ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​កែប​ទទួល​បាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ​2018

6 ឆ្នាំ មុន
  • កែប

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​លើក​ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​​កន្លង​មក ទីក្រុង​កែប​កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ជា​ចំណងដៃ​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។ យោង​តាម​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ឲ្យ​ដឹង​ថា ក្រុងកែប​បាន​ជាប់​ជ័យ​លា​ភី​ទទួល​បាន​ឡា​បិ​ល​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​លើក​ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​​កន្លង​មក ទីក្រុង​កែប​កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ជា​ចំណងដៃ​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ឲ្យ​ដឹង​ថា ក្រុងកែប​បាន​ជាប់​ជ័យ​លា​ភី​ទទួល​បាន​ឡា​បិ​ល​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ពិធី​ចែក​ជ័យ​លា​ភី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០១៨ ក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៨ (ATF 2018) នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ។

សមិទ្ធផល​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ពេល​នេះ កំពុង​តែ​លើក​កិត្យានុភាព​ខេត្ត​និយាយ​ដោយឡែក និង​សម្រាប់​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ ។

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ម្សិលមិញ​ថា មូលហេតុ​ដែល​ទីក្រុង​កែប​ជាប់​ជ័យ​លា​ភី​ទទួល​បាន​ឡា​បិ​ល​ទីក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ថែរក្សា​អនាម័យ ធ្វើ​ឲ្យ​ទីក្រុង​នេះ​ស្រស់​ស្អាត និង​បរិស្ថាន​ល្អ ។

លោក​បន្ដ​ថា ៖« ខេត្ត​កែប​រក្សា​បាន​នូវ​ធម្មជាតិ រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​ល្អ សន្តិសុខ ការ​ការពារ និង​អភិរក្ស​ទាំង​លើគោក លើ​ទឹក ភ្នំ និង​ធនធាន​នៅ​ក្នុង​ខេត្ត​កែប​មាន​គ្រប់​លក្ខណៈ​ទាំងអស់ មិន​ថា​សមុទ្រ ភ្នំ កោះ ឆ្នេរ ព្រៃឈើ ជា​ពិសេស គឺ​កែប​មាន​ឧទ្យាន​ជាតិ​នៅ​ចំ​កណ្ដាល​ទីក្រុង ដែល​យើង​អាច​អភិរក្ស​បាន​នូវ​ព្រៃឈើ ដោយ​គ្មាន​ការ​កាប់​បំផ្លាញ និង​មាន​ទំហំ​ប្រហែល​ជាង​១​ពាន់​ហិ​កតា » ។

លោក​អភិបាលរង​បន្ត​ថា ខេត្ត​កែប​បាន​បំពេញ​គ្រប់​គណៈវិនិច្ឆ័យ​របស់​គណៈកម្មការ​ជំនាញ និង​ក្រោម​ការ​វាយតម្លៃ​ថ្នាក់​អាស៊ាន ហើយ​ចំពោះ​ការ​ប្រកួត​នេះ លោក​ជឿជាក់​ថា គណៈកម្មការ​ពិតជា​មាន​យុត្តិធម៌ សុក្រឹតភាព និង​មាន​ភាព​ច្បាស់លាស់ ព្រោះ​វា​ជា​ថ្នាក់​អន្តរជាតិ មិនមែន​ថ្នាក់​ជាតិ​ទេ ដែល​គ្មាន​ខេត្ត​ណាមួយ​អាច​ទៅ​បញ្ចុះបញ្ចូល​បាន​ឡើយ ហើយ​សម្រាប់​កម្ពុជា គឺ​មាន​តែ​ការ​ខិតខំ​ដោយ​ខ្លួនឯង​ដែល​មាននៅ​ក្នុង​ដៃ​ប៉ុណ្ណោះ ។

ខេត្ត​កែប ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា «​តារា​រះ​នា​ទិសនិរតី​» និង​បាន​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ។

លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក ខេត្ត​កែប​បាន​ទទួល​ពានរង្វាន់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ចំនួន​៣​លើក ។ ក្នុង​នោះ​មាន​ពានរង្វាន់​ថ្នាក់​ជាតិ​រំដួល​៣​ទង ប្រចាំឆ្នាំ​២០១៥-២០១៨, ពានរង្វាន់​ទីក្រុង​មេត្រីភាព​បរិស្ថាន​ឆ្នាំ​២០១៦ និង​ពានរង្វាន់​ទីក្រុង​និរន្តរភាព​អាស៊ាន ឆ្នាំ​២០១៧ ដែល​ផ្ដោត​ទៅ​លើ​ប្រធានបទ​៣ គឺ​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត នៅ​ប្រទេស​ព្រុយ​ណេ ។ អ្វី​ពិសេស​ទៅ​ទៀត គឺ​ក្រុងកែប​បាន​ជាប់​ជ័យ​លា​ភី​ទទួល​បាន​ឡា​បិ​ល ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ពិធី​ចែក​ជ័យ​លា​ភី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៨ (ATF 2018) នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ។

សូម​រំលឹក​ថា នៅ​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍ បាន​យក​ទីក្រុង​ចំនួន​៧ មាន​រាជធានី​ភ្នំពេញ កំពង់ចាម ក្រចេះ កំពត កែប សៀមរាប និង​ព្រះ​សីហ​នុ ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ជ័យ​លា​ភី​ស្ដង់ដា ទីក្រុង​ស្អាត​កម្រិត​តំបន់​អាស៊ាន លើក​ទី​១ នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ។

ដើម្បី​ឲ្យ​ទីក្រុង​កាន់តែ​ស្អាត លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ទាំង​៧ ពង្រឹង​ការ​សម្អាត​បរិស្ថាន​ក្រុង ជា​ពិសេស​ការ​គ្រប់គ្រង​សំរាម សន្តិសុខ សណ្ដាប់ធ្នាប់ និង​បញ្ហា​បង្គន់​អនាម័យ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ