ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​កែ​ទម្លាប់​ការ​លែងគោ​ចោល​បែប​អនាធិបតេយ្យ​តទៅ​ទៀត​ទៅ (​មាន​វីដេអូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់​បន្ទាប់​ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួច ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកស្រែ ដែល​មាន​ចិញ្ចឹម​គោ​នោះ តែងតែមាន​ទម្លាប់​មួយ​លែង​គោ​ចោល​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ​ដោយ​មិន​បាន​ឃ្វាល​នោះ​ទេ ។ ពួក​គាត់​បាន​លែងគោ​ចេញពី​ក្រោល​នៅ​វេលា​ព្រឹក និង​ដេញ​វា​ឲ្យ​ផុត​តែ​ពី​ផ្ទះ​ចង់​ពួក​វា​ដើរទៅ​ស៊ី​នៅ​កន្លែង​ណា​ក៏​ទៅ​ៗ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់​បន្ទាប់​ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួច ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកស្រែ ដែល​មាន​ចិញ្ចឹម​គោ​នោះ តែងតែមាន​ទម្លាប់​មួយ​លែង​គោ​ចោល​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ​ដោយ​មិន​បាន​ឃ្វាល​នោះ​ទេ ។

ពួក​គាត់​បាន​លែងគោ​ចេញពី​ក្រោល​នៅ​វេលា​ព្រឹក និង​ដេញ​វា​ឲ្យ​ផុត​តែ​ពី​ផ្ទះ​ចង់​ពួក​វា​ដើរទៅ​ស៊ី​នៅ​កន្លែង​ណា​ក៏​ទៅ​ៗ ។ បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការងារ​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ដល់​វេលា​ថ្ងៃត្រង់​ឬ​វេលា​រសៀល ម្ចាស់​គោ​ខ្លះ​ក៏​បាន​តាម​ទៅ​មើល​គោ​របស់​ខ្លួន​មួយ​ភ្លែត​ដើម្បី​ឲ្យ​ដឹង​ថា គោ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​កន្លែង​ណា​ប៉ុណ្ណោះ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ។ រហូត​ដល់​វេលា​ល្ងាច​ជិត​យប់​ទើប​ដេញ​ប្រមូល​វា​ចូល​ក្រោល​វិញ រីឯ​គោ​ខ្លះ​វា​បាន​វិល​ត្រឡប់​ចូល​ក្រោល​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ម្ចាស់​ទៅ​តាម​រក​ដេញ​វា​ឡើយ ។

ចំណែកឯ​ម្ចាស់​គោ​ខ្លះ​ទៀត ក្រោយ​ពេល​លែងគោ​ចេញពី​ក្រោល​រួច ពួក​គាត់​មិន​បាន​ខ្វល់​តាម​ទៅ​មើល​ទេ លុះ​រហូត​ដល់​វេលា​ល្ងាច​ជិត​យប់​ទើប​ចេញ​តាម​រក​ដេញគោ ក្រោយ​ពេល​មិនឃើញ​វា​ត្រឡប់​មក​ផ្ទះ​វិញ ។ មាន​អ្នកខ្លះ​ក៏​រក​ឃើញ​គោត្រ​ឡប់​មក​ផ្ទះ​វិញ​តាម​បំណង និង​អ្នកខ្លះ​ទៀត​បាត់​រក​មិនឃើញ ហើយ​ពួក​គាត់​មិន​ត្រឹមតែ​ពឹងពាក់​ឲ្យ​អ្នក​ជិតខាង​ជួយ​តាម​រក​ប៉ុណ្ណោះ​ទេ ថែម​ទាំងរ​ត់រក​គ្រូ​ហោរា​ឲ្យ​ជួយ​ទស្សន៍​ទាយ​គន់គូរ​រកគោ​របស់​ខ្លួន​ថែម​ទៀត​ផង ហើយ​ខ្លះ​ក៏​តាម​រក​ឃើញ​មក​វិញ និង​ខ្លះ​ទៀត​បាត់​រហូត​តែ​ម្ដង ។

បញ្ហា​ខាងលើ​មិន​ខុស​ពី​ពាក្យ​មួយ​ដែល​គេ​តែង​និយាយ​ថា មាន​មាស​១​ជី​ឬ​២​ជី ខំ​វេច​ផង​ខ្ចប់​ផង​ទុកដាក់​ក្នុង​ទូ​ត្រឹមត្រូវ​ព្រោះ​ខ្លាច​ចោរលួច បាត់ ។ ប៉ុន្តែ​គោ​ក្នុង​១​ក្បាល​តម្លៃ​ពី​៥០០​ទៅ​១០០០ ឬ​១៥០០​ដុល្លារ បែរជា​លែង​ចោល​មិន​ខ្លាច​ចោរលួច​ឬ​បាត់បង់​សោះ នេះ​គឺជា​ទម្លាប់​មួយ​ដែល​គួរតែ​កែ​ឲ្យ​អស់​ទៅ ។

គោ​ដែល​លែង​ចោល​មាន​បញ្ហា​ប្រឈម​ជា ច្រើន​ណាស់​ដូច​ជា​៖
ទី​១-​ការ​បាត់បង់​ដោយ​ចោរលួច​ចាប់​យក​ទៅ​លក់​ទាំង​ថ្ងៃ

ទី​២-​បាត់​ដោយសារ​តែ​ពួក​វា​ដោយ​ញី​ដោយ​ឈ្មោល ។ គោ​ឈ្មោល​ដើរ​ស្វែងរក​មេគោ ដល់ទី​ឆ្ងាយ​រហូត​ដល់​វង្វេង​ទៅ​តាម​ហ្វូងគោ​ផ្សេង​ទៀត ។

ទី​៣-​ត្រូវ​ងាប់​ដោយ​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​ឬ​អន្លុង​ជាដើម​នៅ​ពេល​ដែល​ពួក​វា​រក​ទឹក​ផឹក

ទី​៤-​រដូវប្រាំង​ជា​រដូវក្ដៅ​ដែល​ងាយ​ឲ្យ​គោ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ខ្លាំង​ណាស់

ទី​៥-​ថ្វី​ដ្បិតតែ​រដូវប្រាំង​ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​តាម​ស្រែ​រួចរាល់​មែន ប៉ុន្តែ​ក៏​មាន​ដំណាំ​ផ្សេង​ៗ​នៅ​តាម​ផ្ទះ​អ្នកស្រុក​តាម​បណ្ដា​ភូមិ​នានា​ដែល​ផ្ទះ​ខ្លះ​មាន​របង និង​ខ្លះ​អត់​របង​ទេ ។ គោ​បាន​ចូល​ទៅ​ស៊ី​ដំណាំ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​ក្ដៅក្រហាយ​វាយ​ឬ​កាប់​គោ​ឲ្យ​របួស ពិការ ដែល​បង្ខំចិត្ត​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​លក់​ក្នុង​តម្លៃ​ថោក​ៗ​ទៅ​ឲ្យ​ឈ្មួញ​។

ទី​៦-​សម័យនេះ​មានការ​អភិវឌ្ឍ​នៅ​តំបន់​ស្រុកស្រែ​ចម្ការ មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​មិនមែន​ប្រើ​ចង្កៀងប្រេងកាត​ឬ​អា​គុយ​បំភ្លឺ​ដូច​មុន​ទេ ហើយ​ពេល​គោ​ដើរ​ស៊ី​ស្មៅ​នៅ​ក្បែរ​បង្គោល​ភ្លើង​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ងាប់​ជា​បន្តបន្ទាប់​ទៀត​ផង ។

ទី​៧-​ប៉ះពាល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​ថែម​ទៀត​ផង ហើយ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​នានា​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​គោ​ខាតបង់ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ការ​លែងគោ​ចោល​នៅ​រដូវប្រាំង​ក្រោយ​ពី​ការ​ប្រមូល​ផល​ស្រូវ​រួច មិនមែន​ទើបតែ​អនុវត្ត​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​ទម្លាប់​តាំងពី​យូរយារ​មក​​ហើយ ។ ព្រោះ​រដូវប្រាំង​នៅ​ស្រុកស្រែ​គ្មាន​ដំណាំ​ដែល​ឲ្យ​គោ​ស៊ី​នាំ​ឲ្យ​មានការ​ខាតបង់​នោះ​ទេ ម្យ៉ាងទៀត​វា​ខុស​ពី​ខែវស្សា​ដែល​សម្បូរ​ស្មៅ​អាច​ចង​គោ​ឲ្យ​ស៊ី ឬ​ច្រូត​ដាក់​ទ្រុង​ឱ្យ​គោ​ស៊ី​ក៏​បាន​ដែរ ។

ដូច្នោះ​ហើយ​ទើប​តាំងពី​ដើម​រៀង​មក ពលរដ្ឋ​មួយ​ចំនួន​តែង​នាំ​គ្នា​លែង​ចោល​នៅ​ខែ​ប្រាំង​ឲ្យ​វា​ដើរ​ស៊ី​ជញ្ជ្រាំង​ស្រូវ​ពេល​ថ្ងៃ ហើយ​ដល់​ពេល​ល្ងាច​កៀង​ចូល​ក្រោល យប់​ឡើង​ដាក់​ចំបើង​ឲ្យ​ស៊ី​ថែម ។ ដោយឡែក​នៅ​ដើមខែ​វស្សា​ជា​ពេល​ដែល​ចាប់ផ្ដើម​សាប​ព្រោះ​ដក​ស្ទូងស្រូវ ទើប​ពួក​គាត់​ចាប់ចង​ព្រោះ​ខ្លាច​ស៊ីសំ​ណាប​។​មិនតែប៉ុណ្ណោះ​មួយ​រយៈពេល​ដែល​លែងគោ​ចោល​នោះ ពួក​គាត់​បាន​ទំនេរ​ពី​ការ​ឃ្វាលគោ​មក​ធ្វើ​ការងារ​ផ្ទះ​និង​ប្រកប​របរ​រកស៊ី​ផ្សេង​ៗ​បាន ។

ដោយឡែក អាជ្ញាធរ​សង្កាត់​និង​ឃុំ​មួយ​ចំនួន​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែល​មាន​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ​ច្រើន​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​សង្កាត់​និង​ឃុំ​បាន​អនុវត្ត​តាម​គោលការណ៍​របស់​សាលា​ខណ្ឌ​និង​ស្រុក ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង​និង​យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​លែងគោ​ចោល​នេះ ។

អាជ្ញាធរ​បាន​ឲ្យ​ពួក​គាត់​ចង​ឬ​ដាក់​ក្រោល​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ឲ្យ​គាត់​កែ​ទម្លាប់​អាក្រក់​លែងគោ​ចោល​បែប​នេះ​ចេញ ដើម្បី​រួមចំណែក​នៅ​ក្នុង​សង្គម​និង​ចៀសវាង​មានការ​ខាតបង់ ព្រោះ​គោ​ជា​កម្លាំង​អូស​ទាញ​យ៉ាង​សំខាន់​ក្នុង​ការងារ​បង្កបង្កើន​ផល និង​ប្រកប​របរ​កសិកម្ម ។ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​ចងការ​លុយ​ធនាគារ​ទិញ​វា​ដើម្បី​ប្រើ​ប្រាស់​ទៀត​ផង ដូច្នេះ​គួរតែ​យកចិត្តទុកដាក់​ថែរក្សា​វា​ឲ្យ​បាន​ល្អ​មិន​គួរ​លែង​ចោល​តទៅ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ