ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គួរ​ងាក​មក​ផលិតនូវ​ផលិតផល​តម្លៃ​ខ្ពស់ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​វិស័យ​កាត់ដេរ និង​សេវាកម្ម​ទេសចរណ៍ ជា​ចំណែក​មួយ​ធំ​នៅ​​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​បាន​ផ្ដល់​ជា​យោបល់​ថា កម្ពុជា​​មិន​គួរ​នៅ​រក្សា​ស្ថានភាព​នៅ​ដដែល​បែប​នេះ​ទៀត​ទេ ពោល​គឺ​កម្ពុជា​មិន​គួរ​នៅ​តែ​ពឹងផ្អែក​លើ​វិស័យ​កាត់ដេរ ដែល​ជា​វិស័យ​ស្នូល​នៅ​ពេល​បច្ចុប្បន្ន​ទេ តែ​គួរ​ងាក​មក​ផលិត​​របស់​ណា​ដែល​អាច​លក់​បាន​តម្លៃ​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​វិស័យ​កាត់ដេរ និង​សេវាកម្ម​ទេសចរណ៍ ជា​ចំណែក​មួយ​ធំ​នៅ​​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​បាន​ផ្ដល់​ជា​យោបល់​ថា កម្ពុជា​​មិន​គួរ​នៅ​រក្សា​ស្ថានភាព​នៅ​ដដែល​បែប​នេះ​ទៀត​ទេ ពោល​គឺ​កម្ពុជា​មិន​គួរ​នៅ​តែ​ពឹងផ្អែក​លើ​វិស័យ​កាត់ដេរ ដែល​ជា​វិស័យ​ស្នូល​នៅ​ពេល​បច្ចុប្បន្ន​ទេ តែ​គួរ​ងាក​មក​ផលិត​​របស់​ណា​ដែល​អាច​លក់​បាន​តម្លៃ​ខ្ពស់ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ក្នុង​ន័យ​នេះ មិនមែន​ឲ្យ​កម្ពុជា​បោះបង់​ចោល​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នោះ​ដែរ ។

លោក​បណ្ឌិត សុក ស៊ី​ផា​ណា ទីប្រឹក្សា​រាជ រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​​អនាគត​កម្ពុជា មិន​អាច​នៅ​តែ​ពឹង​លើ​វិស័យ​ទាំង​ប៉ុន្មាន​នេះ​ទេ ។ កម្ពុជា​ត្រូវ​ជំរុញ​កម្មន្តសាល ហើយ​កម្មន្តសាល​នេះ គឺ​ត្រូវ​ផលិត​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់ ។

លោក​បណ្ឌិត​និយាយ​ថា ៖« យើង​មិន​អាច​នៅ​តែ​រក្សា​ការ​ដេរ​សម្លៀក​ពាក់ ដេរ​ស្បែក​ជើង​​នោះ​ទៀត​ទេ ព្រោះ​ផលិតផល​ទាំងនេះ​វា​មាន​តម្លៃ​ទាប ដូចនេះ​យើង​ត្រូវ​បង្កើត​សាលា​បង្រៀន​បច្ចេកទេស បច្ចេកវិទ្យា ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ ហើយ​នៅ​ពេល​ដែល​យើង​មាន​ធនធាន​កាន់តែ​ច្រើន​នោះ វិនិយោគិន​នឹង​មក​បណ្ដាក់ទុន និង​ផលិត​នូវ​អ្វី​ដែល​មាន​តម្លៃ​លក់​ខ្ពស់ » ។

លោក​បណ្ឌិត​បន្ត​ថា កា​រវិ​វត្ត​ទៅ​រក​ការ​ផលិត​របស់​ដែល​មាន​តម្លៃ​ខ្ពស់ មិន​ត្រឹមតែ​ចំណេញ​​ដល់​ការ​នាំ​ចេញ​នោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្មករ​ដែល​មាន​ជំនាញ​កម្ពុជា​ផង​ដែរ ហើយ​វា​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ដែល​ចេញពី​សាលា​បណ្ដុះបណ្ដាល ដោយ​មិន​ចាំបាច់​ពិបាក​ស្វែងរក​ការងារ​ធ្វើ​ទៀត​នោះ​ឡើយ ។

លោក​បណ្ឌិត​បន្ថែម​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ស្វែងរក​កិច្ច​សហ​ការ​​ជា​បន្តបន្ទាប់​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង និង​ក្រៅ​តំបន់​។ ជាក់ស្ដែង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ កម្ពុជា​បាន​ចូលរួម​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ដើម្បី​បើក​ច្រក​មួយ​សម្រាប់​កម្ពុជា​ទទួល​វិនិយោគិន​បន្ថែម​ទៀត ។

លោក​បណ្ឌិត​និយាយ​ថា ៖« កិច្ចសហការ​មេគង្គ​ឡាន​ឆាង​គឺ​មាន​ប្រយោជន៍​ធំ​ណាស់ សម្រាប់​កម្ពុជា ហើយ​ប្រយោជន៍​ដែល​ធំ និង​សំខាន់​នោះ គឺ​ការ​បង្កើត​ការងារ​ឲ្យ​កូន​ខ្មែរ តែ​អ្វី​ដែល​កូន​ខ្មែរ​ខំប្រឹង​ដោយ​ខ្លួនឯង​នោះ គឺ​ត្រូវ​មាន​ជំនាញ​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើ​ការ​ងារ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ការងារ​នា​ពេល​បច្ចុប្បន្ន »​។

លោក ឈាង វ​ណ្ណា​រឹទ្ធ ស្ថាបនិក និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​មាន​ទីផ្សារ​ក្នុងស្រុក​តូច​នៅ​ឡើយ​។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ ទីផ្សារ​ក្នុងស្រុក​កម្ពុជា​មាន​ត្រឹមតែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ ដូចនេះ​កម្ពុជា​ត្រូវ​តែ​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ក្នុង​នោះ​ក្នុង​តំបន់​អាស៊ាន ។

លោក​និយាយ​ថា ៖« នៅ​ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន គឺ​ត្រូវ​មានការ​នាំ​ចេញ​និង​នាំ​ចូល ដូចនេះ​ដើម្បី​ឲ្យ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​យើង​មាន​ទឹកប្រាក់​ច្រើន យើង​ត្រូវ​ផលិត​នូវ​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់ »​។

បើ​តាម​ទស្សនៈ​របស់​ធនាគារពិភពលោក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​គួរ​ងាក​ទៅ​រក​ការ​ផលិត​នូវ​ផលិតផល​ណា​ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​នាំ​ចេញ ។ ការ​ផលិត​នូវ​របស់​ដែល​​ថ្លៃ​ៗ​សម្រាប់​នាំ​ចេញ វា​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករ និយោជិត និង​ប្រទេស​ជាតិ​ទាំងមូល ។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​និង​កំពុង​ចរចា​ជាមួយ​បណ្ដា​ប្រទេស​៥ ក្នុង​សហគមន៍​អាស៊ី​អឺរ៉ុប ក្នុង​ការ​ផ្ដល់​អនុគ្រោះ​ពន្ធ​នាំ​សម្រាប់​ផលិតផល​អាវរ​ងារ ដែល​ជា​ផលិតផល​មាន​តម្លៃ​ខ្ពស់ ។ បើសិនជា​កិច្ចចរចា​នេះ​បាន​សម្រេច ពេល​នោះ​វិនិយោគិន​បរទេស​នឹង​សម្រុក​មក​បណ្ដាក់ទុន​ផលិត​អាវរ​ងារ​នេះ ដើម្បី​ផ្គត់ផ្គង់​ទៅ​ប្រទេស​ទាំង​៥ ក្នុង​សហ​គមន៍​អាស៊ី​អឺរ៉ុប ហើយ​តម្លៃ​ពលកម្ម​ក្នុងស្រុក​របស់​កម្ពុជា​នឹង​កាន់តែ​ទទួល​បាន​ចំណូល​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ