ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ព្រៃឈើ ជលផល និង​ដីធ្លី ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់កាល​ទី​3

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ព្រៃឈើ ជលផល និង​វិស័យ​ដីធ្លី​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ។ ទោះបីជា​យ៉ាងណា បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​នៅ​តែ​កើត​មាន​ឡើង​សម្រាប់​ប្រជា​ពល​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ព្រៃឈើ ជលផល និង​វិស័យ​ដីធ្លី​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ។

ទោះបីជា​យ៉ាងណា បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​នៅ​តែ​កើត​មាន​ឡើង​សម្រាប់​ប្រជា​ពល​រដ្ឋ និង​ប្រជា​នេសាទ ដែល​ជា​ឧបសគ្គ​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ពេល​បច្ចុ​ប្បន្ន និង​អនាគត ។ បញ្ហា​ទាំងនោះ​មាន​ដូច​ជា ៖ បទល្មើស​ចលនា​សត្វ​, ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ខុសច្បាប់​, បទល្មើស​ព្រៃឈើ ជលផល ទំនាស់​ដីធ្លី​, ការ​ហ៊ុម​ព័ទ្ធ​ដី​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ខុសច្បាប់​, កង្វះ​ធនធានមនុស្ស និង​ថវិកា​សម្រាប់​គាំទ្រ​ផ្នែក​គោលនយោបាយ និង​បច្ចេកទេស​, ការ​ផ្តល់​កិច្ចសហការ និង​ការ​សម្របសម្រួល​យន្តការ​ស្ថាប័ន គឺ​នៅ​មាន​កម្រិត ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្នុង​កម្មវិធី​វេទិការ​ប្រចាំឆ្នាំ​ស្តី​ពី «​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​» ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែមករា កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្ដល់​អនុសាសន៍​រួម​មាន ៖

១- ចំពោះ​ការ​ទន្ទ្រានព្រៃ​ឬ​កាប់​ព្រៃ​សហគមន៍​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច ៖ លោក​​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​សហគមន៍​ព្រៃឈើ​ធ្វើ​ផែនទី​ព្រៃ​សហគមន៍​ឲ្យ​បាន​ច្បាស់​លាស់​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ងាយ ស្រួល​ធ្វើការ​គ្រប់គ្រង ការពារ អភិរក្ស និង​ទាញ​ប្រយោជន៍​ពី​ព្រៃ​ឲ្យ​មាន​និរន្តរ​​ភាព និង​ប្រសិទ្ធភាព​។ ចំពោះ​មន្ទីរ​គឺ​ត្រូវ​បំពេញ​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ​បច្ចេក​ទេស និង​ផ្តល់​ពូជ​ដល់​សហគមន៍ ដើម្បី​បង្កើត​មុខរបរ​បន្ថែម​ជូន​សមាជិក​សហគមន៍​ឲ្យ​មានមុខរ​បរដែ​លអាច​ជួយ​កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ផល និង​អនុ​ផល​ព្រៃឈើ​ទាំង​ស្រុង មានមុខ​របរ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ចំណាក​ស្រុក។

២-​ចំពោះ​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច ៖ ​ក្រសួង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល​កំពុង​ជួប​បញ្ហា​ពី​ការ​ទន្ទ្រាន កាន់កាប់​ដី​ពី​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​តាម​គោលការណ៍ ឬ​វិធាន​ការ​របស់​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព ត្រូវ​សហការ​ជា មួយ​អាជ្ញាធរ​ដែនដី និង​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចុះបញ្ជី​ដី និង​ធ្វើ​អនុប្រយោគ​ដី​ពី​ដី​សាធារណៈ​របស់​រដ្ឋ មក​ជា​ដី​ឯកជន​របស់​រដ្ឋ​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ត្រូវ​បង់ថ្លៃ​សម្បទាន និង​សួយសារអាករ​ជូន​រដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ។

៣- ចំពោះ​បទល្មើស​នេសាទ ៖ ក្រសួង​ស្នើ​សុំ​ឲ្យ​សមាជិក​សហគមន៍​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​រដ្ឋបាល​ជលផល ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព ។ រដ្ឋបាល​ជលផល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​គតិ​យុ​ត្ត​ដែល​មាន​ស្រាប់​ទាក់ទង​នឹង​វិស័យ​ជលផល បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​បំណង​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការពារ អភិរក្ស​ធនធាន​មច្ឆជាតិ​។ រដ្ឋបាល​ជលផល​ត្រូវ​ជំរុញ​ឲ្យ​ប្រជា​សហគមន៍​សិក្សា​ពី​លទ្ធភាព​ធ្វើ​វារីវប្បកម្ម ដើម្បី​កាត់​បន្ថយ​ពី​ការ​នេសាទ​ទៅ​ជា​ការ​ចិញ្ចឹម​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វេទិកា​ស្តី​ពី វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ដូច​ជា ៖

១-​ពិនិត្យ​លទ្ធផល​លើ​ការ​អនុវត្ត​គោលនយោបាយ និង​ជំរុញ​ការ​អនុវត្ត « យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣» និង « ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ » ដែល​បាន​ផ្តល់​អាទិភាព និង​មាន​តួនាទី​សំខាន់​ឲ្យ​វិស័យ​កសិកម្ម​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ទាំង​នៅ​ពេល​បច្ចុ​ប្បន្ន ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត ។

២-​ធ្វើការ​ពិភាក្សា និង​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ផ្តល់​ឱកាស​ឲ្យ​អ្នក​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល តំណាង​សមាគម សហគមន៍​ទាំងអស់ មក​ចូលរួម​រួច​លើកយក​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួប​ប្រទះ និង​ពិភាក្សា​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ​សំដៅ​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​​ជា​ចក្ខុវិស័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល ក្នុង​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ