សំណួរមួយដែលប្រជាជនខ្មែរយើងច្រើនតែចោទសួរគ្រូពេទ្យជាញឹកញាប់មួយនោះគឺថា តើថ្នាំបំប៉នជាតិកាលស្យូមមានសារសំខាន់ ឬល្អចំពោះសុខភាពមនុស្សយើងដែរទេ ? យ៉ាងណាមិញមានគ្រូពេទ្យជាច្រើនតែងតែចេញជាថ្នាំគ្រាប់ប្រភេទនេះដល់អ្នកជំងឺរបស់ខ្លួនដែលមានបញ្ហាឆ្អឹង ឬសន្លាក់ ។ ដូច្នេះបើសិនជាអ្នកនៅតែមានចម្ងល់អំពីការប្រើថ្នាំបំប៉នជាតិកាល់ស្យូមបែបនេះទៀត យកល្អគួរតែចំណាយពេលអានអត្ថបទនេះសិនទៅ ។
មុនពេលប្រើថ្នាំនេះ ចូរវាយតម្លៃទៅលើការហូបចុករបស់អ្នកសិន
បើសិនជារបបអាហារអ្នកសម្បូរជាតិកាល់ស្យូមស្រាប់ដូចជា ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ និងបន្លែពណ៌បៃតងហើយនោះ យកល្អអ្នកមិនបាច់ប្រើថ្នាំគ្រាប់ជាតិកាល់ស្យូមបន្ថែមឡើយ ព្រោះថាអ្នកកំពុងតែទទួលបានជីវជាតិនេះយ៉ាងគ្រប់គ្រាន់រួចទៅហើយ ។
តែងយល់ថាមិនទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីចំណីអាហារ
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាហេតុផលដែលត្រឹមត្រូវឡើយ ។ ទោះបីជាអ្នកជាមនុស្សញ៉ាំអាហារបួសក៏ដោយ កាលណាអ្នកញ៉ាំអាហារមានតុល្យភាព និងញ៉ាំទឹកបានគ្រប់គ្រាន់ វាកម្រនឹងធ្វើឲ្យរាងកាយទទួលបានជាតិកាល់ស្យូមមិនគ្រប់ណាស់។
មនុស្សជាច្រើនគិតថា ថ្នាំបំប៉នជាតិកាល់ស្យូមជួយបង្ការជំងឺពុកឆ្អឹងលើមនុស្សចាស់
យ៉ាងណាមិញ រឿងនេះមិនទាន់ពិតប្រាកដនោះទេ ខណៈពេលដែលការស្រាវជ្រាវជាច្រើនបានអះអាងថា កាល់ស្យូមគ្មានអ្វីអាចជួយបង្ការជំងឺពុកឆ្អឹងលើមនុស្សធំឡើយ ។
មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងជំងឺពុកឆ្អឹង ប៉ុន្តែការញ៉ាំថ្នាំបំប៉នជាតិកាលស្យូមគឺគ្មានអ្វីដែលអាចជួយទប់ស្កាត់បានឡើយ ។
ការប្រើថ្នាំកាល់ស្យូមច្រើននាំឲ្យឈឺក្រពះ ទល់លាមកឡើយ និង ផ្សេងៗទៀត
មានការបារម្ភមួយដែលនិយាយថា ការទទួលទានថ្នាំបំប៉នជាតិកាល់ស្យូមជាទៀងទាត់អាចបង្កជាក្រួសក្នុងតម្រងនោមបាន ប៉ុន្តែរឿងនេះមិនទាន់មានការអះអាងថាត្រឹមត្រូវ ឬអត់នៅឡើយទេ ។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលលើមនុស្សធំនឹងកាន់តែខ្ពស់លើបុគ្គលណាដែលប្រើថ្នាំគ្រាប់បំប៉នជាតិកាល់ស្យូមជាទៀងទាត់ ។
ការសិក្សាផ្សេងទៀតនិយាយថា ថ្នាំបំប៉នប្រភេទនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាកំណកឈាម ដែលនាំឲ្យស្ទះដល់សរសៃឈាម និងចុងក្រោយបង្កការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលតែម្តង ។ ដូច្នេះហើយអ្នកដែលប្រើថ្នាំបំប៉នជាតិកាល់ស្យូមច្រើនពេកប្រឈមខ្ពស់នឹងបញ្ហាអស់ទាំងនេះ ព្រមទាំងបង្កជាជំងឺភ្លេចភ្លាំងលើមនុស្សចាស់ផងដែរ ។
អ្នកជំងឺយល់ថាការប្រើថ្នាំនេះធ្វើឲ្យមានអារម្មណ៍ល្អ
តាមពិតទៅ គឺថាថ្នាំគ្រាប់ជាតិកាល់ស្យូមត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងទម្រងច្រើនប្រភេទណាស់ ហើយក៏មានទម្រង់ខ្លះលាយជាមួយនឹងវីតាមីនDទៀត ។ នេះហើយគឺជាហេតុផលដែលធ្វើឲ្យអ្នកទទួលទានវា មានអារម្មណ៍ល្អ ហើយអារម្មណ៍នេះមិនមែនដោយសារតែកាល់ស្យូមទេ តែដោយសារវីតាមីនD ទៅវិញ ។
ដោយយោងទៅតាមអ្នកជំនាញបានឲ្យដឹងថា របបអាហារជារបស់មនុស្សម្នាក់ជាមធ្យមគឺមានជាតិកាលស្យូមគ្រប់គ្រាន់ ហើយក៏មិនបាច់ប្រើថ្នាំបំប៉នប្រភេទនេះបន្ថែមទៀតដែរ ។ ថ្នាំបំប៉នជាតិកាល់ស្យូមច្រើនតែត្រូវបានគ្រូពេទ្យចេញឲ្យប្រើប្រាស់លើកុមារដែលកំពុងតែលូតលាស់ ស្ត្រីមានផ្ទៃពោះ ម្តាយបំបៅដោះកូន និងអ្នកជំងឺបាក់ឆ្អឹង ឬញ៉ាំអាហារមិនបានគ្រប់គ្រាន់ប៉ុណ្ណោះ ។
ក្រៅពីនេះថ្នាំបំប៉នជាតិកាល់ស្យូមក៏ធ្វើឲ្យមានបញ្ហាច្រើនជាងផ្តល់ប្រយោជន៍ដល់រាងកាយទៅវិញទេ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែចេញជាវីតាមីន D ដល់អ្នកជំងឺប្រើប្រាស់ ឬឲ្យពួកគេចំណាយពេល៣០នាទី ជារៀងរាល់ថ្ងៃក្នុងការហាលថ្ងៃដើម្បីជំរុញដល់ការបង្កើនជាតិកាល់ស្យូមក្នុងរាងកាយ ៕
ចែករំលែកព័តមាននេះ