ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្កើត​វី​ដេ​អូ​និយាយ​ពី​ផ្លូវភេទ​ដ៏​ល្បី​លើ​ហ្វេ​ស​ប៊ុ​ក ទាមទារ​ឱ្យ​ហ្វេ​ស​ប៊ុ​ក​ដក Explore Feed

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​បង្កើត​វី​ដេ​អូ​ឃ្លី​ប​ណែនាំ និង​ចែករំលែក​ចំណេះដឹង​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ បាន​ស្នើ​សុំ​ឱ្យ​ហ្វេ​ស​ប៊ុ​ក ពិសេស​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ គឺ​លោក Mark Zuckerberg ពិចារណា​អំពី​ផល​ប៉ះពាល់​នៃ​ការ​បន្ថែម​មុខងារ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​បង្កើត​វី​ដេ​អូ​ឃ្លី​ប​ណែនាំ និង​ចែករំលែក​ចំណេះដឹង​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ បាន​ស្នើ​សុំ​ឱ្យ​ហ្វេ​ស​ប៊ុ​ក ពិសេស​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ គឺ​លោក Mark Zuckerberg ពិចារណា​អំពី​ផល​ប៉ះពាល់​នៃ​ការ​បន្ថែម​មុខងារ​ថ្មី Explore Feed នៅ​លើ​ហ្វេ​ស ប៊ុ​ក ដែល​កញ្ញា​ថា មុខងារ​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញមតិ ការ​ទទួល​​ព័ត៌មាន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

សំណើ​របស់ A Dose of Cath ដែល​មានឈ្មោះ​ដើម​ថា «​ខេត​ធឺ​រី​ន ហេ​រី​» ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់ Washington post កាលពី​ខែធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

កញ្ញា ខេត​ធឺ​រី​ន ហេ​រី (Catherine Harry) គឺជា​អ្នក​សរសេរ​ប្លុក និង​ជា​និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ។ និស្សិត​ស្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ តែងតែ​បង្ហាញ​សារ ឬ​វី​ដេ​អូ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវភេទ សិទ្ធិ​ស្មើភាព​គ្នា​រវាង​បុរស​និង​ស្ត្រី និង​គំនាប​សង្គម​ផ្សេង​ៗ​ដែល​តែង​ដាក់បន្ទុក​ទៅ​លើ​ស្ត្រី ។

នៅ​ក្នុង​ការ​ចុះ​ផ្សាយ​របស់ Washington post អ្នក​សរសេរ​ប្លុក​វ័យក្មេង​រូប​នេះ បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​ខាង​បច្ចេកវិទ្យា​អាច​ល្អ ប៉ុន្តែ​អ្នកគ្រប់គ្រង​ហ្វេ​ស​ប៊ុ​ក​ចាំបាច់​ត្រូវ​ពិចារណា​ការ​ពិត​ដែល​ថា ជម្រើស​របស់​ខ្លួន​អាច​នាំ​ផលវិបាក​មិនល្អ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់ ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ ។

កូន​ខ្មែរ​ដែល​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​រូប​នេះ ប្រាប់​កោះសន្តិភាព បន្ថែម​ថា៖ «​កម្មវិធី Explore Feed នេះ​មាន​ផល​ប៉ះពាល់​មួយ​ចំណែក​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពីព្រោះ​ទាល់តែ​គេហទំព័រ​ដែល​បំប៉ោង​ចំនួន​អ្នក​ទស្សនា​ដោយ​ប្រើប្រាស់​លុយ ទើប​ការ​ផុស​របស់​ពួក​គាត់​អាច​ចូល​ទៅ​ក្នុង News Feed របស់​អ្នក​ប្រើប្រាស់​បាន។ ហេតុនេះ វា​ធ្វើ​ឲ្យ​គេហទំព័រ​បញ្ចេញមតិ​តូច​ៗ ឬ​អង្គការ​តូច​ៗ​ដែល​គាត់​មិនសូវ​មាន​ប្រាក់​កម្រៃ​មាន​ភាព​លំបាកលំបិន​ក្នុង​ការ​ឈាន​ទៅ​ដល់​អ្នក​ទស្សនា » ។

ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន ដោយ​បន្ថែម​មុខងារ​ថ្មី​មួយទៀត​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ ឈ្មោះ​ថា Explore Feed ។ មុខងារ​ថ្មី​នេះ បាន​ធ្វើការ​បែងចែក​រាល់ Pages ទាំងអស់​ត្រូវ​បាន​ដាក់​នៅ​ក្នុង Explore Feed រីឯ​មុខងារ News Feed គឺ​សម្រាប់​បង្ហាញ​តែ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គណនី​បុគ្គល​ប៉ុណ្ណោះ​។ មាន​ន័យ​ថា ការ​បង្ហោះ​មាតិកា​របស់ Pages ទាំងនោះ​លែង​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​ព័ត៌មាន​លំនាំ​ដើម​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ពួក​គេ​បើក ហ្វេ​ស​ប៊ុ​ក​ជា​លើក​ដំបូង​ទៀត​ហើយ ទាល់តែ​ចុច​ទៅ​ផ្នែក​ផ្សេង​មួយទៀត មាន​រូប​យន្តហោះ (Explore Feed) ជា​សម្គាល់ ទើប​អ្នក​ប្រើប្រាស់​បានឃើញ​នូវ​អ្វី​ដែល Pages ទាំងនោះ​បាន​បង្ហោះ ។

ការ​សាកល្បង​បន្ថែម​មុខងារ​ថ្មី​របស់​ហ្វេ​ស​ប៊ុ​ក គឺ​អនុវត្ត​សាកល្បង​នៅ​ប្រទេស​ចំនួន​៦ រួម​មាន ស្រី​លង្កា បូ​លី​វី ស្លូ​វ៉ា​គី សែ​ប៊ី ក្វា​តេ​ម៉ា​ឡា និង​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧។

កញ្ញា ខេត​ធឺ​រី​ន បាន​និយាយ​ពី​ផល​ប៉ះពាល់​របស់​ខ្លួន​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ កញ្ញា​បាន​បង្កើត Pages ផ្ទាល់ខ្លួន និយាយ​ពី​ប្រធានបទ​ដែល​សង្គម​ខ្មែរ​មិន​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​និយាយ ជា​ពិសេស​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ ។

នាង​បន្ត​ថា ៖« ខ្ញុំ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​YouTube និង​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទៅ​ដល់​ទស្ស​និក​ជន​របស់ខ្ញុំ ។ ក្នុង​រយៈពេល​៩​ខែ​ដំបូង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ Dose of Cath បាន​ទាក់​ទាញ​ការ​ចូល​ចិត្ត (Like) ជាង​១៧​ម៉ឺន ដោយ​វី​ដេ​អូ​ភាគច្រើន​មាន​ជា​មធ្យម​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ចំនួន​នៃ​អ្នក​ទស្សនា​មាន​ប្រហែល​១​ម៉ឺន​២​ពាន់​នាក់​ក្នុង​រយៈពេល​១​ម៉ោង​ដំបូង ខ្ញុំ​ទទួល​បាន​តែ​៥.០០០​នាក់​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​នេះ​អស់​រយៈពេល​៥​ម៉ោង » ។

នាង​និយាយ​ថា មិនមែន​តែ​នាង​ទេ ដែល​ប៉ះពាល់ អ្នក​សរសេរ​ប្លុក​ផ្សេង​ទៀត​ក៏​បាន​ប៉ះពាល់​ដូច​គ្នា ។ តួយ៉ាង អ្នកខ្លះ​នៅ​ពេល Live ផ្ទាល់​វី​ដេ​អូ​ធ្លាប់​មាន​អ្នក​ចូល​មើល​ពី​២​ពាន់​ទៅ​៣​ពាន់​នាក់ តែ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​នេះ មាន​ត្រឹម​៣០​ទៅ​៤០​នាក់​ប៉ុណ្ណោះ ។
កញ្ញា​បន្ថែម​ថា ប្រទេស​កម្ពុជា​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៥​លាន​នាក់​ដែល​មាន​៤,៨​លាន​នាក់​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ។ បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បាន​ផ្តល់​នូវ​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​១​ភាគ​៣​នៃ​ចំនួន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង ។

លោក សូ សោ​ទ្ធី មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ Forum Seed បាន​ប្រាប់​ថា បន្ទាប់​ពី​បន្ថែម​មុខងារ និង​បែងចែក​ផ្នែក​ផ្សេង​រវាង Explore Feed និង News Feed ការ​ទទួល​ព័ត៌មាន​របស់​លោក​ហាក់​ពិបាក​ជាង​មុន និង​ចំណាយពេល​ច្រើន ។

លោក​បាន​ប្រាប់​បន្ថែម​ថា ៖« ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តាមដាន​ព័ត៌មាន យើង​ធ្វើការ​នៅ​ក្នុង​ផ្នែក​សង្គម​ស៊ី​វិល ក៏​ដូច​ជា​អ្នកធ្វើការ​រដ្ឋ​ក៏​ដោយ ក៏​តែង​តាមដាន​ព័ត៌មាន តែ​នៅ​ពេល​ដែល​មានការ​បែងចែក Explore Feed និង News Feed ព័ត៌មាន​ភាគច្រើន​បាន​រត់​ចូល​នៅ​ក្នុង Explore Feed ទាល់តែ​យើង​ចុច​ទៅ Explore Feed ហើយ​វា​អត់​មាន notification ដូច News Feed ពី​មុន​ទេ ។ ជា​ធម្មតា យើង​មិន​មាន​ពេលវេលា​ទៅ​អូស (scroll) នៅ​ក្នុង Explore Feed ហ្នឹង​ទាំងអស់​បាន​ទេ អីចឹង យើង​អាច​នឹង​បាត់​ព័ត៌មាន​មួយ​ចំនួន​ដែល​ខ្ញុំ​តែងតែ​ទទួល​បាន​នៅ​ក្នុង News Feed » ។

លោក​ក៏​ចង់ឱ្យ​ហ្វេ​ស​ប៊ុ​ក​ឈប់​ចែក​មុខងារ​ទាំង​ពីរ​ផង​ដែរ ហើយ​ប្រសិនបើ​មានការ​បែង​ចែក គួរតែ​ឱ្យ​ទំព័រ​ព័ត៌មាន​រត់​ចូល​ទៅ​ក្នុង​ផ្ទាំង News Feed ដែល​វា​ជា​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មហាជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ។

លោក ង៉ែត មូ​សេ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា «​សង់​ត្រា​ល់​» បាន​ប្រាប់​ឱ្យ​ដឹង​ថា នេះ​ជា​ការ​ធ្វើតេស្ត​របស់​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​ការ​ធ្វើតេស្ត​នេះ បាន​ធ្វើ​ឱ្យ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ពី​ទំព័រ​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ ។

យ៉ាងណាមិញ លោក​បញ្ជាក់​ថា ការ​បែងចែក​នេះ វា​ក៏​ផ្តល់​ផល​ល្អ​ផង​ដែរ ដែល​វា​អាច​កាត់​បន្ថយ​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ។

លោក​ពន្យល់​បន្ថែម​ថា ៖« សម្រាប់ Page ណា​ដែល​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ Fake News នឹង​កាត់​បន្ថយ ប៉ុន្តែ​សម្រាប់ Page ណា​ដែល​គេ​ធ្វើ​ព័ត៌មាន​ពិតប្រាកដ ឬ​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ វា​ក៏​ចូល​គន្លង​តែ​មួយ អីចឹង បើ​ហ្វេ​ស​ប៊ុ​ក​ដាក់​នៅ​ក្នុង Explore Feed ទាំងអស់ អាហ្នឹង​​វា​ពិបាក​ហើយ ព្រោះ Friend បាន​ចុច Like អត់​បាន​ចុច​មើល​ព័ត៌មាន » ។

លោក​បន្ថែម​ថា ដើម្បី​កុំឱ្យ​ប៉ះពាល់​ការ​ទទួល​បាន​ព័ត៌មាន ហ្វេ​ស​ប៊ុ​ក​គួរតែ​ដាក់​ទំព័រ​ណា​ដែល​មាន​សញ្ញា​គ្រី​ស​ពណ៌​ខៀវ (Blue Tick) អាច​លេចឡើង​លើ Wall post ឬ News Feed ដោយ​បាន​មិន​ចាំបាច់​ត្រូវ​បញ្ចូល​ក្នុង Explore Feed ទាំងអស់​ទេ ។

លោក​ប្រាប់​បន្ត​ថា ៖« ជា​ទូទៅ យើង​អ្នក​ប្រើប្រាស់​គិត​ថា ការ​បែងចែក​វា​អត់​ល្អ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់​ព័ត៌មាន​ច្រើន ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​វិញ​គិត​ថា ស្អី​ក៏​ដោយ គ្មាន​អាហារ​ដែល​បាន​ដោយ​អត់​អស់​លុយ​ទេ យើង​ប្រើ​សេវា​គេ យើង​ត្រូវ​តែ​បង់​ឱ្យ​គេ អីចឹង ប្រើ​សេវា​របស់​ហ្វេ​ស​ប៊ុ​ក គេ​អាច​ធ្វើ​អី​ដែល​គេ​ចង់បាន » ។

ជា​ការ​ពិត មិនមែន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​បញ្ចេញ ការ​ផ្តល់ និង​ទទួល​ព័ត៌មាន​ប៉ុណ្ណោះ​ទេ វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ដល់​អ្នក​រកស៊ី ដែល​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​កន្លែង​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បង្កើត​ជា Page ហើយ​ផុស​នូវ​រាល់​ផលិតផល និង​សេវាកម្ម​នានា​​នៅ​លើ Pages របស់​ខ្លួន ដោយ​មិន​បង់ថ្លៃ​ទៅ​ហ្វេ​ស​ប៊ុ​ក ។

បន្ទាប់​ពី​ការ​បន្ថែម​មុខងារ​ថ្មី​របស់​ហ្វេ​ស​ប៊ុ​ក អ្នក​ប្រកប​អាជីវកម្ម​តាម​អន​ឡាញ​ទាំងអស់​បាន​ត្អូញត្អែរ​ពី​ការ​បាត់បង់​អតិថិជន រាល់ពេល​បង្ហោះ​ទំនិញ​នៅ​លើ​បណ្ដាញ​សង្គម គឺ​លែង​មាន​ប្រសិទ្ធភាព​ដូច​មុន ។ ជាក់ស្ដែង រាល់ Page នីមួយ​ៗ​មាន​អ្នក​ចុច​ចូល​ចិត្ត​រាប់​ម៉ឺន រាប់​សែន​នាក់ ឬ Page ខ្លះ​មាន​ដល់​ខ្ទង់លាន​ផង​នោះ មិន​អាច​ឱ្យ​អ្នក​ដែល​បាន​ចុច Like Page ឃើញ​នូវ​ព័ត៌មាន​ផលិតផល និង​សេវាកម្ម​នៅ​លើ News Feed ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ