ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​គួរ​ចាប់អារម្មណ៍​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​ដើម្បី​ឱកាស​ការងារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្រូវការ​ជំនាញ​បច្ចេកវិទ្យា ជា​ពិសេស​ជំនាញ​ផ្នែក IT កំពុង​មាន​និន្នាការ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព ដែល​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​យុគ្គសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។…

រាជធានី​ភ្នំពេញ ៖ តម្រូវការ​ជំនាញ​បច្ចេកវិទ្យា ជា​ពិសេស​ជំនាញ​ផ្នែក IT កំពុង​មាន​និន្នាការ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព ដែល​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​យុគ្គសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​ថ្មី​ៗ​នេះ បាន​ក្លាយជា​របាំង​ឧបសគ្គ​សម្រាប់​យុវជន​ក្នុង​ការ​ស្វែងរក​ការងារ ប្រសិនបើ​ពួក​គេ​មិនឆាប់​ចាប់​យក​ជំនាញ​ផ្នែក​ICT ជា​មូលដ្ឋាន​គ្រឹះ​ទេ​នោះ ។

ទោះបី​យ៉ាងណា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យុវជន​ហាក់​ចាប់អារម្មណ៍​សិក្សា​ពី​ជំនាញ​នេះ​ច្រើន​ជាង​មុន ព្រោះ​ពួក​គេ​យល់​ថា ទីផ្សារ​ការងារ​ភាគច្រើន គឺ​ផ្ដោត​លើ​អ្នកមាន​ចំណេះដឹង​ខាង​បច្ចេកវិទ្យា​ជា​សំខាន់ ក្រៅពី​មានចំណេះ​ដឹង​មូលដ្ឋាន និង​ភាសា ។

លោក កាន់ វ៉ា​ន់​ឌី គ្រូបង្រៀន​ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​កំពុង​តែ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ដទៃ បន្ទាប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​មក ពិសេស​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​កំពុង​ជ្រៀតចូល​យ៉ាង​ជ្រៅ​ក្នុង​កិច្ចការ​សព្វសារពើ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។ ទោះបី​យ៉ាងណា យុវជន​កម្ពុជា​ឥឡូវ​មានការ​ចាប់អារម្មណ៍​ច្រើន​លើ​បច្ចេកវិទ្យា ។

លោក​ថា ៖« ស្ទើរតែ​គ្រប់​ស្ថាប័នរដ្ឋ​, ក្រុមហ៊ុន​នានា​ទាំងអស់ គឺ​ត្រូវការ​ជំនាញ​អាយ​ធី​ជា​ចាំបាច់ ដើម្បី​បំពេញតម្រូវការ​ការងារ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ភាព​ទាន់​សម័យ​កាល​បច្ចុប្បន្ន ។ អីចឹង ឲ្យ​តែ​មាន​ជំនាញ​ពិតប្រាកដ មិន​ខ្វះ​ទេ​ការងារ​ធ្វើ » ។

អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត ខូ​វ មក​រា បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ បាន​ពង្រីក​កា​រត​ភ្ជាប់​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​សឹង​គ្រប់​ជ្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំ​ឱ្យ​មានការ​រីកសាយ​ភាយ​យ៉ាង​ឆាប់រហ័ស​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ICT ទាំង​ក្នុង​ជីវភាព​រស់នៅ ការ​ធ្វើ​អាជីវកម្ម និង​ការងារ ។

លោក​ថ្លែង​ថា ៖« ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​រួម​មាន បណ្តាញ​សង្គម (Social Media), ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (e-Commerce), ការ​ផ្ទេរ និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (e-Transaction, e-Payment) និង​រាជរដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក (e-Government) … » ។

ទាំងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តម្រូវការ​ជំនាញ​បច្ចេកវិទ្យា មិនមែន​សម្រាប់​តែ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ជាដើម​ទុន​ដ៏​សំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​យុវជន​អាច​ក្លាយជា​សហគ្រិន​វ័យក្មេង តាម​រយៈ​ការ​បង្កើត​នូវ​ធុរកិច្ច​ថ្មី (Start-Up) ។

អាស្រ័យ​ហេតុនេះ យុវជន​គួរ​តាំងចិត្ត​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ចាប់​យក​ជំនាញ IT តាម​រយៈ​ការ​ប្រើប្រាស់​ពេលវេលា​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​ប្រកាន់​នូវ​គោល​ការណ៍​សកម្ម​រៀន (Pro-Active Learning) និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជា​គុណ​ប្រយោជន៍​​ដល់​ការ​សិក្សា និង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ព្រមទាំង​ជួយ​ដល់​ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច និង​សង្គម ដោយ​ចៀសវាង​ការ​ប្រើប្រាស់​ពេលវេលា និង​បច្ចេកវិទ្យា​នៅ​លើ​ផ្លូវខុស ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន All Public Relations មើលឃើញ​ថា ធនធាន​សម្រាប់​វិស័យ ICT របស់​យើង​នៅ​មាន​កម្រិត​មែន ប៉ុន្តែ​ទោះបី​យ៉ាងណា ក្រសួង​ប្រៃសណីយ៍ និង​ទូរគម​នាគមន៍ ក៏​ដូច​ជា​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនា​គមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា (NIPTICT) កំពុង​តែ​ខិតខំ​ជំរុញ​ការ​បណ្ដុះបណ្ដាល​លើ​ផ្នែក​នេះ ។

កញ្ញា ផេង គី​ម​ហ៊​ន នាយក​ក្រុមហ៊ុន​រូប​នេះ រំពឹង​ថា ៖« យើង​នឹង​មាន​សិស្ស​-​និស្សិត​ចូល​រៀន​ជំនាញ​នេះ​កាន់តែ​ច្រើន​នៅ​ថ្ងៃ​អនាគត ហើយ​ក៏​ជា​ឱកាស​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ » ។

យោង​តាម​ទិន្នន័យ​របស់​អង្គការ UNFPA ក្នុង​ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា កម្ពុជា ជា​ប្រទេស​​ដែល​មាន​យុវជន​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ក្នុង​នោះ​១​ភាគ​៥​នៃ​ប្រជាពលរដ្ឋ​កម្ពុជា មាន​អាយុ​ចន្លោះ​ពី​១៥​ដល់​២៤​ឆ្នាំ និង​ស្ទើរតែ​២​ភាគ​៣​នៃ​អត្រា​ប្រជា​ពលរដ្ឋ​សរុប​មាន​អាយុ​ក្រោម​៣០​ឆ្នាំ ហើយ​យុវជន​វ័យក្មេង​ទាំងនេះ គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សក្ដានុពល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម ។

គួរ​បញ្ជាក់​ថា បើ​តាម​តួលេខ​ក្រៅផ្លូវការ​នា​ចុងឆ្នាំ​២០១៧​នេះ អត្រា​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​ទូរស័ព្ទ​ចល័ត (Mobile Penetration) មាន​ប្រមាណ​១៤០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ហើយ​អត្រា​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​ចល័ត (Mobile Broadband Penetration) មាន​ប្រមាណ​៦៧%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ