ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​2​ភាគី​និយាយ​ពី​ជ័យជម្នះ អាំង សំអាត ផ្ដួល​ជើង​ខ្លាំង​ថៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ត្រូវ​បាន​បញ្ចប់​យ៉ាង​ខកចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ កីឡាករ​ថៃ ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​ជើង​ខ្លាំង នៅ​ពេល​កីឡាករ​រូប​នេះ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ អាំង សំអាត…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ត្រូវ​បាន​បញ្ចប់​យ៉ាង​ខកចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ កីឡាករ​ថៃ ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​ជើង​ខ្លាំង នៅ​ពេល​កីឡាករ​រូប​នេះ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ អាំង សំអាត បែរជា​ត្រូវ​ខ្ចប់​ក្នុង​ទឹក​ទី​២​ទាំង​មិន​អស់ចិត្ត ។

ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មក​រា ម្នាក់​ៗ​បាន​កត់សម្គាល់​ឃើញ​ថា កីឡាករ​ទាំង​ពីរ​វាយ​គ្នា​ខ្លាំង​ផង និង​មិនសូវ​ខ្លាំង​ផង ដោយសារ​តែ​ការ​ប្រកួត​នៅ​មាន​កម្រិត ។ កីឡាករ អាំង សំអាត ត្រូវ​បាន​គេ​ទាយ​តាំងពី​ដើម​ទី​ថា​នឹង​មិន​អាច​ឈ្នះ​ការ​ប្រកួត​បាន​ទេ ដោយ​សារ​កីឡាករ​ថៃ​គឺ​គេ​ល្អ​ខ្លាំង​ជាង ហើយ​បើ​និយាយ​ពី​សមត្ថភាព​ក៏​ល្អ​មិនធម្មតា​បើ​ផ្អែក​លើ​ការ​ប្រកួត​កន្លង​មក​។

ហេតុផល​ដែល​មានការ​លើក​ឡើង​បែប​នេះ គឺ​ដោយសារ​តែ​កីឡាករ​ថៃ​ល្អ​ខ្លាំង ខណៈ​ដែល​កីឡាករ អាំង សំអាត ក៏​ចាស់វស្សា ហើយ​ការ​វាយតប់​លើ​ឆាក​ទៀត​សោត ក៏​រាង​ធ្លាក់ដៃ​ទៅ​ហើយ ។ គូ​នេះ​ក្រោយ​បង្ហាញ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ កីឡាករ​ដែល​ត្រូវ​គេ​គិត​ថា​មាន​ប្រៀប និង​ឈ្នះ​ការ​ប្រកួត បែរជា​ចាញ់​ប្រៀប​វិញ ដោយសារ​តែ​កីឡាករ​កម្ពុជា​​ដែល​ត្រូវ​គេ​គិត​ថា​មិន​អាច​ទៅ​រួច ស្រាប់តែ​មានឱកាស​វាយ​ឱ្យ​កីឡាករ​ថៃ​ខូច​ជើង​ហើយ​បន្ត​ការ​ប្រកួត​មិនកើត ។

ងាក​មក​កាន់ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១ គេ​ឃើញ​កីឡាករ​ទាំង​២​មាន​ចំណុច​ប្រដំប្រសង​គ្នា​រក​ចំណុច​ឈ្នះ​ចាញ់​មិនឃើញ​នោះ​ទេ គឺ​រហូត​ដល់​ទឹក​ទី​២​ទើប​គេ​ឃើញ​ឱកាស​ឈ្នះ​ប្រៀប​ក៏​ចាប់ផ្ដើម​លេចឡើង​ដោយសារ​តែ​កីឡាករ​កម្ពុជា​វាយ​ឱ្យ​កីឡាករ​ថៃ​ខូច​ជើង​ប្រកួត​លែង​កើត​។

គណៈកម្មការ​បាន​ប្រកាស​ថា នឹង​ឱ្យ​កីឡាករ​ទាំង​ពីរ​សងសឹក​គ្នា​វិញ​ក្នុង​ពេល​ខាង​មុខ ដោយសារ​តែ​ភាគី​ថៃ​អះអាង​ថា​មិន​អស់ចិត្ត​នឹង​ការ​ទទួល​បរាជ័យ​លើក​នេះ ។ កីឡាករ អាំង​សំអាត ត្រូវ​គេ​អះអាង​ថា​បាន​ទទួល​ជ័យ​ជម្នះ​ដោយ​ចៃដន្យ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​ការ​ភ្លាត់ស្នៀត​របស់​កីឡាករ​ថៃ ។ ជាមួយ​គ្នា​នេះ​មានការ​លើក​ឡើង​ផង​ដែរ​ថា ជើង​ខ្លាំង​កម្ពុជា​ក្រោយ​ទទួល​ជ័យជម្នះ​មិន​ប្រាកដ​ថា​នឹង​ឈ្នះ​ការ​ប្រកួត​លើក​ក្រោយ​នោះ​ទេ ដោយ​សារ​តែ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង ហើយ​បើ​និយាយ​ពី​ការ​ជឿជាក់​ក៏​អ្នកគាំទ្រ​ភា​គច្រើន​ឱ្យ​តម្លៃ​លើ​កីឡាករ​ថៃ​ច្រើន​ជាង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​ចាត់​ទុក​ជ័យជម្នះ​របស់​កីឡាករ​កម្ពុជា​គឺជា​លទ្ធផល​បច្ចេកទេស និង​ថា​ដោយសារ​តែ​កីឡាករ​ថៃ​ដែល​ល្បី​ថា​ខ្លាំង​មើល​ស្រាល​ចំពោះ​គូប្រកួត ។ លោក​ថា ការ​ប្រកួត​មួយ​នេះ នៅ​ក្នុង​ទឹក​ទី​១​មើល​មិន​ទាន់​ដឹង​ថា កីឡា​ករ​កម្ពុជា​ប្រកួត​ល្អ​នោះ​ទេ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​២ កីឡាករ​កម្ពុជា​ស្រាប់តែ​វាយ​សម្រុក​បាន​ល្អ​យ៉ាង​ខ្លាំង​តែ​ម្ដង ដោយសារ​តែ​គេ​ស្រាប់តែ​រក​ឃើញ​ចំណុចខ្សោយ​គូប្រកួត​ហើយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ខូច​ជើង​ដល់​ថ្នាក់​បន្ត​ការ​ប្រកួត​ទៅ​មុខ​លែង​កើត ។

លោក​ថា ការ​ប្រកួត​ប្រដាល់​មិន​ខុស​ពីការ​ប្រកួត​បាល់ទាត់​នោះ​ទេ គឺ​មាន​ន័យ​ថា​មិន​មែន​ប្រាកដ​ថាឱ្យ​តែ​ខ្លាំង​សុទ្ធតែ​ឈ្នះ ហើយ​ឱ្យ​តែ​ខ្សោយ​ជាង​គឺ​សុទ្ធតែ​ចាញ់​នោះ​ទេ ។ អ៊ីចឹង​ហើយ​ទើប​កីឡាករ អាំង សំអាត បែរជា​ឈ្នះ​ការ​ប្រកួត​មុន​ចប់​ទឹក​ទី​២ ។ លោក​បាន​ហៅ​ជ័យជម្នះ​មួយ​នេះ​ថា​មិនមែន​ជា​រឿង​ចៃដន្យ តែ​លោក​ក៏​ថា​កីឡាករ​កម្ពុជា​បើ​មិន​ប្រថុយ​ទាត់​ហើយ​ទាត់​ទៀត​ដោយ​មិន​ខ្លាច​ពី​ការ​តបត​របស់​គូប្រកួត​ក៏​មិន​មាន​សំណាង​ដល់​ម្លឹ​ង​នោះ​ដែរ ។ លោក​គ្រោង​ឱ្យ​កីឡាករ​ទាំង​ពីរ​សងសឹក​គ្នា​ឆាប់​ៗ ហើយ​​លោក​នៅ​តែ​ជឿជាក់​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ដដែល​បើ​ទោះជា​ការ​ប្រកួត​លើក​ក្រោយ​​អាច​នឹង​ពិបាក​ទទួល​បាន​លទ្ធផល​បែប​នេះ​ម្ដងទៀត​ក្ដី ។ លោក​ថា កីឡាករ​ថៃ​ល្អ​​កែង និង​ម៉ាត់ ប៉ុន្តែ​សម្រាប់​ការ​ទាត់​ឆ្វេង​ស្ដាំ គឺ​កម្ពុជា​ល្អ​ជាង ។ យ៉ាងណា​ក៏​ដោយ អ្វី​ដែល​លោក សេង ក​ដិ​កា លើក​ឡើង​ត្រូវ​បាន​ភាគី​អ្នកដឹកនាំ​កីឡាករ​ថៃ​មិន​យល់​ស្រប​នោះ​ទេ​។

លោក ថៃ អ៊ូ តំណាង​កីឡាករ​ថៃ​បាន​អះអាង​ថា កីឡាករ Yout Phu Pha ខូច​ជើង​នៅ​ក្នុង​ការ​ប្រកួត​នោះ​គឺ​ដោយសារ​តែ​គេ​ធ្វើ​ដំណើរ​មក​ពី​ថៃ​ទាំង​មិនសូវ​មាន​សុខភាព​ល្អ ព្រោះ​តែ​គេ​មាន​របួស​មិន​ទាន់​ជា​ក្នុង​ពេល​ដែល​ឡើង​ប្រកួត​នៅ​សង្វៀន​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ ។ លោក​ថា កីឡាករ​របស់​លោក​ឈឺ​ជើង​មិន​ទាន់​បាត់​ទេ ទើប​ក្រោយ​ពេល​កីឡា​ករ​កម្ពុជា​សម្រុក​ទាត់​ខ្លាំង ក៏​ឈាន​ដល់​ការ​ខូច​ជើង​តែ​ម្ដង ។

លោក​ចាត់​ទុក​ថា ការ​បរាជ័យ​របស់​កីឡាករ​ថៃ​គឺ​បណ្ដាល​មក​ពី​មាន​បញ្ហា​សុខភាព ហើយ​​ចាញ់​ប្រៀប​ខុស​គ្នា​ជាមួយនឹង​កីឡាករ​កម្ពុជា ដោយ​លោក​បាន​ទាំង​អះអាង​ថា បើ​កីឡាករ​របស់​លោក​មិន​មាន​បញ្ហា​បែប​នេះ គឺ​កីឡាករ អាំង សំអាត មិន​មានឱកាស​ដល់​ម្លឹ​ង​នោះ​ទេ ។

យ៉ាងណាមិញ លោក​បាន​សរសើរ​ចំពោះ​កីឡាករ​កម្ពុជា​ដែល​អាច​រក​ឃើញ​ចំណុច​ខ្សោយ​​របស់​កីឡាករ​ថៃ​ទើប​អាច​វាយ​ឈ្នះ ហើយ​លោក​បាន​ប្រកាស​ថា កីឡាករ​របស់​លោក​ក៏​ត្រៀម​ចិត្ត​ដើម្បី​សងសឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ