ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាម័យ និង​ភូតគាម​អនាម័យ​មាន​សារ​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​កម្ពុជា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ប្រកាស​ការ​ធ្វើ​សមាហ​រណ​កម្ម​សេដ្ឋកិច្ច​កាលពី​ចុងឆ្នាំ​២០១៥ ឃើញ​ថា លំហូរ​ទំនិញ និង​សេវា​ពី​ប្រទេស​មួយ​ទៅ​មួយ​មាន​លក្ខណៈ​សេរី ដោយ​របាំង​ពន្ធគយ​ត្រូវ​បាន​កាត់​បន្ថយ ជំនួស​មក​វិញ​នូវ​អនាម័យ និង​ភូតគាម​អនាម័យ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ប្រកាស​ការ​ធ្វើ​សមាហ​រណ​កម្ម​សេដ្ឋកិច្ច​កាលពី​ចុងឆ្នាំ​២០១៥ ឃើញ​ថា លំហូរ​ទំនិញ និង​សេវា​ពី​ប្រទេស​មួយ​ទៅ​មួយ​មាន​លក្ខណៈ​សេរី ដោយ​របាំង​ពន្ធគយ​ត្រូវ​បាន​កាត់​បន្ថយ ជំនួស​មក​វិញ​នូវ​អនាម័យ និង​ភូតគាម​អនាម័យ ។ តើ​អនាម័យ និង​ភូតគាម​អនាម័យ​នេះ​មាន​សារ​ប្រយោជន៍​សំខាន់​អ្វីខ្លះ​សម្រាប់​ប្រទេស​កម្ពុជា ?

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ៖« រឿង​អនាម័យ និង​ភូតគាម​អនាម័យ​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ធំ​ៗ​ចំនួន​៤​គឺ

ទី​១-​ការ​អនុវត្ត​ផែនការ​អនាម័យ និង​ភូតគាម​អនាម័យ កម្ពុជា​អាច​ប្រើ​សិទ្ធិ​អធិបតីភាព​របស់​ខ្លួន​ដូចនឹង​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ក្នុង​គោលបំណង​ទប់ស្កាត់​ផល​ប៉ះពាល់​សុខភាព​ដោយ​ទំនិញ​នាំ​ចូល​, ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ ឬ​សមាសធាតុ​ចង្រៃ​នៃ​រុក្ខជាតិ និង​ទប់​ស្តា​ត់​ការ​រាលដាល​ឆ្លង​ជំងឺ​សត្វ ។

ទី​២-​ការ​អនុវត្ត​ផែនការ​អនាម័យ និង​ភូតគាម​អនាម័យ ធ្វើ​ឱ្យ​កម្ពុជា​អាច​រក្សា​ស្ថានភាព​សមាសធាតុ​ចង្រៃ​នៅ​ក្នុង​ប្រទេស​មាន​លក្ខណៈ​ល្អ មាន​ន័យ​ថា បើ​យើង​បើក​ឱ្យ​នាំ​ចូល​ផលិតផល​កសិកម្ម ឬ​ចំណីអាហារ​សេរី​នោះ សមាសធាតុ​ចង្រៃ​នឹង​ហូរ​ចូល​មក​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប្រទេស​យើង​នឹង​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ចង្រៃ ទៅ​ថ្ងៃ​អនាគត ធ្វើ​ឱ្យ​យើង​មិន​អាច​នាំ​កសិផល​ទៅ​ក្រៅប្រទេស​បាន​ទេ ព្រោះ​ហានិភ័យ​នៃ​ការ​រាលដាល​ឆ្លង​មាន​កម្រិត​ខ្ពស់ » ។

លោក​បណ្ឌិត​បន្ត​ថា ៖« ទី​៣-​យើង​អាច​ទទួល​បាន​នូវ​គោលបំណង​រក្សា​សុខភាព​ប្រជា​ពលរដ្ឋ​យើង​ពី​ការ​ហូរ​ទំនិញ​ជា​អាហារ ។ យើង​អាច​ទប់ស្កាត់​បានការ​មិន​ហូរ​ចូល​ប្រទេស​​នូវ​សមាសធាតុ​ចង្រៃ​បំផ្លាញ​ផលិតកម្ម និង​កសិកម្ម និង​ទី​៤-​ការ​ទប់ស្កាត់​មិន​ឱ្យ​ហូរ​ចូល​ដោយ​គំហុក នឹង​បើកឱកាស​ឱ្យ​ផលិតករ កសិករ​ខ្មែរ លើកកម្ពស់​សមត្ថភាព លទ្ធភាព​ផលិតកម្ម ដើម្បី​កុំឱ្យ​មានការ​វាយលុក​ពី​ទំនិញ​ខាងក្រៅ » ។

ទាក់ទង​នឹង​អនាម័យ និង​ភូតគាម​អនាម័យ​នេះ លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ថា សមា​ជិក​ប្រទេស​អាស៊ាន​ទាំងអស់​នៅ​ក្នុង​ក្រុមការងារ​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន​ទាំង​១០ ជួប​ប្រជុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ ក្នុង​កិច្ចព្រមព្រៀង​អនាម័យ និង​ភូតគាម​អនាម័យ ក្រោម​ដំបូល​តែ​មួយ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ យើង​មិន​ខុស​គ្នា​ទេ ខុស​គ្នា​ត្រង់​ថា នៅ​ក្នុង​អាស៊ាន​​មាន​តែ​កម្ពុ​ជាមួយ​ទេ ដែល​គ្មាន​ចំណាត់ការ​ទប់ស្កាត់​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន (មន្ត្រី​ជំនាញ​) ពឹង​ផ្នែក​លើ​ខាង​គយ​ធ្វើ​លើ​ការងារ​នេះ ។

លោក​បណ្ឌិត​បន្ត​ថា ៖« កន្លង​មក យើង​មាន​កិច្ចព្រមព្រៀង​អន្តរ​ស្ថាប័ន​មួយ ដែល​ខាង​សមត្ថកិច្ច​ជំនាញ​ផ្តល់​សិទ្ធិ​ឱ្យ​គេ​មើល (​គយ​) បើ​មាន​បញ្ហា​សង្ស័យ​អ្វីមួយ គេ​ចាំ​ហៅ​យើង​ទៅ​ពិនិត្យ​មើល ឬ​ជូនដំណឹង​មក​យើង ។ ក៏​ប៉ុន្តែ​ជាង​១០​ឆ្នាំ​ហើយ​ការ​ដែល​ខាង​គយ​ធ្វើ យើង​អត់​ដែល​បាន​ទទួល​ការ​ជូនដំណឹង​ណាមួយ​ឡើយ » ។

កម្ពុជា​គ្មាន​មន្ត្រី​ជំនាញ​ផ្នែក​អនាម័យ និង​ភូតគាម​អនាម័យ​ចាំ​ត្រួតពិនិត្យ​នៅ​តាម​ច្រកព្រំ​ដែន​ដូច​ប្រទេស​ផ្សេង​ទេ ។ លោក​បណ្ឌិត​មើលឃើញ​ថា សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ចង់​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ចំណីអាហារ​ផ្សេង​ទៀត ប្រហែល​លំបាក​ជាង​ប្រទេស​ផ្សេង​នាំ​ចូល​មក​កម្ពុជា នេះ​វា​ជា​ការ​ចាញ់​ប្រៀប​គេ​មួយ ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា ចំពោះ​ចំណីអាហារ ចាំបាច់​ត្រូវ​មាន​ស្តង់ដា និង​ការ​បញ្ជាក់​គុណភាព​សុវត្ថិភាព​អនាម័យ និង​ភូតគាម​អនាម័យ ។ របាំង​ភូតគាម​អនាម័យ​ពិតជា​រឹង​មាំ​មែនទែន ហើយ​ពិបាក​នឹង​ងាយ​ឆ្លង​ផុត​ចំពោះ​ឧស្សាហកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា ។

លោកស្រី​បន្ត​ថា ៖« រឿង​អនាម័យ និង​ភូតគាម​អនាម័យ ប្រទេស​គេ​អនុញ្ញាត​ឱ្យ​នាំ​ចូល គេ​ឆែក​មើល​គ្រប់​ជំហាន ត្រួតពិនិត្យ​ម្តង​ហើយ​ម្តងទៀត ។ មុន​យើង​នាំ​ចូល គេ​មក​យក​ផលិតផល​យើង​ត្រួតពិនិត្យ​គុណភាព ទម្រាំ​ស្នើ​សុំ​នាំ​ចូល​ទៅ​បាន ត្រូវ​ចំណាយពេល​ជាង​១​ឆ្នាំ​។ នៅ​ពេល​ដល់​ប្រទេស​គេ​ហើយ គេ​មិន​ទាន់​ឱ្យ​ចូល​ទៀត ត្រូវ​បើក​កុងតឺន័រ​យក​ផលិតផល​យើង​ទៅ​ត្រួតពិនិត្យ​គុណភាព​ថា ពិត​មាន​ស្តង់ដា​អនាម័យ​ហើយ ទើប​គេ​ឱ្យ​យើង​ចូល » ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​កសិកម្ម មាន​ប្រសាសន៍​ថា ការ​យល់​ដឹង​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​អនាម័យ និង​ភូតគាម​អនាម័យ​នេះ មិន​ថា​នៅ​កម្ពុជា​ទេ នៅ​ប្រទេស​​ផ្សេង​ទៀត ក៏​ការ​យល់​ដឹង​នៅ​មាន​កម្រិត​ដែរ ។ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ចង់​ដឹង​ពី​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ អាច​ទាក់ទង​មក​ខាង​អគ្គ​នាយក​កសិកម្ម​ពិភាក្សា​ធ្វើ​យ៉ាងម៉េច​ឱ្យ​ទទួល​បាន​ជោគជ័យ ដោយ​អាច​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ