ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ទាំង​បី​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុ​វ​ត្តិ ក្លាយជា​តារាចម្រៀង​ផ្លូវការ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ហង្ស​មាស​បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨​នេះ ដើម្បី​ស្វាគមន៍​តារាចម្រៀង​វ័យក្មេង​៣​រូប​ដែល​ជា​កូនប្រុស​សំណព្វចិត្ត​របស់​កំពូល​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា គឺ​លោក ព្រាប សុ​វ​ត្តិ ជា​ផ្លូវការ​។…

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ហង្ស​មាស​បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨​នេះ ដើម្បី​ស្វាគមន៍​តារាចម្រៀង​វ័យក្មេង​៣​រូប​ដែល​ជា​កូនប្រុស​សំណព្វចិត្ត​របស់​កំពូល​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា គឺ​លោក ព្រាប សុ​វ​ត្តិ ជា​ផ្លូវការ​។ នេះ​ជា​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​របស់​តារាចម្រៀង​វ័យក្មេង​ទាំង​៣​ដួង ក្នុង​ការ​បោះ​ជំហាន​ចូល​ផលិតកម្ម​ហង្ស​មាស​។

ក្នុង​សន្និសីទកាសែត​នេះ ក៏​មាន​វត្តមាន​លោក ព្រាប សុ​វ​ត្តិ និង​ភរិយា​របស់​លោក គឺ​លោកស្រី ឡុ​ង ស្រី​មុំ អង្គុយ​សងខាង​កូនប្រុស​ទាំង​បី​ផង​ដែរ​។

ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​បង្ហាញ​ជា​ផ្លូវការ​តារាចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ មក​រា​នេះ លោកស្រី អ៊ឹ​ង គឹ​ម​លាង អគ្គនាយករង​ក្រុមហ៊ុន​ហង្ស​មាស បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ទទួល​យក​តារាចម្រៀង​វ័យក្មេង​ទាំង​បី ដោយសារ​លោក ព្រាប សុ​វ​ត្តិ ដែល​ជា​ឪពុក​ត្រូវ​បាន​មហាជន​ចាត់ទុកជា​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ផលិត​កម្ម​ហង្ស​មាស ហើយ​កូនប្រុស​ទាំង​បី​របស់​លោក ក៏​សុទ្ធតែ​មាន​ឈាមជ័រ និង​ទេព​កោសល្យ​ដូច​ឪពុក​របស់​ខ្លួន​ផង​ដែរ ដែល​កត្តា​នេះ ផលិតកម្ម​រំពឹង​ថា ពួក​គេ​នឹង​អាច​ស្នង​តំណែង​លោក​ព្រាប សុ​វ​ត្តិ​បាន​។

លោកស្រី​បញ្ជាក់​បន្ថែម​ថា​៖ «​គឺជា​រឿង​មួយ​ដែល​ភ្ញាក់ផ្អើល​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ស្រុក​ខ្មែរ ដែល​ចាត់​ទុក​ថា គាត់​ជា​ធនធាន​មួយ​ដែល​កម្រ នឹង​ដែល​គាត់​អាច​មាន​ខ្សែលោហិត​ជាប់​មក​ជាមួយ​លោក ព្រាប សុ​វ​ត្តិ ដែល​អាច​បន្ត​ពី​លោក ព្រាប សុ​វ​ត្តិ បន្ត​ទៅ​មុខ​ទៀត​»​។

កូនប្រុស​ទាំង ៣ របស់​លោក ព្រាប សុ​វ​តិ្ត គឺ​សុវត្ថិ មុន្នី​វណ្ណ​មាន អាយុ​២០​ឆ្នាំ សុវត្ថិ មុន្នី​នាគ វ័យ​១៨​ឆ្នាំ និង​កូនប្រុស​ពៅ សុ​វ​ត្តិ សេរី​វុ​ឌ្ឍ អាយុ​១៥​ឆ្នាំ​។ កូន​ចំណោម​កូនប្រុស​ទាំង​បី មុនី​វណ្ណ និង​មុនី​នាគ ធ្លាប់​ឡើង​ច្រៀង​ជា​ច្រើន​ដង​តាំងពី​ពេល​ពួក​គេ​ទាំង​២​នៅ​កុមារភាព​មក​ម្ល៉េះ ។ មិន​ត្រឹមតែ​មាន​ទឹកដម​សម្លេង​ពីរោះ​ដូច​ឪពុក​របស់​ពួក​គេ​នោះ​ទេ តែ​បុត្រ​ទាំង​៣​របស់​កំពូល​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា ក៏​មាន​រូបរាង​ស្រស់​សង្ហារ​ផង​ដែរ ជា​ពិសេស​ពួក​គេ​តែងតែ​បង្ហាញ​វត្តមាន​រាំ​លើ​ឆាក​ប្រគំ​តន្ត្រី​ធំ​ៗ​ទាំង​នៅ​ក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​នានា ជាមួយនឹង​ក្រុម Dancers របស់​លោក ព្រាប សុ​វ​ត្តិ ។

ស្រប​ពេល​ក្លាយជា​តារាចម្រៀង​ផ្លូវការ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កូនប្រុស​ទាំង​បី​របស់​លោក បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ដែល​ខ្លួន​អាច​សម្រេច​បំណង​ក្លាយជា​តារាចម្រៀង​។

លោក សុ​វ​ត្តិ មុនី​វណ្ណ ជា​កូនច្បង​បាន​ថ្លែង​ថា «​ខ្ញុំ​ពិតជា​រំភើបចិត្ត និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​អាច​មក​ដល់​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា »​។

ចំណែក សុ​វ​ត្តិ មុនី​នាគ បាន​និយាយ​ថា «​ថ្ងៃនេះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​មោទនភាព​បំផុត​ដែល​បាន​សម្រេច​គោលបំណង​តាំងពី​តូច ហើយ​មក​ដល់​ពេល​នេះ​បាន​សម្រេច​គោលបំណង ហើយ​បាន​អង្គុយ​នៅ​កន្លែង​មួយ​ដែល​កក់ក្តៅ ដែល​ធំ គឺ​ក្រុមហ៊ុន​ហង្ស​មាស ហើយ​ខ្ញុំ​សង្ឃឹមថា អ៊ុំ​ប្រុស អ៊ុំ​ស្រី នឹង​គាំទ្រ​រូប​ខ្ញុំ​ទាំង​បី​នាក់​»​។

ក្រៅ​បង្ហាញ​អារម្មណ៍​រំភើប កូនប្រុស​ពៅ របស់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា សុ​វ​ត្តិ សេរី​វុ​ឌ្ឍ​បាន​និយាយ​ថា​ ​«​ខ្ញុំ​នឹង​ពង្រឹង​នូវ​សមត្ថភាព​របស់ខ្ញុំ ដើម្បី​បម្រើ​ទៅ​ដល់​ទស្សនិកជន និង​បងប្អូន អ៊ុំ​ប្រុស អ៊ុំ​ស្រី​ទាំងអស់​»​។

ខណៈ​មាន​វត្ត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ព្រាប សុ​វ​ត្តិ បាន​លើក​ឡើង​ការ​ដែល​លោក​ជំរុញ​កូន​ទាំង​បី​ឱ្យ​ចូល​ក្នុង​វិស័យ​សិល្បៈ​ដូច​ខ្លួន ដោយសារ​តែ​កូនប្រុស​ទាំង​បី​មាន​ដុ​ង​សិល្បៈ​ដូច​លោក​ពី​ធម្មជាតិ​មក​។

លោក​បន្ត​ថា «​និស្ស័យ​របស់​គាត់​បាន​ល្អ​សម្រាប់​ផ្នែក​សិល្បៈ អ​ញ្ចឹ​ង​ទៅ​ខ្ញុំ​ពេញចិត្ត សប្បាយចិត្ត​ទទួល​នូវ​លទ្ធផល​បែប​នេះ​ថា ខ្ញុំ​មិន​ជម្រុញ ក៏​មិន​អាច​ថា បាន​ដែរ ព្រោះថា នៅ​ជាមួយ​គ្នា​រាល់ពេល​វេលា អ​ញ្ចឹ​ង​អ្វី​ដែល​នៅ​ជាមួយ​គ្នា​ធ្វើ​ឱ្យ​មាន​ភាព​បន្ស៊ាំ​ក្នុង​ការ​ចូល​ចិត្ត និង​ការ​ពេញចិត្ត​ប្រាកដជា​មាន​ច្រើន អ​ញ្ចឹ​ង​អ្វី​ដែល​ជា​សិល្បៈ​នេះ បើសិន​យើង​មិន​មាន​ដុ​ង ឬ​មាន​ទេព​កោសល្យ​សម្រាប់​ខ្លួនឯង​ទេ យើង​ជំរុញ​យ៉ាងណា​ក៏​មិន​អាច​ទៅ​បាន​ដែរ​»​។

លោក ព្រាប សុ​វ​ត្តិ រំពឹង​ថា ទស្សនិកជន​នឹង​បន្ត​គាំទ្រ​លោក និង​លោកប្រុស​ទាំង​បី​របស់​លោក​បន្ត​ទៀត ហើយ​លោក និង​កូន​នឹង​ខិតខំ​បន្ថែម​ទៀត ព្រមទាំង​ទទួលយក​ការ​ផ្តល់​យោបល់​ល្អ​ពី​សាធារណជន ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។

បើ​តាម​អគ្គនាយករង​ផលិតកម្ម​រស្មី​ហង្ស​មាស​ថា ប្រសិនបើ​តារាចម្រៀង​វ័យក្មេង​ទាំង​បី ដែល​មាន​រូបរាង​សង្ហារ ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន ពួក​គាត់​នឹង​អាច​មាន​ឱកាស​​ក្លាយជា​តារា​សម្តែង​ប្រចាំ​ផលិតកម្ម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ