ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ចង្កេះ​ធ្វើ​ឱ្យ​ម្ចាស់​ខ្សែក្រវាត់​5​ជំនាន់​ បារម្ភ​មុន​ជួប​កីឡាករ​ថៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នៅ​សល់​ប្រហែល​ជាង​១​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ មក​រា ខាង​មុខ​នេះ ។ ការ​ប្រកួត​លើក​នេះ រឿង សោ​ភ័​ណ្ឌ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នៅ​សល់​ប្រហែល​ជាង​១​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ មក​រា ខាង​មុខ​នេះ ។

ការ​ប្រកួត​លើក​នេះ រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​ប្រចាំ​ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ អូ​ប៉ ស​.​ថវី​ស៊ី​ត ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​និង​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អា​មេ​រិ​កបាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​របួស​ចង្កេះ​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ ។

កីឡាករ​ទាំង​ពីរ​ឡើង​មក​ដល់​វគ្គ​នេះ​ដោយ​សារបាន​យកឈ្នះ​គូប្រកួត​រៀងខ្លួន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ធ្នូ កន្លង​ទៅ​នេះ ដោយ​រឿង សោ​ភ័​ណ្ឌ បាន​យក​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ​ហ្វា​មាំ​ង​កន ស៊ី​ត​ប៉ាន​សក្ដិ ដោយ​ពិន្ទុ ចំណែក​កីឡាករ​ថៃ​អូ​ប៉ ស​.​ថវី​ស៊ី​ត​វិញ​បាន​ផ្ដួល​កីឡាករ​ថៃ​ដូច​គ្នា​ឈ្មោះ​ណាត់​ថា​ក់​គាត ប្រាណ​ឈុំ​ភុ​ន ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤ ។  ទោះបី​រឿង សោ​ភ័​ណ្ឌ ធ្លាប់​យកឈ្នះ​ពិន្ទុ​កីឡាករ​អូ​ប៉ ស​.​ថ​.​វី​ស៊ី​ត នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ម្ដង​រួច​មក​ហើយ​ក្ដី ក៏​ជ័យជម្នះ​នោះ​ត្រូវ​គេ​មើលឃើញ​ថា​ទទួល​បាន​ទាំង​វេទនា​បំផុត ។

ជាក់ស្ដែង​រឿង សោ​ភ័​ណ្ឌ បង្ហើប​ថា កីឡាករ​ថៃ​ម្នាក់​នេះ​ពិតជា​ល្អ​មួយ​ចប់​តែ​ម្ដង​ទាំង​កម្ពស់​និង​កម្លាំង​ឡើង​ទៅ​ដែល​ធ្វើ​ឱ្យ​គេ​ពិបាក​ទប់ទល់​បំផុត ។ ប៉ុន្តែ​ភាព​ខ្លាំង​របស់​គូប្រកួត​ទាំង​អស់នេះ​មិនជា​បញ្ហា​ទេ អ្វី​ដែល​ធ្វើ​ឱ្យ​រូបគេ​ព្រួយបារម្ភ​ខ្លាំង​នោះ​គឺ​ខ្លាច​ជំងឺ​ថ្លោះ​ចង្កេះ​របស់​គេ​ដែល​ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង​ពេល​កំពុង​ហាត់​សមជា​មួយ​មិត្ត​រួម​អាជីព​កាលពី​ជាង​កន្លះ​ខែ​មុន ។​ពេល​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គេ​ប្រើ​តែ​ស្នៀត​កណ្ដាប់ដៃ​សុទ្ធសាធ​តែ​ម្ដង ព្រោះ​ស្នៀត​ជើង​មិន​អាច​ប្រើ​ការ​បាន​ឡើយ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ​នា​ពេល​ឆាប់​ៗ​ខាង​មុខ គេ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​យកឈ្នះ​ត្រឹមតែ​៥០%​ប៉ុណ្ណោះ ។

សព្វ​ថ្ងៃនេះ គេ​ព្យាយាម​ស្វែងរក​ការ​ព្យាបាល​ស្ទើរតែ​គ្រប់កន្លែង​អស់ហើយ​ទាំង​គ្រូពេទ្យ​និង​គ្រូខ្មែរ តែ​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ​អាការ​ថ្លោះ​ចង្កេះ​នេះ​ហាក់​មិន​ទាន់​ធូរស្រាល​នៅឡើយ ។ បើ​ដល់​ពេល​ហើយ​មិន​ទាន់​ជា​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត​មិន​ខាន ។

គួរ​បញ្ជាក់​ថា រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​ខ្លាំង​ខាង​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត​ជា​ពិសេស​កណ្ដាប់ដៃ​ឆ្វេង​របស់​គេ​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ បើ​គូប្រកួត​បណ្ដោយ​ឱ្យ​គេ​វាយ​ត្រូវ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។ ទោះបី​គេ​មិនសូវ​បាន​កម្ពស់ តែ​ការ​ប្រើ​ស្នៀត​ជើង​ទាត់​របស់​គេ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​ព្រោះ​ពេល​ទាត់​ចេញ​លឿន​និង​សំដៅ​សុទ្ធតែ​កញ្ចឹងក​តែ​ម្ដង​។​ដូច្នេះ​បើសិនជា​គេ​មិន​អាច​ប្រើ​ស្នៀត​ជើង​បាន គឺ​ត្រូវ​ខាតបង់​ដល់​ទៅ​៥០% រីឯ​៥០%​ទៀត​គឺ​សំអាង​តែ​លើ​ស្នៀត​កណ្ដាប់ដៃ​មួយ​មុខ​ប៉ុណ្ណោះ ។

រឿង សោ​ភ័​ណ្ឌ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក គេ​ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​៥​រួច​មក​ហើយ ។ នៅ​ឆ្នាំ​២០១៣​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ នៅ​ឆ្នាំ​២០១៤​និង​២០១៥​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​២​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ​២០១៦​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ នៅ​ឆ្នាំ​២០១៧​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រឿង សោ​ភ័​ណ្ឌ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​មួយទៀត ។

បើ​ទោះជា​ការ​ប្រកួត​មុន​ៗ​រឿង សោ​ភ័​ណ្ឌ ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​ជា​បន្តបន្ទាប់​ក្ដី ក៏​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​អូ​ប៉ ស​.​ថវី​ស៊ី​ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវាត់​​គោ​ជល់​ខាង​មុខ​នេះ គេ​បែរជា​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ដោយសារ​បញ្ហា​ថ្លោះ​ចង្កេះ​ទៅ​វិញ ។

ទោះបី​យ៉ាងណា អ្នកគាំទ្រ​សង្ឃឹមថា ដល់​ថ្ងៃ​ប្រកួត​បញ្ហា​ថ្លោះ​ចង្កេះ​របស់​រឿង សោ​ភ័​ណ្ឌ នឹង​ជា​សះស្បើយ​អាច​ឱ្យ​គេ​វាយ​អស់ពី​សមត្ថភាព​ដណ្ដើម​យក​ខ្សែក្រវាត់​ជើងឯក​គោ​ជល់បាន​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ