ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខក​ខាន​មិន​បា​នធ្វើ​របស់​លោក អូបាម៉ា នៅ​ភ្នំពេញ​ទស្សនៈ​លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់​ជឺណា អ្នក​និពន្ធ​បែល​ហ្ស៊ិក​សញ្ជាតិ​ខ្មែរ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កោះ​សន្តិ​ភាព​ កាល​ពី​​ថ្ងៃ​​ទី​​២៥ វិច្ឆិកា ​បាន​ទទួល​លិខិត​​​មួយ​ច្បាប់​​​របស់​លោក​​បណ្ឌិត​​រ៉ាអ៊ូល ម៉ាក់​ជឺណា ដែល​លោក​ជា​​អ្នក​និពន្ធ​​​​ជន​ជាតិ​​​បែល​​ហ្ស៊ិក​​​សញ្ជាតិ​​ខ្មែរ ។ ខ្លឹម​សារ​​​លិខិត​​របស់​លោក​ គឺ​ជា​ការ​ពិនិត្យ​​ឃើញ​មួយ​​ជ្រុង​​របស់​លោក​ជុំ​វិញ​​​វត្ត​មាន​​របស់​លោក​​ប្រធា​នាធិបតី​​​ បារ៉ាក់​ អូបាម៉ា​​ នៅ​រាជ​ធានី​ភ្នំពេញ​​ ក្នុង​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​​ និង​កិច្ចប្រជុំ​​អាស៊ី​បូព៌ា​​​កាល​ពី​ថ្ងៃ​​​១៩-២០​ វិច្ឆិកា​កន្លង​មក​ នេះ​។ ​លិខិត​​របស់​លោក​បាន​​ដាក់​​ចំណង​ជើង​ថា«ការ​ខក​ខាន​​​មិន​បាន​​ធ្វើ​របស់​អូបាម៉ា​

រាជធានី​ភ្នំពេញ​ ៖ កោះ​សន្តិ​ភាព​ កាល​ពី​​ថ្ងៃ​​ទី​​២៥ វិច្ឆិកា ​បាន​ទទួល​លិខិត​​​មួយ​ច្បាប់​​​របស់​លោក​​បណ្ឌិត​​រ៉ាអ៊ូល ម៉ាក់​ជឺណា ដែល​លោក​ជា​​អ្នក​និពន្ធ​​​​ជន​ជាតិ​​​បែល​​ហ្ស៊ិក​​​សញ្ជាតិ​​ខ្មែរ ។ ខ្លឹម​សារ​​​លិខិត​​របស់​លោក​ គឺ​ជា​ការ​ពិនិត្យ​​ឃើញ​មួយ​​ជ្រុង​​របស់​លោក​ជុំ​វិញ​​​វត្ត​មាន​​របស់​លោក​​ប្រធា​នាធិបតី​​​ បារ៉ាក់​ អូបាម៉ា​​ នៅ​រាជ​ធានី​ភ្នំពេញ​​ ក្នុង​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​​ និង​កិច្ចប្រជុំ​​អាស៊ី​បូព៌ា​​​កាល​ពី​ថ្ងៃ​​​១៩-២០​ វិច្ឆិកា​កន្លង​មក​ នេះ​។ ​លិខិត​​របស់​លោក​បាន​​ដាក់​​ចំណង​ជើង​ថា«ការ​ខក​ខាន​​​មិន​បាន​​ធ្វើ​របស់​អូបាម៉ា​នៅ​ភ្នំពេញ​» ។

​ខាង​ក្រោម​នេះ​ គឺ​ជា​ខ្លឹម​សារ​​​នៃ​លិខិត​​​របស់​លោក​រ៉ាអ៊ូល​ ​ម៉ាក់​ជឺណា​ ទាក់​ទិន​​​ទៅ​នឹង​​វត្ត​មាន​​លោក​អូបា​​ម៉ា​នៅ​កម្ពុជា​ ។

ការ​ខក​ខាន​មិនបាន​ធ្វើ​របស់​​អូបាម៉ា​​នៅ​​ភ្នំពេញ​

សូម​គោរ​ព​ជូន​លោក​​និពន្ធ​នាយក​

ខ្ញុំ​សូម​អនុញ្ញាត​​​បង្ហា​ញ​​​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​​របស់​ខ្ញុំ​ បន្ទាប់​ពី​ដំណើរ​​​ទស្សនកិច្ច​​​​ខ្លី​មួយ​​ដែល​ធ្វើ​​ឡើង​​ដោយ​លោក​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​​បារ៉ាក់​​ អូបាម៉ា នៅទីក្រុង​ភ្នំពេញ​ និង​អ្វី​ដែល​​លោក​ប្រធានាធិបតី​​ខក​ខាន​មិន​បាន​​ធ្វើ​​និង​បាន​​ថ្លែង​ឡើង ។

នៅ​អំឡុង​​ទស្សនកិច្ច​​ថ្មី​ៗនៅក្នុង​ប្រទេស​កម្ពុជា​​ ជា​ទីកន្លែង​​ដែល​លោក​ចូលរួម​​​ក្នុង​វេទិកា​​នៃ​កិច្ច​ប្រជុំ​​​កំពូល​អាស៊ី​បូព៌ា​ លោក​ប្រធានាធិប​តី​​​បារ៉ាក់​ អូបាម៉ា​ បាន​ជួប​ពិភាក្សា​​ការ​ងារ​​ជាមួយ​សម្តេច​​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​ ។ បើ​យោង​តាម​ទីប្រឹក្សា​​​រង​ផ្នែក​សន្តិ​សុខ​​ជាតិ​​​របស់​អាមេរិក​​គឺ​លោក​ប៊ិន​ រ៉ូដ នៅ​ក្នុង​កិច្ច​ប្រជុំ​​នោះ​«លោក​​ប្រធានាធិបតី​​​បាន​លើក​ឡើង​​​ពី​បញ្ហា​មួយ​ចំនួន​ដែល​លោក​មាន​​​ការ​ព្រួយ​បារម្ភ​​​ទាក់​ទង​នឹង​បញ្ហា​ខាង​ក្នុង​របស់​កម្ពុជា​ ជា​ពិសេស​​ទាក់​ទង​នឹង​តម្រូវ​ការ​នៃ​​ការ​រៀប​ចំ​​​ការ​បោះ​ឆ្នោត​​​ដោយ​យុត្តិធម៌​​​ និង​សេរី​ តម្រូវ​ការ​​ដើម្បី​ឱ្យ​​មាន​​​​គណៈ​កម្មា​ធិការ​​​បោះ​ឆ្នោត​​មួយ​ដែល​ឯក​រាជ្យ​​ដើម្បី​រៀប​ចំ​​ការ​បោះ​ឆ្នោត​​​ តម្រូវ​ការ​នៃ​ការ​​អនុញ្ញាត​​ឱ្យ​មាន​ការ​ដោះ​លែង​​​​អ្នក​ទោស​​នយោ​បាយ​ និង​អនុញ្ញាត​​​ឱ្យ​គណបក្ស​ប្រឆាំង​​​អាច​បំពេញ​​ការ​ងារ​របស់​ខ្លួន​​​បាន​ដោយ​សេរី» ។

លោក​រ៉ូដ ដែល​លើក​ឡើង​ថា ជំនួប​​អាច​ពិពណ៌នា​ថា«មាន​ភាព​តាន​តឹង​​​»បាន​ថ្លែង​ថា លោក​អូបាម៉ា​ បាន​​ផ្តោត​​ការ​អត្ថាធិប្បាយ​​របស់​ខ្លួន​​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​​ និង​បាន​ថ្លែង​ប្រាប់​សម្តេច​​នាយក​​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​ ថា​​ ប្រទេស​កម្ពុជា​​​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​​​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ទាំង​នេះ​នៅ​ពេល​អនាគត ។(ទីភ្នាក់​ងារ​​ព័ត៌​មាន​​រ៉យទ័រ ថ្ងៃទី​​២០ វិច្ឆិកា ឆ្នាំ​២០១២) ​អ្វី​ដែល​​​លោក​បារ៉ាក់ អូបាម៉ា ​​បាន​ថ្លែង​​ទៅ​កាន់​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ គឺ​មាន​​​សារសំខាន់​​ ។ នេះ​គឺ​មិន​មាន​ការ​សង្ស័យ​ទេ។  ជា​ការ​ពិត​ គឺ​ត្រូវ​មាន​​​ការ​ងារ​ជា​ច្រើន​​​ទៀត​ដែល​ត្រូវ​​​ធ្វើឡើង​​ដើម្បី​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​​ និងនីតិរដ្ឋ​នៅក្នុង​ប្រទេស​​កម្ពុជា​​កាន់​តែ​រឹង​មាំ ។ ប៉ុន្តែ​​​គ្រប់​គ្នា​​បាន​ដឹង​ហើយ​ថា វា​ជា​​ការ​លំបាក​ណាស់​នៅក្នុង​ការ​​បោះ​ជំហាន​​ទៅមុខ​ ត្រឹម​តែ​​នៅ​ក្នុង​រយៈ​ពេល​ជិត​​៤​ទសវត្សរ៍​នោះ​ពី​យុគថ្ម​​ដែល​​បង្កើត​ឡើង​ដោយសង្គ្រាម​​​របស់​អាមេរិក​(១៩៧០-១៩៧៥) ដោយ​ក្រុម​ខ្មែរ​​ក្រហម​​(១៩៧៥-១៩៧៩) ហើយ​កម្ពុជា​​ទទួល​រង​​គ្រោះ​ជាង​មួយ​ទសវត្ស​​បន្ត​ទៀត​​​​ ដោយ​ត្រូវ​ស្ថិត​​​នៅ​ក្នុង​សភាព​​ឯកោ ​ដែល​ដាក់​បង្ខំ​ដោយ​សម្ព័ន្ធ​​ភាព​មួយ​ដែល​​​មាន​អាមេរិក​​ជា​អ្នកដឹកនាំ​(១៩៧៩-­១៩៩១) ឆ្ពោះ​ទៅ​រក​លិទ្ធ​ប្រជា​ធិបតេយ្យ​មួយ​ដ៏​ពេញ​លេញ​​​​ ជាមួយ​នឹង​នីតិរដ្ឋ​មួយ​ពិត​​ប្រាកដ​​ដែល​ជា​ធម្ម​តា​គេ​ត្រូវ​​ការ​​រយៈ​ពេល​រាប់​សតវត្ស​​ដើម្បី​អាច​​សម្រេច​បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​មួយ​(ដែល​មិន​ល្អ​ឥត​ខ្ចោះ) ដូច​នៅ​ក្នុង​ពិភព​​នៃ​ពួក​បស្ចិម​ប្រទេស​​ ។ ប្រជាជន​កម្ពុជា​​​ភាគ​ច្រើន​​ ក៏​កំពុង​​រង់​ចាំ​ស្តាប់​លោក​ប្រធា​នា​ធិបតី​​អូបាម៉ា លើក​ឡើង​ពី​ការ​ព្រួ​យ​បារម្ភ​​ផ្នែក​សិទ្ធិ​មនុស្ស​​​ស្រដៀង​គ្នា​នេះ​ដែរ​ នៅ​ពេល​​ដែល​លោក​នឹង​ជួប​​ជាមួយ​​មេដឹក​នាំ​​​ទាំង​ឡាយ​​​​មក​ពី​ប្រទេស​​អីុ​ស្រា​អែល​​ រវ៉ាន់​ដា​ និង​អារ៉ា​ប៊ី​សា​អ៊ូ​ឌីត ផង​ដែរ ។

អ្វី​ដែល​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​​បាន​ថ្លែង​ទៅកាន់​​​សម្តេច​នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​​​កម្ពុជា​​​​ គឺ​ជា​ការ​​សំខាន់​​ ប៉ុន្តែ​​អ្វី​ដែល​​ប្រធា​នា​ធិប​តី​​​អាមេរិក​​​រូប​នេះ​មិន​បាន​​​ធ្វើ​​ និងមិន​បាន​​​និយាយ​គឺ​​កាន់​តែ​​មាន​សារសំខាន់​ថែម​ទៀត​ ។

ទី​១ ផ្ទុយ​​ពី​អ្វី​ដែល​​មេដឹកនាំ​​ពិភព​លោក​​​ដទៃ​ទៀត​ ដែល​ស្នាក់នៅ​​ទីក្រុង​ភ្នំពេញ​​ដូច​គ្នា​បាន​ធ្វើ​ គឺ​ប្រធានាធិបតី​​អូបាម៉ា មិន​បាន​អញ្ជើញ​​​ទៅ​គោរព​​​ព្រះវិញ្ញាណ​ក្ខន្ធ​​​​ព្រះបរម​សព ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហនុ ដែល​បាន​យាង​​​​សោយ​ទិវង្គត​​កាល​ពី​មួយ​ខែ​​កន្លង​ទៅ​នេះ ហើយ​ព្រះបរម​សព​​របស់​ព្រះអង្គ​ត្រូវ​បាន​​តម្កល់​នៅក្នុង​​​ព្រះ​បរម​រាជ​​វាំង​​ដើម្បី​រង់​ចាំ​ព្រះ​រាជ​ពិធី​​បូជា​​​ព្រះ​បរម​សព​ ។ សម្តេច​​ព្រះ​នរោត្តម​ សីហនុ គឺ​ជា​ព្រះ​មហាក្សត្រ​​​​មួយ​អង្គ​​​​​​ដែល​បាន​​​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​​ឯករាជ្យ​​​ភាព​នៅ​ឆ្នាំ​​១៩៥៣​ ។ មាន​ព្រះ​រាជ​តួនាទី​​ជា​ព្រះប្រ​មុខ​រដ្ឋ​ សម្តេច​ឪ នរោត្តម​ សីហនុ​ ត្រូវ​​បាន​ទម្លាក់​​​​ពី​តួនាទី​​​​នៅក្នុង​ខែ​មីនា ឆ្នាំ​១៩៧០​​ ដោយ​​រដ្ឋ​ប្រហារ​​​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋ​បាល​​​សហរដ្ឋ​អាមេរិក​​​ ។ នៅ​​​ឆ្នាំ​១៩៩៣ ​យោង​តាម​​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នៃ​ប្រទេស​កម្ពុជា សម្តេច​ព្រះនរោត្តម​ សីហនុ ត្រូវ​បាន​​អភិ​សេក​ឡើង​​គ្រង​រាជ​សម្បត្តិ​សា​​ជា​ថ្មី​​ម្តង​​ទៀត ​ជា​ព្រះ​មហា​ក្សត្រ​​​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា ។ នៅ​ទីក្រុង​​បាង​កក​​ ប្រទេស​ថៃ លោក​ប្រធានាធិបតី​​​អូបាម៉ា បាន​ចូល​ថ្វាយ​បង្គំគាល់​​​ព្រះមហាក្សត្រ​​ថៃ ។ រីឯ​នៅ​ទីក្រុង​ភ្នំពេញ​​​ លោក​​​បាន​ខក​ខាន​មិន​បាន​ចូល​​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​​របស់​ព្រះវរ​រាជបិតា​ជាតិ​ខ្មែរ ។

​យោង​តាម​​ឯកសារ​​របស់​មន្ទីរ​​បញ្ចកោណ​​(ក្រសួង​​ការ​ពារ​ជាតិ​​អាមេរិក​) ដែល​ត្រូវ​បាន​​ចាត់​ថ្នាក់​​ឡើង​វិញ​​ គឺ​ចន្លោះ​​ពី​ថ្ងៃទី​៤ ខែតុលា​ ឆ្នាំ​​១៩៦៥​ រហូត​​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៩៧៣ ​កម្លាំង​​កង​ទ័ព​​​ជើង​អាកាស​​​របស់​សហ​រដ្ឋ​អាមេរិក​​​​បា​ន​ទម្លាក់​​​គ្រាប់បែក​​​ចំនួន​២.៧៥៦.៩៤១តោន​ នៅ​​​ក្នុង​បេសកកម្ម​របស់​ខ្លួន​​​ចំនួន​២៣០.៥៦១ លើកមក​លើ​​​ប្រទេស​អព្យា​ក្រឹត​មួយ​ដែល​មិនមែន​​ធ្វើ​សង្គ្រាម​​​ជាមួយ​អាមេ​រិក​​​​(ទម្លាក់​ចំនួន​​១៦០.០០០​​តោន​លើ​ប្រទេស​ជប៉ុន​ និង​១,៣៥​លាន​តោន​នៅក្នុង​ប្រទេស​​អា​ល្លឺ​ម៉ង់​​ ក្នុង​សង្គ្រាម​លោក​​លើក​ទី​២)។ ប្រជា​ជន​​​ និង​អ្នក​ប្រវត្តិសាស្ត្រ​ភាគ​​ច្រើន​បាន​​យល់​ឃើញ​​​ និង​ទទួល​ស្គាល់​ថា ការ​ទម្លាក់​​គ្រាប់​បែក​​​របស់​សហ​រដ្ឋ​អាមេរិក​​​លើ​ប្រទេស​​​កម្ពុជា​​ បាន​ជំរុញ​​កសិករ​ជា​ច្រើនពាន់​​នាក់​ចូល​ក្នុង​ចលនា​តស៊ូ​​ខ្មែរ​ក្រហម​ ។ នៅក្នុង​​ដំណើរ​ទស្សនកិច្ច​​​ជា​លើក​ទី​១ ​​​របស់​​ប្រធានាធិបតី​​​អាមេរិក​​ក្នុង​តំណែង​​មក​កាន់​កម្ពុជា​​​លោក​អូបាម៉ា បាន​ខក​ខាន​​មិន​បាន​បង្ហាញ​​​ទោះ​​បី​ជា​​បន្តិច​បន្តួច​ក្តី​​​​នូវ​ការ​សោក​ស្តាយ​​ចំពោះ​ការ​​ទទួល​ខុស​ត្រូវ​​របស់​សហរដ្ឋ​អាមេរិក​​​ក្នុង​សោក​នាដ​កម្ម​​កម្ពុជា។

​ប្រធានាធិបតី​​អូបាម៉ា ខក​ខាន​មិនបាន​​បង្ហាញ​​ពី​ការ​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​អ្វី​ដែល​​អាជ្ញា​ធរ​​កម្ពុជា​​បាន​បំពេញ​ ចាប់​តាំង​ពី​​មុនកិច្ច​ព្រម​ព្រៀង​​​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​នៅក្នុង​​​ពេល​នោះ​គឺមិនមាន​​​ទំនាក់​ទំនង​​ការ​ទូត​រវាង​​​កម្ពុជា និងសហរដ្ឋ​អាមេរិក​​ ក្នុង​ការ​ធ្វើ​​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុមការ​ងារ​​អាមេរិក​​ ក្នុង​ការ​ស្វែង​រក​​អដ្ឋិ​ធាតុ​នៃកង​ទ័ព​​អាមេរិក​​​ដែល​បាន​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​កម្ពុជា​ ។

​ប្រធានាធិបតី​​​ អូបាម៉ា បាន​ធ្វើ​​មិនដឹង​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ធ្វើឡើង​​ដោយ​កម្ពុជា ហើយ​​និង​កិច្ច​សហប្រតិបត្តិ​ការ​​ក្នុង​កម្រិត​ខ្ពស់​ជាមួយ​រដ្ឋ​បាល​​អាមេរិក​​ ក្នុង​ក្រប​ខណ្ឌ​​​នៃ​សង្គ្រាម​​​ប្រឆាំង​​​នឹង​​អំពើ​ភេរវកម្ម​​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​​​នៅកោះ​បាលី ។ គឺ​មិន​មាន​ពាក្យ​អ្វី​​មួយ​ម៉ាត់​​ទាក់​ទង​​នឹង​បញ្ហា​នេះ​ទាល់​តែសោះ ។

​ទី​បញ្ចប់​​ ប្រធានាធិបតី​អូបាម៉ា​​​​ ខក​ខាន​មិន​បាន​​​​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​​​របស់​ខ្លួន​ទាក់​ទង​​នឹង​​​បញ្ហា​មួយ​ដែល​រសើប​បំផុត​​​សម្រាប់​​ប្រជា​ជន​​កម្ពុជា​ គឺ​បំណុល​ដែល​ជំពាក់​​ដោយ​រដ្ឋា​ភិបាល​​​​លន់ នល់​ ដែល​មាន​សហរដ្ឋ​​អាមេរិក​​នៅ​ពី​ក្រោយ​ខ្នង​​នៅចន្លោះ​​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​​១៩៧៥ ។ បំណុល​​ដែល​រហូត​មក​ទល់​ពេល​នេះ​​​មាន​ចំនួន​ទឹក​ប្រាក់​​​៤៤៥​លាន​ដុល្លារ​​​អាមេរិក​ ។ ទឹក​ប្រាក់​​​ដែល​ត្រូវ​​បាន​ប្រើ​ប្រាស់​ដើម្បី​​ធ្វើសង្គ្រាម​​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា ។ សម្តេច​​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​ បាន​លើក​សំណើ​​ឡើង​ដើម្បី​ផ្ទេរ​បំណុល​​នេះ​​ទៅ​ជា​​ជំនួយ​​មនុស្សធម៌​វិញ​ សម្រាប់​ប្រតិបត្តិ​ការ​ដោះ​មីន​​ និង​បំផ្លាញ​​ចោល​នូវ​គ្រាប់​​រំសេវ​​មិន​ទាន់​ផ្ទុះ​​ដែល​នៅ​សល់​ពីសង្គ្រាម​​ ។ សំណើ​ដែល​​ត្រូវ​​​បាន​ទាត់​​ចោល​ភ្លាម​ៗ​ ។

​នេះ​​អាច​និយាយ​បាន​​ថា គឺ​ជា​ការ​ប្រមែ​ប្រមូល​​​​នូវការ​ខក​ខាន​​​ក្នុង​ឱកាស​ទាំង​ឡាយ​ ។ ប៉ុន្តែ​វា​មិន​មែន​​​មាន​តែ​ប៉ុណ្ណឹង​ទេ រដ្ឋ​បាល​​សហរដ្ឋ​​អាមេរិក​​​ ក៏​បាន​បង្ហាញ​​នូវ​ឫកពា​ក្រអឺត​ក្រទម​​ជា​ជាង​មិត្ត​ភាព និងការ​យោគ​យល់​​គ្នា​នៅ​ពេល​​​ដែល​ទាក់​ទង​​ជាមួយ​​ប្រទេស​មួយ​ដែល​តូច​ក្រី​ក្រ​ និង​ទន់​ខ្សោយ​ ៕

  សូម​ទទួល​នូវការ​គោរព​អំពី​ខ្ញុំ​បាទ ។