ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងក្អយ​ត្រូវបានដោះលែង​វេលា​ម៉ោង​​​៩​យប់មិញ បន្ទាប់ពីដាក់​ប្លង់​ដី លោះ​រថយន្ត​​២គ្រឿង​ប្រគល់​ជូនម្ចាស់​ដើម​វិញ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាងជួន​ ចាន់​រតនា ហៅ​ក្អយ ​តារា​កំប្លែង​​​ល្បីឈ្មោះ​​ ប៉ុន្តែ​បាត់​មុខ​មួយរយៈ​លើ​វេទិកា​​​ក៏ដូចជា​​កញ្ចក់ទូរទស្សន៍​​​​ត្រូវ​បាន​សមត្ថកិច្ច​​ក្រសួងមហាផ្ទៃ​​ដោះលែង​​ឱ្យ​មាន​សេរីភាព​វិញ កាលពី​វេលាម៉ោង​​​៩យប់ថ្ងៃទី​​​២២ មីនា ២០១១ ​បន្ទាប់ពីនាង​ចរចា​ត្រូវ​រ៉ូវ​​ជា​មួយម្ចាស់​​បំណុល​​ (ម្ចាស់​រថយន្ត​) ដោយ​យល់​ព្រម​ប្រគល់​ប្លង់​ដី​​នៅតាម​ផ្លូវ​​ជាតិលេខ​​៣ ម្តុំ​​​វត្ត​ស្លែង​របស់នាង​​​ទៅ​ឱ្យម្ចាស់​រថយន្ត​ ដើម្បី​​ឱ្យ​ម្ចាស់​​​រថយន្ត​បញ្ចេញ​​លុយ​ទៅលោះ​​រថយន្ត​​ដែល​នាង​ក្អយ​​យក​ទៅ​​បញ្ចាំ ។​

​ការ​ដោះលែង​​នេះ ធ្វើ​ឡើងគ្រាន់​​តែ​បញ្ចប់​​សំណុំរឿង​​បណ្តឹង​​ពី​ម្ចាស់បំណុល​​ (ម្ចាស់​​​រថ​យន្ត​) ឈ្មោះ​ទី សុធីតា ​មួយ​ម្ចាស់​ប៉ុណ្ណោះ ​​ចំណែក​ម្ចាស់​បំណុល និង​​​ម្ចាស់​​​រថ​យន្ត​​ជា​ច្រើន​នាក់​​​ទៀត ​កំពុង​​ស្ថិត​ក្នុង​​​ដៃ​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​​​រាជ​ធានីភ្នំពេញ​នៅឡើយ ​ដោយព្រះរាជ​អាជ្ញា​​​កំពុង​​ចាត់​​នីតិវិធី​​ស៊ើប​អង្កេត​​​បឋម ​ដូច្នេះក្នុង​រយៈ​​​ពេលស៊ើប​អង្កេត​​បឋម​នេះ នាង​ក្អយ​​មិន​ត្រូវ​​បានឃាត់ខ្លួន​​ ឬ​ចាប់ខ្លួន​នោះ​ទេ​…​​ប៉ុន្តែ​នៅ​ពេល​​ស៊ើបអង្កេត​​ច្បាស់លាស់​​​​ហើយ​​​​ និង​រក​ឃើញ​​​កំហុស​​​ឆបោកណាមួយ​នោះ តុលាការ​នឹង​​ចេញដីកា​កោះហៅ​…​​​ដីកានាំ​ខ្លួន​…​និង​​ចុង​ក្រោយ​​​ គឺ​ដីកា​ចាប់ខ្លួន​…​។​

គួររំឭក​ថា​ នាង​ជួន ចាន់​រតនា ​​ហៅ​​អយ ឬ​ក្អយ ដែល​ជា​តារា​​កំប្លែង​ល្បី​ឈ្មោះ​បោះ​សំឡេង​តាមកញ្ចក់​ទូរ​ទស្សន៍​​ ​និង​កម្ម​វិធី​ផ្សេងៗ ​កាលពី​ថ្ងៃទី២១ មីនា ​បានត្រូវ​សមត្ថកិច្ច​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​នាំ​ខ្លួន​ពាក់​ព័ន្ធ​​នឹង​បណ្តឹង​ខ្ចី​រថយន្ត​គេ​ច្រើន​គ្រឿង​​បែរ​ជា​យក​ទៅ​បញ្ចាំ ។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​នាង​អយនេះ​​ ត្រូវ​បាន​​មន្ត្រី​​នគរបាលក្រសួង​មហា​​ផ្ទៃ​ឱ្យ​ដឹង​ថា នាង​អយ​ត្រូវ​បាន​ឈ្មោះ​ទី សុធី​តា ប្តឹង​​​ចោទ​ប្រកាន់​ពី​បទ​​​ឆបោ​ក​​យករថ​យន្ត​​របស់គេ​២​គ្រឿង​បើ​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។​​ ដើម​ចម​ក្នុង​បណ្តឹង​នេះ​គឺ​ឈ្មោះ​ទី​ សុធីតា ​មាន​រថ​យន្ត​​២​គ្រឿង​ ​១គ្រឿង​ប្រភេទ​ទួរីស១២​កៅអី និង​១​គ្រឿង​ទៀត​ឡិចស៊ីស​ RX 300 ​ត្រូវ​នាង​អយ​ជួល​យកទៅ​ដឹកសំភារ​សំអាង​ការ​តាមកម្ម​វិធីនានាក្នុង​រាជ​ធានីភ្នំពេញ ។ ពេល​ជួល​រថយន្ត​​ ដើម​បណ្តឹង​ និងនាង​អយ​បាន​ធ្វើ​កិច្ច​​សន្យា​ជួល​ត្រឹម​ត្រូវ ​​មិ​ន​ខ្វះ​ចន្លោះ​ពីផ្លូវ​ច្បាប់​នោះ​ឡើយ តែ​ក្រោយ​ពេល​ជួល​រ​ថយន្ត​នោះ​ហើយ​បាន​តែ​ប៉ុន្មាន​​ថ្ងៃ នាងអយ​ក៏​​យក​រថយន្ត​របស់​ដើម​បណ្តឹង​​ទៅ​បញ្ចាំ​​យក​ប្រាក់ ។

​ក្រោយពី​ទទួល​​ដំណឹង​ថា នាង​អយ​យក​រថ​យន្ត​ទៅ​ដាក់បញ្ចាំ​ខុសពី​កិច្ច​សន្យា​​ជួល​យក​ទៅ​ធ្វើអាជីវកម្ម​នោះ​ ដើម​បណ្តឹង​​បានណាត់​ជួប​នាង ជា​​ច្រើន​លើក​​សុំ​យក​រថ​យន្ត​​មក​វិញ ប៉ុន្តែ​នាង​អយ​ចេះ​តែ​គេច​វេះ ។ ​បន្ទាប់​មក​ទើប​ដើម​បណ្តឹង​​​​​បង្ខំចិត្ត​​ដាក់ពាក្យ​បណ្តឹង​​ទៅ​កាន់​សមត្ថ​កិច្ច​​នគរ​បាល​​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ កំរិត​ធ្ងន់​ក្រសួង​មហាផ្ទៃ ហើយ​នៅ​ថ្ងៃទី២១ មីនា ដើម​បណ្តឹង​​បាន​សហការ​ជាមួយ​សមត្ថកិច្ច​​នាំ​ខ្លួន​នាង​អយ​ទៅក្រសួង​មហា​ផ្ទៃ​​ ដើម្បី​​ឱ្យ​នាង​​យក​រថ​យន្ត​មកប្រគល់​ឱ្យវិញ ។ ប៉ុន្តែ​ជាលទ្ធ​​​ផល​ គឺនាង​អយ​​មាន​តែគ្រឿង​​សំអាង​​ប៉ុណ្ណោះដាក់​តម្កល់​​ចំពោះសមត្ថកិច្ច​ ។​ ចំពោះបណ្តឹង​​មួយករណី​នេះ​គឺ​​គូ​ភាគី​​ទាំង​២កំពុង​ធ្វើ​ការ​សម្រុះ​សម្រួលគ្នា ​ព្រោះ​ ពេល​នេះ​នាង​អយ​បាន​ប្រាប់សមត្ថ​កិច្ច​ថា នាង​មានដី​មួយកន្លែង​នៅ​ខេត្ត​​កំពង់ស្ពឺ​​ តែ​ដីនោះ​​មាន​តម្លៃ​​ត្រឹម​៣.០០០​ដុល្លារប៉ុណ្ណោះ ​និង​មាន​សំភារ​​សំអាង​ការ​មួយចំនួន​ទៀត តែ​អាសយ​ដ្ឋាន​គ្មាន​ទេ គឺ​ជា​ផ្ទះជួល ។​ ដូច្នេះ ​​ប្រការ​នេះ​ហើយ​បាន​ជា​ដើម​បណ្តឹង​​បង្ខំ​ចិត្ត​​ទាម​ទារ​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ​​តាមផ្លូវ​ច្បាប់​​ ព្រោះ​ទឹក​ប្រាក់ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​​លើ​តម្លៃ​រថ​យន្ត​​រក​សង​មិនបានឡើយ ។

ប្រភព​ព័ត៌​មាន​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នាង​ជួន​ ចាន់​រតនា ហៅ​អយ​​ ត្រូវ​​គេប្តឹង​ច្រើនដែល​​សុទ្ធ​តែ​រឿង​​ជួល​រថយន្ត គេ​ជិះបែរ​​ជា​យក​​ទៅបញ្ចាំ​​​ដូច​ខាង​លើ ។ មាន​ដើម​បណ្តឹង​​ពី​ឈ្មោះ​ឈុំ សុគន្ធ​ណា​រិទ្ធ ​និង​ឈ្មោះ​ឈ ប៊ុនឆាយ អស់​រថយន្ត​៥គ្រឿង ​ដែល​សំណុំរឿង​ស្ថិត​លើ​ព្រះ​រាជ​អាជ្ញា​រង​២​រូប កំពុង​ស៊ើប​អង្កេត​បឋម ។ ប្រភព​ព័ត៌​មាន​ពីសាលា​ដំបូង​ដដែល​​បានឱ្យ​ដឹង​ទៀត​ថា ​នាង​អយ​​មិន​មែន​​មានត្រឹម​តែរឿង ប៉ុណ្ណឹង​ទេ ​គឺ​នៅ​ជំពាក់ប្រាក់​គេ​វ័ណ្ឌ​ក​ច្រើន​ទៀត ​ដូច្នេះ​​ទំនង​មិន​អា​ច​គេច​ផុត​ពីការ​ចោទ​ប្រកាន់​តាមផ្លូវច្បាប់នោះ​ឡើយ ​ពោលគឺ​អាច​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក៏​ថា​បាន ។ រហូត​មកដល់​ល្ងាច​ថ្ងៃទី២២ មីនា ​នាង​អយ​ស្ថិត​នៅ​ក្នុងការ​ឃាត់​ខ្លួន​របស់សមត្ថកិច្ច​​ក្រសួង​មហាផ្ទៃ​​នៅឡើយ ៕