ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ភាគី​ចិនវិនិយោគ​លើ​ការ​កែ​ច្នៃផលិតផល​កសិកម្មដើម្បី​នាំ​ចេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ចិន​ជំរុញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​លើ​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម រួម​មាន ដំឡូង​មី មៀន​ប៉ៃលិន និង​ស្រូវ ដែល​ជា​ផលិតផល​មាន​សក្ដានុពល​ខ្ពស់ និង​កំពុង​មាន​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ចិន​ជំរុញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​លើ​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម រួម​មាន ដំឡូង​មី មៀន​ប៉ៃលិន និង​ស្រូវ ដែល​ជា​ផលិតផល​មាន​សក្ដានុពល​ខ្ពស់ និង​កំពុង​មាន​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ផលិតផល​កសិកម្ម​ជា​ច្រើន​មុខ​សម្រាប់​ឲ្យ​វិនិយោគិន​កែ​ច្នៃ​ជា​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញ ។

លោក​មាន​ប្រសាសន៍​ថា ៖« ស្រូវ​យើង​ក្នុង​១​ឆ្នាំ​ៗ​បាន​សល់​ច្រើន បន្ទាប់​ពី​យើង​ទុក​ផ្គត់ផ្គង់​ក្នុងស្រុក ហើយដោយ​សារ​តែ​យើង​មិន​មាន​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក ទើប​ប្រជា​ពលរដ្ឋ​បាន​បង្ខំចិត្ត​លក់​ឲ្យ​ទៅ​ប្រទេស​ជិតខាង ប៉ុន្ដែ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ពេល​ដែល​យើង​មាន​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ក្រោម​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការ​វិនិយោ​គិន​ចិន​ហើយ​នោះ យើង​សង្ឃឹមថា នឹង​អាច​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មាន​តម្រូវការ » ។

លោក​បន្ត​ថា ក្រៅពី​ផលិតផល​ស្រូវ កម្ពុជា​ក៏​នៅ​មាន​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត សម្រាប់​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ទៀត ដូច​ជា ដំឡូង​មី និង​មៀន​ប៉ៃលិន​ជាដើម ។ សម្រាប់​ផលិតផល​ដំឡូង​មី កម្ពុជា​បាន​នាំ​ចេញ​វត្ថុធាតុដើម​ជា​ច្រើន​ទៅ​កាន់​ប្រទេស​ជិតខាង ដើម្បី​កែ​ច្នៃ រួច​បន្ត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត ខណៈ​វិនិយោគិន​កែ​ច្នៃ​ផលិតផល​ទាំងនោះ​នៅ​ប្រទេស​ជិតខាង ក៏​ដូច​ជា​វិនិយោគិន​ចិន​ដែរ ។

លោក​ថ្លែង​ថា ៖« សូម​ឲ្យ​ភាគី​ចិន​ពិនិត្យ​មើល​ពី​លទ្ធភាព​ដើម្បី​មក​វិនិយោគ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​កែ​ច្នៃ​ផលិតផល​ដំឡូង​មី​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ផ្ទាល់ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​៣ ហើយ​សម្រាប់​ផលិតផល​មៀន​ប៉ៃលិន​វិញ ក៏​ដូច​គ្នា​ដែរ គឺ​កម្ពុជា​មាន​ផលិតផល​ជា​ច្រើន​សម្រាប់​ឲ្យ​វិនិយោគិន​កែ​ច្នៃ​ជា​អាហារ​កំប៉ុង ដើម្បី​នាំ​ចេញ​ទៅ​កាន់​បរទេស » ។

លោក He Jainxiang អគ្គនាយករង ការិយាល័យ​កែ​ច្នៃ​ផលិតផល​នៃ​ក្រសួងកសិកម្ម ចិន បាន​ឲ្យ​ដឹង​ថា លោក​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ឲ្យ​បាន​ស៊ីជម្រៅ និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​សហការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​សង្វា​ក់​តម្លៃ​នៃ​ផលិតផល​ទាំង​ពីរ និង​ដំណាំ​សក្តានុពល​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា ដូច​ជា ពោត ស្រូវ និង​ស្វាយ​ជាដើម ។

លោក​បន្ត​ថា នៅ​ក្នុង​ខែមករា​នេះ នាយក​រដ្ឋមន្ត្រី​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចិន​អមដំណើរ​ផង​ដែរ ។ ដូចនេះ វា​ជា​ឱកាសល្អ​សម្រាប់​ភាគី​កម្ពុជា​ស្នើ​ចំ​ៗ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចិន ដើម្បី​ជំរុញ​ឲ្យ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន និង​កម្ពុជា បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជា​មធ្យម​២៦%​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កាលពី​ឆ្នាំ​២០១៦ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន​៤.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់​៨៣០​លាន​ដុល្លារ និង​នាំ​ចូល​៣.៩០០​លាន​ដុល្លារ។

ចិន គឺជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​គិត​ត្រឹម​ឆ្នាំ​២០១៦ ទឹកប្រាក់​វិនិយោគ​របស់​ចិន​មាន​ចំនួន​៥.០០០​លាន​ដុល្លារ លើ​វិស័យ​មួយ​ចំនួន​ដូច​ជា កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង​អគ្គិសនី ។ ដោយឡែក ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​កម្ពុជា​បាន​កើន​ដល់​៨៣​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦ គឺ​បាន​កើនឡើង​២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ចិន​ក៏​បាន​យល់ព្រម​ឲ្យ​កម្ពុជា​នាំ​ចូល​អង្ករ​៣០​ម៉ឺន​តោន​បន្ថែម​ទៀត​ផង​ដែរ ។

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន​ចំនួន​បី​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា ជា​ពិសេស​ផ្លែស្វាយ ចេក និង​ម្រេច ដើម្បី​កែ​ច្នៃ និង​វេច​ខ្ចប​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

ក្រុមហ៊ុន​ទាំង​បី​រួម​មាន ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន​, ក្រុមហ៊ុន Chaintope របស់​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា ដែល​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី ចាន់ សុធា អគ្គ​នាយិកា​ក្រុមហ៊ុន Cambodia golf and country club co.ltd បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ការ​ផ្តួចផ្តើម​គម្រោង​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ ក៏​ដូច​ជា​ដំណាំ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ។

លោកស្រី​បន្ត​ថា ៖« គម្រោង​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​នឹង​រៀបចំ​រោងចក្រ​សម្រាប់​ក្លា​សេ និង​បាន​នាំ​ចូល​ម៉ាស៊ីន​សម្លាប់​មេរោគ ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់ ចុះបញ្ជី​ម៉ាក​យីហោ ព្រមទាំង​បង្កើត​ធនាគារ​កសិកម្ម ដើម្បី​ផ្តល់​កម្ចី​ដល់​កសិករ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ