ខេត្តបន្ទាយមានជ័យ ៖ ប្រជាការពារចំនួន២១៣នាក់មកពី៦ឃុំ ក្នុងស្រុកភ្នំស្រុក ត្រូវបានប្រកាសទទួលស្គាល់សំណេះសំណាលជាមួយប្រជាពលរដ្ឋ រត់ម៉ូតូឌុប រត់ឡានឈ្នួល ក្រោមវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ត្រីចាន់ តារា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះតំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក យីម សំណាង អភិពាលនៃគណៈអភិបាលស្រុកភ្នំស្រុក អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ផងដែរ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកភ្នំស្រុក ។
បន្ទាប់ពីលោកវរសេនីយ៍ទោ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកធ្វើសេចក្តីរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ និងលទ្ធផលនៃកិច្ចប្រតិបត្តិការនោះរក្សាសន្តិសុខក្នុងមូលដ្ឋានរួចមក ។
លោក យីម សំណាង អភិបាលស្រុកភ្នំស្រុក និងលោកឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែរឹងមាំក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ បានរៀបចំបង្កើតកម្លាំងប្រជាការពារនេះឡើងដើម្បីចូលរួមការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ចាន់ តារា ក៏បានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់កម្លាំងប្រជាការពារថា កម្លាំងប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តក្នុងការចូលរួមសហការជាមួយកម្លាំងប្រជាការពារប៉ុស្តិ៍រដ្ឋបាលក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
រាល់កើតមានសភាពការណ៍នៃបទល្មើសជាក់ស្តែងកម្លាំងប្រជាការពារគឺត្រូវមានភារកិច្ចបង្ក្រាបចាប់ជនប្រព្រឹត្តល្មើសយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ឬសមត្ថកិច្ចកងរាជអាវុធ ដើម្បីមានវិធានការក្នុងការសាកសួរចម្លើយ និងរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ