ្ងៃទី១១ កុម្ភៈ ។
ក្នុង​ចំណោម​ចំណុច​នៃ​ការ​កែទំរង់​រដ្ឋ​ធម្ម​នុញ្ញ​​នេះ​មានជាពិសេស​ការកម្រិត​អាណត្តិ​ប្រធានា​ធិបតី​​ត្រឹម​តែ​២​អាណត្តិ​ប៉ុណ្ណោះ​ហើយ​ក្នុង​មួយ​អាណត្តិ​មានរយៈ​ពេល៤ឆ្នាំ​ ។ ពួកយោ​ធា​ដែល​កំពុង​កាន់​អំណាច​នា​ពេលនេះ​ឱ្យ​ដឹង​ថា ខ្លួន​ចង់​ប្រគល់​អំណាច​ដល់​ជន​ស៊ីវិល​​ឱ្យ​បានឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​​ទៅ​បាន ហើយ​ឱ្យ​ដឹង​ថា ​ការ​បោះ​ឆ្នោត​​សភា​​អាច​ធ្វើ​ក្នុង​ខែ​កញ្ញា​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ។ ឥស្សរ​ជន​២​រូប​បាន​ប្រកាស​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​ប្រធានាធិបតី​រួច​ហើយ គឺអគ្គ​លេខា​ធិការ​សម្ព័ន្ធ​អារ៉ាប់​លោក​អាមរ៍ មូសា និងអតីត​នាយក​របស់ទីភ្នាក់​ងារ​​ថាមពល​បរមាណូ​អន្តរ​ជាតិ​លោក​ម៉ូ​ហាម៉េដ អែលបារ៉ាដេ ។ ក្រុម​​បងប្អូន​អ៊ិស្លាម​និយាយ​​ថា​ ពួក​គេ​ នឹង​មិន​មានបេក្ខ​ជន​ប្រធានាធិបតី​ឡើយ៕