ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​2018 ក្រសួង​សេដ្ឋកិច្ច​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​FMIS​ជំហាន​ទី​2

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មិន​ថា ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ឬ​ឯកជន​ទេ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌​មាន​កំពុង​ដើរតួ​នាទី​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​ឱ្យ​ស្ថាប័ន​នីមួយ​ៗ​មានការ​លូតលាស់​ប្រកបដោយ​ភាព​ប្រកួតប្រជែង ស្រប​តាម​និន្នាការ​នៃ​សមាហរណកម្ម​ក្នុង​តំបន់ និង​សាកល​ភាវូបនីយកម្ម ជាមួយនឹង​ការ​ដើរ​ឱ្យទាន់​នូវ​សន្ទុះ​លូតលាស់​ឥត​ឈប់​ឈរ​ក្នុង​វិស័យសេដ្ឋកិច្ច ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មិន​ថា ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ឬ​ឯកជន​ទេ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌​មាន​កំពុង​ដើរតួ​នាទី​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​ឱ្យ​ស្ថាប័ន​នីមួយ​ៗ​មានការ​លូតលាស់​ប្រកបដោយ​ភាព​ប្រកួតប្រជែង ស្រប​តាម​និន្នាការ​នៃ​សមាហរណកម្ម​ក្នុង​តំបន់ និង​សាកល​ភាវូបនីយកម្ម ជាមួយនឹង​ការ​ដើរ​ឱ្យទាន់​នូវ​សន្ទុះ​លូតលាស់​ឥត​ឈប់​ឈរ​ក្នុង​វិស័យសេដ្ឋកិច្ច ។ ជាក់ស្តែង ស្ទើរតែ​គ្រប់​អាជីវកម្ម ជា​ពិសេស​ស្ថាប័នហិរញ្ញវត្ថុ រួម​មាន ក្រុមហ៊ុន​មូល​ប​ត្រ ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម សុទ្ធសឹងតែ​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ដំណើរការ​អាជីវកម្ម ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្ដល់​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់​​ខ្លួន​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ស្រប​តា​មកា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា និង​ដើម្បី​ធានា​ពង្រឹង​ដល់​ដំណើរការ​នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ជា​គន្លឹះ​ស្នូល​នៃ​កម្មវិធី​កែទម្រង់​រដ្ឋ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨ តទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ FMIS ថ្មី​ជំហាន​ទី​២ ក្នុង​ការ​ពង្រីក​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឱ្យ​បាន​ទៅ​ដល់​ក្រសួង​-​ស្ថាប័ន​ចំនួន​១០ បន្ទាប់​ពី​បាន​អនុវត្ត​ដោយ​ជោគជ័យ​នៅ​ជំហាន​ទី​១​មក ។

FMIS គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​រៀបចំ​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ​ក្នុង​ការ​គ្រប់គ្រង និង​អនុវត្ត​គម្រោង ដោយ​ចាប់ផ្ដើម​គម្រោង​ពេញលេញ​នៅ​ក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលដៅ​ពង្រឹង​នូវ​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។ នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

គោលដៅ​ចម្បង​ក្នុង​ការ​អនុវត្ត​គម្រោង​ប្រព័ន្ធ FMIS នេះ គឺ​ដើម្បី​គាំទ្រ​ជំរុញ និង​ព​ន្លឿ​ន​សកម្មភាព​ទូទៅ​របស់​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) នៅ​គ្រប់​ដំណាក់កាល ដោយ​បង្កើន​នូវ​គណនេយ្យ​ភាព ប្រសិទ្ធភាព ភាព​ស័​ក្កិ​សិទ្ធិ និង​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​គ្រប់គ្រង​ព័ត៌មាន​ចំណូល​ចំណាយ​ថវិកា​គ្រប់​ជ្រុងជ្រោយ និង​ទាន់​ពេលវេលា ។

ជា​គោលដៅ​ទៅ​ថ្ងៃ​អនាគត ប្រព័ន្ធ FMIS នឹង​ផ្តល់​នូវ​ការ​ប្រើ​ស្វ័យប្រវត្តិកម្ម​លើ​ការ​រៀប​ចំ​ធ្វើ​ផែនការ​ថវិកា​, ការ​អនុវត្ត​ថវិកា​, ការ​ធ្វើ​កិច្ច​លទ្ធកម្ម​សាធារណៈ​, ការ​គ្រប់គ្រង​គម្រោង​វិនិយោគ និង​កិច្ចសន្យា​, ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការ​គ្រប់គ្រង​សន្និធិ​រដ្ឋ ដែល​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ជាមួយនឹង​ការ​ផ្ដល់​នូវ​យន្តការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ស្នាម​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បានជា​បណ្ដើរ​ៗ ។

បើ​តាម​គេហទំព័រ​គម្រោង FMIS ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៃ​ការ​សម្រេច​បាន​នូវ​ជំហាន​ទី​១​របស់​ខ្លួន ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​អគ្គនាយកដ្ឋាន​គន្លឹះ​ៗ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយក​ដ្ឋាន​រតនាគារ​ជាតិ និង​រតនាគារ​រាជធានី​-​ខេត្ត​ទាំង​២៥ ។

គេហទំព័រ​ដដែល​បានឱ្យ​ដឹង​បន្ត​ថា នៅ​ជំហាន​ទី​១​នៃ​ការ​អនុវត្ត​ប្រព័ន្ធ FMIS នៅ​តាម​អគ្គនាយកដ្ឋាន​គន្លឹះ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រតនាគារ​រាជធានី​-​ខេត្ត​ទាំង​២៥ បាន​បង្ហាញ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​គ្រប់គ្រង និង​តាមដាន​ព័ត៌មាន​ពី​ចលនា​ចំណូល និង​ចំណាយ​ថវិកាជាតិ និង​ព័ត៌មាន​ហិរញ្ញវត្ថុ​ពី​ក្រសួង​-​ស្ថាប័ន និង​ថ្នាក់​ក្រោម​ជាតិ​បាន​ប្រសើរ​ជាង​មុន ។ ជា​ពិសេស ព័ត៌មាន​ស្ដី​ពី​លំហូរ​សាច់ប្រាក់​ត្រូវ​បាន​កំណត់​ច្បាស់លាស់​តាំងពី​ដើម​ទី និង​មាន​ភាព​ងាយស្រួល​ដល់​ការ​ផ្ទៀងផ្ទាត់​សាច់ប្រាក់​ក្នុង​បញ្ជី​គណនេយ្យ​សាធារណៈ និង​សាច់ប្រាក់​ក្នុង​គណនី​ធនាគារ ។

នៅ​ក្នុង​ជំហាន​ទី​២ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្រសួង​ចំនួន​១០​ទៀត រួម​មាន ១-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ២-​ក្រសួងសុខាភិបាល​, ៣-​ក្រសួង​អប់រំ យុវជន និង​កីឡា​, ៤-​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ៥-​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ៦-​ក្រសួងបរិស្ថាន​, ៧-​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ៨-​ក្រសួង​កិច្ចការ​នារី​, ៩-​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ១០-​ក្រសួង​មុខងារសាធារណៈ និង​អង្គភាព​ថវិកា​​ផ្ទេរសិទ្ធិ​ពេញលេញ​ចំនួន​១៣​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​បរិស្ថាន។

មូលហេតុ​នៃ​ការ​អនុវត្ត​ក្នុង​ក្រសួង​-​ស្ថាប័ន​ចំនួន​១០​នេះ​មុនគេ គឺ​ដោយសារ ៖
ទី​១-​ទំហំ​នៃ​ថវិកា​របស់​ក្រសួង​-​ស្ថាប័ន​ទាំង​១០ បូក​សរុប​ចូល​គ្នា​មាន​ទំហំ​ច្រើន​ជាង​៧០%​នៃ​ថវិកាជាតិ​ទាំងមូល ។

ទី​២-​មាន​កិច្ចសហការ​គាំទ្រ​ពី​អ្នក​ពាក់ព័ន្ធ​នានា ជា​ពិសេស​អគ្គនាយកដ្ឋាន​ថវិកា​, អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​, អគ្គនាយកដ្ឋាន​លទ្ធកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា រួម​មាន សហគមន៍​អឺរ៉ុប​, ធនាគារអភិវឌ្ឍន៍អាស៊ី​, ធនាគារពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ជាដើម ។

ទី​៣-​មាន​កិច្ចសហការ និង​សំណូមពរ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ FMIS ពី​ក្រសួង​ទាំង​១០​ផ្ទាល់ ។

គេហទំព័រ​គម្រោង FMIS បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល​កម្ពុជា​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពេល​នោះ កម្ពុជា​ទាំងមូល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា ៖

ពង្រឹង​ភាព​ប្រជែង​ឈ្នះ​សម្រាប់​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​តាម​រយៈ​ការ​កសាង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ដ៏​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​យន្តការ​ពង្រឹង​គោលការណ៍​អភិបាលកិច្ច​ល្អ តាម​រយៈ​ការ​ពង្រឹង​នូវ​គណនេយ្យ​ភាព​ក្នុង​ការ​ចាយវាយ និង​ប្រមូល​ថវិកាជាតិ តម្លាភាព​ក្នុង​ការ​បង្ហាញ​ពី​ចំណូល​-​ចំណាយ​​ថវិកាជាតិ​, ភាព​អាច​ព្យាករ​បាន​នៃ​ថវិកាជាតិ​សម្រាប់​រយៈពេល​ខ្លី និង​រយៈ​ពេល​វែង​, ភាព​អាច​វាយតម្លៃ​បាន​ទៅ​លើ​សមិទ្ធផល និង​ប្រសិទ្ធភាព​នៃ​ចំណាយ​ថវិកា​ជាតិ​, ការ​បើក​ទូលាយ​ពី​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការ​អនុវត្ត​ថវិកា​ទៅ​កាន់​សាធារណជន ។

ក្នុង​ន័យ​នេះ ប្រជាពលរដ្ឋ ក៏​ដូច​ជា​វិនិយោគិន​អាច​មើលឃើញ​ច្បាស់​ពី​តម្លៃ​នៃ​លុយ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង់ពន្ធ និង​មើលឃើញ​កាន់តែ​ច្បាស់​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ធនធាន​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល ។

បន្ថែម​ពី​នេះ អត្ថប្រយោជន៍​ដែល​ក្រសួង​-​ស្ថាប័ន​នឹង​ទទួល​បាន​ពី​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​គឺ ៖

-​កត់ត្រា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ (​ចំណូល​ចំណាយ​ថវិកាជាតិ​) ដោយ​ខ្លួនឯង (​ពង្រឹង​គណនេយ្យ​ភាព​)

-​អាច​តាមដាន​ស្ថានភាព​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទាំង​ផ្ទៃក្នុង​ក្រសួង​-​ស្ថាប័ន​សាមី និង​ប្រតិបត្តិការ​បញ្ជូន​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​បង្កើន​តម្លាភាព​)

-​គ្រប់គ្រង តាមដាន និង​ត្រួតពិនិត្យ​ចលនា​ថវិកា និង​អនុវត្ត​ថវិកា​របស់​ខ្លួន​បាន​តាម​ប្រព័ន្ធ FMIS ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល និង​លឿន​ជាង​មុន (​បង្កើន​តម្លាភាព និង​ប្រសិទ្ធភាព​)

-​បង្កើន​ភាព​ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ផ្ទាល់ (​ពង្រឹង​គណនេយ្យ​ភាព​)

-​ព​ន្លឿ​ន​ការ​ទូទាត់​ជូន​អ្នក​ផ្គត់ផ្គង់​បាន​ឆាប់រហ័ស​តាម​ពេលវេលា​ដែល​មាន​ចែង​កិច្ច​សន្យា​ផ្គត់ផ្គង់ និង​តម្រូវការ​ជាក់ស្ដែង និង​ព​ន្លឿ​ន​ការ​ទូទាត់​នូវ​មុខ​ចំណាយ​ថវិកា​នានា​បាន​កាន់តែ​ប្រសើរ​ជាង​មុន ឆ្លើយ​តប​បាន​ទាន់សភាពការណ៍ (​បង្កើន​ប្រសិទ្ធភាព​)

-​ពិនិត្យ​មើលឃើញ​ច្បាស់​នូវ​នីតិវិធី និង ចំណុច​រាំងស្ទះ​នាំ​ឱ្យ​មានការ​យឺតយ៉ាវ​ដល់​ការ​អនុវត្ត​ថវិកា ដែល​ឈាន​ដល់​ការ​កាត់​បន្ថយ​នីតិវិធី​ដែល​ពុំ​ផ្ដល់​តម្លៃបន្ថែម (​បង្កើន​ប្រសិទ្ធភាព​)

-​នៅ​ថ្ងៃ​អនាគត ក្រសួង​-​ស្ថាប័ន​អាច​មិន​ចាំបាច់​បញ្ជូន​ឯកសារ​ជា​ក្រដាស​ស្នាម​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៀត​ទេ (​បង្កើន​ប្រសិទ្ធភាព​) ។

យ៉ាងណាមិញ ប្រព័ន្ធ​បច្ចេកវិទ្យា​អាច​មាន​បញ្ហា​ផង​ដែរ ព្រោះថា ប្រព័ន្ធ​ត្រូវ​បាន​រៀបចំ​ឡើង​ឱ្យ​ស្រប​តាម​នីតិវិធី​អនុវត្ត​ការងារ​តាម​ក្រដាស​ស្នាម​ផង និង​ឱ្យ​ត្រូវ​តាម​គោល​ការណ៍​ឧត្ត​មា​នុ​វត្ត​ន៍​ផង ប៉ុន្តែ​សំខាន់​បញ្ហា​ទាំងនោះ​មិន​បណ្ដាល​ឱ្យ​ជាប់​គាំង​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ ឬ​រាំងស្ទះ​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឡើយ ដោយសារ​មាន​ក្រុមការងារ​ប្រចាំការ​ដោះស្រាយ​រាល់​បញ្ហា​ទាំងនោះ ហើយ​បញ្ហា​ទាំងនោះ​ក៏​នឹង​ពុំ​កើត​មាន​ទៀត​ដែរ នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ប្រព័ន្ធ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​បាន​ដោយ​ស្ថិតស្ថេរ​ជា​ប្រក្រតី​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំខែ​ក្នុង​គេហទំព័រ​របស់​គម្រោង​មួយ​នេះ​បាន​បង្ហាញ​ថា ក្រុមការងារ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ បាន​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ជូន​អ្នក​ប្រើប្រាស់​។ ដោយឡែក បញ្ហា​ខ្លះ​អាច​កើត​មាន​ឡើង​មិនមែន​ដោយសារ​ប្រព័ន្ធ​នោះ​ទេ ប៉ុន្តែ​បញ្ហា​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដែល​ពួក​គាត់​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​។ ជា​ទូទៅ បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​ការ​កសាង​សមត្ថភាព និង​ការ​បណ្តុះបណ្តាល​បន្ថែម រួម​ជាមួយនឹង​ការ​ជួយ​គាំទ្រ​ពី​សំណាក់​មន្ត្រី​បច្ចេកទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ