ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី២ មីនា គ្រួសារមួយនៅឃុំអូរបីជាន់បាននាំកូនស្រីអាយុ៤ឆ្នាំ ទៅឱ្យគ្រូពេទ្យពិនិត្យប្រដាប់ភេទ និងដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តរដ្ឋបាលឃុំ ក្រោយពេលកូនតូចនោះប្រាប់ថា នាងត្រូវគេរំលោភនៅក្នុងលូ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៨ កុម្ភៈ។ តាមគ្រួសារនោះប្រាប់ថា កូនស្រីរបស់ពួកគាត់អាយុ៤ឆ្នាំ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៨ កុម្ភៈមកពីដើរលេងប្រាប់ពួកគាត់ជាឪពុកម្តាយថា នាងត្រូវក្មេងប្រុសអាយុ១០ឆ្នាំ រំលោភនៅក្នុងលូក្បែរដងផ្លូវដែលមានចំងាយពីផ្ទះប្រមាណ១០០ម៉ែត្រ ។ នាងតូចបានយំដោយឈឺប្រដាប់ភេទ ហើយដោយនាងមិនដឹងអី ក៏ប្រាប់ពួកគាត់ពីអ្វីដែលបានកើតឡើង ។
តាមការរៀបរាប់របស់ក្មេងស្រីថា ក្មេងប្រុសនោះបានដាក់ផ្លែអំពិលទឹកទៅក្នុងលូឱ្យនាងចូលទៅយក ។ ពេលនាងចូលទៅក្នុងលូ ត្រូវក្មេងប្រុសនោះចាប់រំលោភ ។ ឪពុកម្តាយប្រាប់ថា ក្រោយការរៀបរាប់របស់កូនស្រីបែបនេះពួកគាត់បានបីកូនទៅជួបភាគីជាឪពុកម្តាយក្មេងប្រុសដែលរស់នៅក្នុងភូមិតែមួយចំងាយពីគ្នាប្រហែល១០០ម៉ែត្រ ដើម្បីឱ្យទទួលខុសត្រូវ ។ ពេលនាំកូនទៅជួបម្តាយឪពុកក្មេងប្រុសនោះពួកគាត់ប្រាប់ថា ចាំសួរនាំកូនរបស់ខ្លួន
សិន ។ លុះព្រឹកថ្ងៃទី១ មីនា ពេលគ្រួសារគាត់នាំគ្នាទៅសួរនាំម្តងទៀត ត្រូវគ្រួសារក្មេងប្រុសប្រាប់ថា ពួកគាត់សួរនាំកូនហើយ តែគេបដិសេធថា មិនបានប្រព្រឹត្តបែបនោះទេ ។ មិនតែប៉ុណ្ណោះ គ្រួសារខាងក្មេងប្រុសស្តីបន្ទោសថា កុំចោទប្រកាន់កូនរបស់ពួកគាត់ខុសរឿង ។
ឪពុកម្តាយក្មេងស្រីបន្តថា ក្នុងរយៈពេល៣ថ្ងៃក្រោយមក ដោយឃើញកូនស្រីលំបាកពេលបត់ជើងតូច ទើបសម្រេចចិត្តនាំនាងទៅឱ្យគ្រូពេទ្យពិនិត្យ ។ ក្រោយការពិនិត្យរួចគ្រូពេទ្យចេញលិខិតពិគ្រោះជំងឺថា កូនស្រីពួកគាត់រហែកទ្វារមាស ហើយមានអង្គការមួយទៅមណ្ឌលសុខភាព ឃុំអូរបីជាន់ណែនាំឱ្យពួកគាត់ទៅប្តឹងនៅប៉ុសិ៍្តរដ្ឋបាលឃុំ ។ ក្មេងប្រុស ដែលទទួលរងការចោទប្រកាន់និយាយថា គេអត់បានប្រព្រឹត្តដូចការចោទ ប្រកាន់ទេ ។ នៅល្ងាចនោះគេបាននៅលេងជុំគ្នា៣នាក់ជាមួយក្មេងប្រុសតូចម្នាក់ទៀត រួមទាំងនាងតូចនេះផងដែរ។ ចំណែកឪពុកម្តាយក្មេងប្រុសប្រាប់ថា ពួក គាត់បានសួរនាំកូនហើយ ប៉ុន្តែគេបដិសេធថា មិនបានប្រព្រឹត្តខុសទេ ។
នៅរសៀលថ្ងៃទី២ មីនា ប៉ូលិសបានទៅធ្វើកំណត់ហេតុដល់ផ្ទះគ្រួសារទាំង២ ប៉ុន្តែលទ្ធផលយ៉ាងណានោះពុំទាន់ដឹងទេ ។ ប៉ូលិសប្រាប់ថា កំពុងធ្វើការស្រាវជ្រាវរឿងនេះ ។ យោងតាមការឱ្យដឹងពីលោកស្ងួន សំនាង ប្រធានមណ្ឌលសុខភាព ឃុំអូរបីជាន់ប្រាប់តាមទូរស័ព្ទថា នាងតូចនោះតាមការពិនិត្យធ្វើកោសល្យវិច័យពិតជាមានការដាច់រលាត់ទ្វារមាសមែន ប៉ុន្តែលោកពុំដឹងថា ដោយសារអ្វីទេ ៕
ចែករំលែកព័តមាននេះ