ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​រថយន្ដ​ថ្មី​បន្ដមាន​កំណើន​ខ្ពស់ ខណៈ​សេវា​បង់​រំលស់​កាន់តែ​ច្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​លក់​រថយន្ត​ថ្មី​បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៧ ស្រប​ពេល​ការ​ទិញ​រថយន្ត​បង់​រំលស់​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក សេង វឹង អគ្គនាយក​ផ្នែក​បច្ចេកទេស​យានយន្ត​នៃ​ក្រុមហ៊ុន RMA…

រាជធានី​ភ្នំពេញ ៖ ការ​លក់​រថយន្ត​ថ្មី​បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៧ ស្រប​ពេល​ការ​ទិញ​រថយន្ត​បង់​រំលស់​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក សេង វឹង អគ្គនាយក​ផ្នែក​បច្ចេកទេស​យានយន្ត​នៃ​ក្រុមហ៊ុន RMA Asia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​៣ មក​រា ថា ការ​នាំ​ចូល​រថយន្ត​ជជុះ​បាន​ថយ​ចុះ​កាលពី​ឆ្នាំ​មុន ដោយសារ​អ្នក​នាំ​ចូល​បាន​សម្រុក​នាំ​ចូល​មុន​ពេល​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចូល​រថយន្ត​ថ្មី​កើនឡើង​ក្នុង​រង្វង់​២០% ហើយ​ចំនួន​រថយន្ត​ថ្មី​ចរាចរ​លើ​ដងផ្លូវ​បាន​កើន​រហូត​ដល់​ចន្លោះ​ពី​១៣​ទៅ​១៧%​នៃ​រថយន្ត​សរុប ។

លោក​បន្ត​ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​កើនឡើង និង​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ ការ​លក់​រថយន្ត​របស់ RMA បាន​កើនឡើង​ប្រមាណ​៣០%​ផង​ដែរ ។
លោក​បន្ត​ថា ៖« ការ​កើនឡើង​នៃ​ការ​លក់ ដោយសារ​រថយន្ត​ទំនើប​របស់​យើង គួប​ផ្សំ​នឹង​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ក៏​ដូច​ជា​ការ​ពេញ​និយម​ទិញ​រថយន្ត​ដោយ​បង់​រំលស់ » ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ប្រជាជន​មិន​ចង់​ចំណាយ​លុយ​ទាំង​ដុល​ទិញ​រថយន្ត​ទេ ដោយ​ពួក​គេ​ទុក​លុយ​ពង្រីក​មុខរបរ​ដទៃ​ទៀត ហើយ​បាន​សម្រេចចិត្ត​ទិញ​រថយន្ត​បង់​រំលស់»។

លោក សេង វឹង បាន​បន្ត​ថា ប្រសិនជា​គិត​ពី​ឆ្នាំ​២០១៨​នេះ លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម សម្រាប់​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា ប៉ុន្តែ​នេះ​ជា​ការ​ប្រមើល​មើល​ពី​ឥឡូវ​ប៉ុណ្ណោះ លោក​គិត​ថា ស្ថានភាព​នយោបាយ​នឹង​នៅ​តែ​មាន​លំនឹង គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ។

នាយក​ផ្នែក​ទីផ្សារ និង​លក់​នៃ​ក្រុមហ៊ុន​តូ​យ៉ូ​តា ខេ​ម​បូ​ឌា លោក លី ប៊ុ​ន​ហៃ បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា ការ​លក់​រថយន្ត​កាលពី​ឆ្នាំ​មុន​មាន​សញ្ញា​ល្អ​ប្រសើរ ធៀប​នឹង​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​សម្រេច​បាន​កំណើន​លក់​ចន្លោះ​ពី​២០​ទៅ​៣០% ។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម ដោយសារ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ និង​ស្ថានភាព​នយោបាយ​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

លោក​បន្ត​ថា ៖« ឆ្នាំ​២០១៨ ខ្ញុំ​គិត​ថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង ព្រោះ​យើង​អ្នក​រកស៊ី មិនសូវ​គិត​ពី​បញ្ហា​នយោបាយ​ទេ យើង​គិត​ពី​សេដ្ឋកិច្ច បើ​សេដ្ឋកិច្ច​ល្អ យើង​នៅ​តែ​បន្ត​រីក​ចម្រើន »​។​លោក​បន្ត​ថា ៖« ការ​លក់​រថយន្ត​កើនឡើង​មួយ​ផ្នែក ដោយសារ​ប្រជាពលរដ្ឋ​បាន​ទិញ​រថយន្ត​បង់​រំលស់​កាន់តែ​ច្រើន ព្រោះ​ពួក​គេ​គិត​ពី​ការ​ដាំ​លុយ ។ ដូច្នេះ ពួក​គេ​មិន​យក​លុយ​ទាំង​ដុំ​ទៅ​ទិញ​រថយន្ត​ទេ ពួក​គេ​ទុក​លុយ​រកស៊ី វា​ជា​ការ​ដាំ​លុយ ឬ​ធ្វើ​ឲ្យ​លុយ​កើតកូន » ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អ៊ិន ចាន់​នី បាន​ថ្លែង​ថា ឥណទាន​សម្រាប់​ទិញ​វត្ថុ ឬ​របស់របរ​ប្រើប្រាស់​កំពុង​កើនឡើង ប៉ុន្តែ​វា​មិន​ទាន់​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​នោះ​ទេ ។ លោក​បន្ត​ថា ឥណទាន​ប្រើប្រាស់​ជា​ប្រភេទ​ឥណទាន​មិន​ជួយ​ដល់​សេដ្ឋកិច្ច​ទេ ព្រោះ​ឥណទាន​បែប​នេះ​មិន​បង្កើត​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើយ ផ្ទុយ​ទៅ​វិញ វា​ជា​ឥណទាន​បំណុល ជា​ការ​ទិញ​បំណុល ។ លោក​បន្ត​ថា ៖ «ឥណ​ទាន​​បែប​នេះ បើ​កើនឡើង​ខ្លាំង​ពេក វា​ផ្តល់​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កំណើន​ខ្ពស់​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ