ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​បច្ចេកទេស​ថែទាំ និង​វេច​ខ្ចប់ ធ្វើ​ឱ្យ​ផ្លែស្វាយ​មាន​តម្លៃ​ថោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​បញ្ហា​ស្វាយ​ធ្លាក់​ចុះ មិនមែន​មក​ពី​រាជរដ្ឋាភិបាល ឬ​ក្រសួង​ពាណិជ្ជ​កម្ម មិន​រក​ទីផ្សារ​នោះ​ទេ គឺ​មក​ពី​អ្នក​ដាំ​តែ​ម្ដង​»​។ នេះ​ជា​សម្ដី​របស់​លោក អ៊ីន ឆៃ​វ៉ា​ន់…

រាជធានី​ភ្នំពេញ ៖ «​បញ្ហា​ស្វាយ​ធ្លាក់​ចុះ មិនមែន​មក​ពី​រាជរដ្ឋាភិបាល ឬ​ក្រសួង​ពាណិជ្ជ​កម្ម មិន​រក​ទីផ្សារ​នោះ​ទេ គឺ​មក​ពី​អ្នក​ដាំ​តែ​ម្ដង​»​។ នេះ​ជា​សម្ដី​របស់​លោក អ៊ីន ឆៃ​វ៉ា​ន់ អ្នកគ្រប់គ្រង​សមាគម​ស្វាយ​កំពង់ស្ពឺ ។

មិន​ថា​ដំណាំ​ស្វាយ​នោះ​ទេ ដំណាំ​កសិកម្ម​ផ្សេង​ទៀត​ក៏​តែង​មាន​បញ្ហា​ទីផ្សារ និង​តម្លៃ​ដែរ​។ ក្នុងអំឡុងពេល​ដាំ​ដុះ ឬ​ជិត​ប្រមូល​ផល តែងតែមាន​ដំណឹង​ថា ទីផ្សារ​ដំណាំ​នេះ​ត្រូវប៉ាន់ តម្រូវការ​ទីផ្សារ​មាន​ច្រើន តែ​នៅ​ពេល​ចាប់ផ្ដើម​ប្រមូល​ផល បែរជា​មាន​តម្លៃ​ថោក​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកគ្រប់គ្រង​សមាគម​ស្វាយ​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​ស្វាយ​ធ្លាក់​ចុះ​មិនមែន​មក​ពី​រាជរដ្ឋាភិបាល ឬ​ក្រសួងពាណិជ្ជកម្ម​មិន​រក​ទីផ្សារ​ទេ គឺ​មក​ពី​អ្នក​ដាំ​តែ​ម្ដង គាត់​ខ្វះ​នូវ​បច្ចេកទេស​ថែទាំ និង​ការ​វេច​ខ្ចប់ ។
លោក​ថា ៖« ប្រជា​កសិករ​មួយ​ចំនួន​គាត់​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ថែទាំ និង​ការ​វេច​

ខ្ចប់​នៅឡើយ គឺ​គាត់​ដឹង​តែ​ពី​ថា ឲ្យ​តែ​មាន​ភ្លៀង ដឹង​តែ​បាញ់ថ្នាំ ឲ្យ​តែ​មាន​សត្វល្អិត​ស៊ី ដឹង​តែ​បាញ់ថ្នាំ ដើម្បី​ឲ្យ​វា​ងាប់ និង​ឆាប់​បាន​ធំ តែ​គាត់​មិន​បាន​គិត​ថា ថ្នាំ​ដែល​គាត់​កំពុង​ប្រើ​នោះ វា​ប៉ះពាល់​ដល់​ផ្លែ និង​ដើម​យ៉ាងណា​ទេ » ។

លោក​បន្ដ​ថា ក្រសួង ក៏​ដូច​ជា​សមាគម តាម​តំបន់​នីមួយ​ៗ​កំពុង​ខិតខំ​ស្វែងរក​ដៃគូ ទីផ្សារ​សម្រាប់​ប្រជា​កសិករ តែ​កសិករ​ភាគច្រើន​មិន​បាន​សិក្សា​ឲ្យ​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​បច្ចេកទេស​ថែទាំ​ដំណាំ ។

លោក អ៊ី​ន ឆៃ​វ៉ា​ន់ បាន​បន្ត​ថា ប្រជា​កសិករ​មិន​បាន​សិក្សា​ឈ្វេងយល់​ពី​ការ​ប្រើប្រាស់​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​នៅ​តែ​បន្ត​ទម្លាប់​របស់​គាត់ ។ ដូច្នេះ បើ​ទោះបីជា​មាន​ទីផ្សារ​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​តម្លៃ​មិន​បាន​ថ្លៃ​ដែរ ។ ជាមួយ​គ្នា​នេះ សមាគម​នីមួយ​ៗ ក៏​ត្រូវ​ចែករំលែក​ចំណេះដឹង​ទៅ​ដល់​ប្រជា​កសិករ​នៅ​ក្នុងភូមិ​ដែរ ពិសេស​ចេះ​មើល​ពី​ទីផ្សារ និង​តម្រូវការ មិនមែន​ចេះ​តែ​ឲ្យ​ពួក​គាត់​ដាំ​នោះ​ទេ ។

អ្នកគ្រប់គ្រង​នៃ​សមាគម​សា្វ​យ​កំពង់ស្ពឺ​រូប​នេះ ក៏​បាន​ឲ្យ​ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​សក្ដានុពល​សម្រាប់​នាំ​ចេញ គួរតែ​រួម​គ្នា​ឈ្វេងយល់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ក្រុមហ៊ុន​ធំ​ៗ​ជា​អ្នកបញ្ជា​ទិញ​មក​ពី​ចិន និង​ថៃ ជាដើម​នោះ គេ​ចង់បាន​ផលិតផល​មួយ​ដែល​មាន​សុវត្ថិភាព និង​មានការ​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់ ។ គិត​មក​ទល់​ពេល​នេះ ប្រជា​កសិករ​អាច​ទទួល​បាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ហើយ អីចឹង ត្រូវ​តែ​ចាប់ផ្ដើម​ស្វែងរក​ការ​ប្រឹក្សា​បច្ចេកទេស និង​ប្រឹក្សា​តម្លៃ​ទិញ​លក់ ហើយ​ទាំង​ពីរ​នេះ​ត្រូវ​មានការ​ទូទាត់​ដោយ​សុវត្ថិភាព និង​លក់​សុវត្ថិភាព​ផង​ដែរ ។

លោក សុខ គ្រៀ​ជ ប្រធាន​សមាគម​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​បន្ថែម​ថា ជា​រៀង​រាល់​ឆ្នាំ ការ​នាំ​ចេញ​ស្វាយ​ពី​សមាគម មាន​ប្រមាណ​១​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ។

លោក​ថា ៖« ចំនួន​នេះ មិន​ទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​នៅឡើយ ដោយសារ​ផលិតផល​របស់​យើង​ពុំ​ទាន់​ត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស ប៉ុន្តែ​បើ​ប្រជា​កសិករ​គាត់​ផលិត​ប្រកប​ដោយ​បច្ចេកទេស​ត្រឹមត្រូវ គឺ​យើង​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ច្រើន » ។

លោក សុខ គ្រៀ​ជ សង្ឃឹមថា នៅ​ថ្ងៃ​ខាង​មុខ ស្វាយ​នឹង​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិ​សាស្ត្រ​ដូច​ម្រេច​កំពត​ដែរ ព្រោះ​ទាក់ទង​នឹង​ស្វាយ​នៅ​កំពត កែប កំពង់ស្ពឺ និង​តាកែវ​នេះ យើង​អាច​រក្សា​ទុក​បាន​យូរ ហើយ​វា​ជា​ប្រភេទ​ស្វាយ​ដែល​គ្មាន​សរសៃ ។ ចំណែក​រសជាតិ​វិញ​ឆ្ងាញ់​លើសគេ សូ​ម្បី​តែ​ប្រទេស​ថៃ ក៏​គេ​ត្រូវការ​ស្វាយ​របស់​យើង​ជា​ចាំបាច់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ