ទីតាំង​ធម្មជាតិ​មួយ​សក្តិ​សម​រៀបចំជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍


ខេត្តស្ទឹងត្រែង ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អភិបាលស្រុក​សៀម​បូក បាន​ដឹកនាំ​មន្ត្រី​ក្រោម​​ឱវាទ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ​ទៅ​ពិនិត្យ​ទីតាំង​មួយ​ដែល​អាច​បង្កើត​ជា​រមណីយ​ដ្ឋាន​អេកូ​ទេសចរណ៍​យ៉ាង​ប្រណីត សម្រាប់់​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ ។

ទីតាំង​នោះ​ឈ្មោះ​ «​ជួរ​វែង​» ឬ​ហៅ​ថា «​ច្រ​ឡង់​ទឹក​» ស្ថិត​នៅ​ក្នុងភូមិ​អូរ​ម្រះ ឃុំ​អូរ​ម្រះ ស្រុក​​សៀម​បូក ខេត្តស្ទឹងត្រែង មាន​ចម្ងាយ​ពី​ទីរួមខេត្ត ប្រមាណ​ជា​៤០​គីឡូម៉ែត្រ ។ ទៅ​ទីនោះ​ត្រូវធ្វើ​ដំណើរ​ចេញពី​ក្រុង​ស្ទឹង​ត្រែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ដល់​ចំណុច ភ្នំ​ក្រហម​​ជិត​ស្នាក់​សន្តិសុខ​៧២២ បត់​ស្តាំ​ចូល​ទៅ​កាន់​ភូមិ​ស្រែ​ក្រសាំង បន្តដំណើរ​រហូត ដល់​មាត់ទន្លេ រួច​បត់​ឆ្វេង ហើយ​បន្តដំណើរ​លើ​ដងផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ឆ្ពោះទៅ​ភូមិ​ត្បូង​ខ្លា បង្ហួស​រហូត​ទៅ​ដល់​ឃុំ​អូរ​ម្រះ រួច​បត់​ឆ្វេង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ​ទៀត​នឹង​ទៅ​ដល់​តំបន់​អេកូ​ទេសចរណ៍​ថ្មី​នោះ​ហើយ ។

អភិបាលស្រុក​សៀម​បូក លោក​ថោ​ង ស្រា​ន់ ឲ្យ​ដឹង​ថា ដើម្បី​រៀបចំ​ទីនោះ​ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គ្រប់​ជាតិ​សាសន៍​ដែល​មាន​បំណង​ចូល​ទៅ​ទស្សនា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជា​ពិសេស​គឺ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ខណៈ​លោក​បាន និង​កំពុង​ខិតខំ​កៀរគរ​រក​ដៃគូ​វិនិយោគ​នានា ទាំង​នៅ​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក ដើម្បី​អភិវឌ្ឍន៍​ទីនោះ​ឲ្យ​ក្លាយទៅជា​ទី​កម្សាន្ត​មួយ ប្រកបដោយ​ភាព​ទាក់ទាញ និង​មាន​ផាសុកភាព​ដែល​ភ្ញៀវ​អាច​ចុះ​ងូតទឹក​លេង​លើ​ខ្សែទឹក​ហូរ​ចាំង​ឆ្លុះ​ផ្ទាំង​ថ្ម គយគន់​ព្រឹក្ស​ព្រៃ ដែល​មាន​សំឡេង​សត្វ​យំ​យ៉ាង​ខ្ញៀវខ្ញារ ប្រៀប​បាន​ទៅ​នឹង​តន្ត្រី​ធម្មជាតិ ភ្ញៀវ​អាច​ក្រាល​តង់ ឬ​កន្ទេល និង​ចង​អង្រឹង សម្រាក​ក្រោម​ម្លប់​ដើមឈើ​ដ៏​ត្រឈឹងត្រឈៃ និង​ស្រស់ស្រូប​អាហារ​នៅ​ប្រប​នឹង​ជាប់មាត់ ទឹក​អូរ​ធម្មជាតិ នោះ​បាន​យ៉ាង​គាប់ប្រសើរ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។

លោក​ថោ​ង ស្រា​ន់ ថ្លែង​ថា​៖ «​ក្រោយ​ពេល​ពិនិត្យ​ទីតាំង​នោះ​រួច ខ្ញុំ​យល់​ឃើញ​ថា អាច​រៀបចំ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​យ៉ាង​ល្អ​ឯក ក្រោម​ការ​ចូលរួម​ពី​សហគមន៍ ទេស​ចរណ៍​ជួរ​វែង និង​អ្នក​ចាប់​ដៃគូ​វិនិយោគ​នៅ​ក្នុង និង​ក្រៅ​ស្រុក ហើយ​លោក​នឹង​ពង្រឹង​លើ​ផ្នែក​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវ​ដែល​ចូល​មក​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​នេះ​ឲ្យ​បាន​ល្អ​បំផុត ។ ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សៀម​បូក ភាគច្រើន​គឺជា​អ្នក​ប្រកប​របរ​កសិកម្ម និង​កសិឧស្សាហកម្ម ការ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ។

ចំពោះ​សេដ្ឋកិច្ច​សំខាន់​នៅ​ក្នុង​ដែនដី​ស្រុក​នេះ គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម និង​ទេសចរ ។ ស្រុក​សៀម​បូក មាន​តំបន់​រមណីយដ្ឋាន​ជា​ច្រើន ក្នុង​នោះ​មាន​អន្លង់​ផ្សោត និង​ទីតាំង​ដែល គ្រោង​នឹង​បង្កើត​ថ្មី គឺ​ជួរ​វែង ឬ​ច្រ​ឡង់​ទឹក​សម្រាប់​រៀបចំ​ឲ្យ​ដំណើរការ ដោយ​លោក​ចាត់​ទុក​ថា វិស័យ​ទេសចរណ៍ គឺ​បាន​រួមចំណែក​មួយ​យ៉ាង​ធំ ដែល​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

បើសិនជា​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ច្រើន នោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ក៏​លក់ដូរ​ទៅ​ទំនិញ ផលិតផល និង​ម្ហូបអាហារ​ដាច់ ក្នុង​តម្លៃ​សមរម្យ ឯ​ជីវភាព​របស់​ពួក​គាត់​ក៏​មាន​ផ្លាស់​ប្តូរ​ទៅ​តាម​នោះ ស្រប​ទៅ​តាម​គោលនយោបាយ​របស់ រាជ​រដ្ឋា​ភិបាល​» ។

លោក​ថោ​ង ស្រា​ន់ បាន​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា​ឲ្យ​ចូលរួម​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​មួយ​យ៉ាង​ប្រណីត ប្រកប​ដោយ​ការ​ទាក់ទាញ និង​រក​ចំណូល​ចូល​រដ្ឋ​បាន​ខ្ពស់​ពី​វិស័យ​ទេសចរណ៍ ។

តំណាង​សហគមន៍​ទេសចរ​ជួរ​វែង​អះអាង​ថា លោក​នឹង​បន្ត​រក្សា​ការពារ​ធនធានធម្មជាតិ នៅ​ជុំវិញ​តំបន់​ជួរ​វែង​ឲ្យ​នៅ​តែ​មាន​សម្រស់​ស្រស់បំព្រង​ជា​និច្ច ហើយ​លោក​នឹង​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​អ្នកទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ