ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2017 កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​63​ម៉ឺន​តោន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​របស់​កម្ពុជា សម្រេច​បាន​ជាង​៦៣,៥​ម៉ឺន​តោន កើនឡើង​ជិត​១០​ម៉ឺន​តោន ស្មើនឹង​ប្រមាណ​១៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​របស់​កម្ពុជា សម្រេច​បាន​ជាង​៦៣,៥​ម៉ឺន​តោន កើនឡើង​ជិត​១០​ម៉ឺន​តោន ស្មើនឹង​ប្រមាណ​១៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ ចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

លទ្ធផល​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​បង្ហាញ​ពី​កំណើន​មួយ​ខ្ពស់ និង​ត្រូវ​បាន​សាទរ​ពី​អ្នក​ពាក់ព័ន្ធ​ផង​ដែរ ។ ទោះបី​យ៉ាងណា ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ បណ្ដា​ក្រុម​ហ៊ុននាំ​ចេញ​​អង្ករ​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ​ដែល​រាំងស្ទះ​ដល់​ដំណើរការ​ក្នុង​វិស័យ​នេះ ជា​ពិសេស​គឺ​បញ្ហា​អគ្គិសនី​, ការ​ដឹក​ជញ្ជូន និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​នៅ​តែ​របាំង​រាំង​ខ្ទប់​សម្រាប់​ក្រុមហ៊ុននាំចេញ និង​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ រួម​នឹង​ប្រមុខ​រដ្ឋាភិបាល ជួយ​ដោះស្រាយ ។

នាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ លោក ឧកញ៉ា សុង សា​រ៉​ន បាន​មាន​ប្រសាសន៍ បញ្ហា​តម្លៃ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​អង្ករ ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖« យើង​ចង់ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​បញ្ហា​ភ្លើង និង​ការ​ដឹក​ជញ្ជូន ធ្វើ​ម៉េច​ឱ្យ​ការ​សាងសង់​ប្រព័ន្ធ​ផ្លូវដែក​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ចប់​នៅ​ឆ្នាំ​២០១៨ នោះ​យើង​សង្ឃឹមថា តម្លៃ​ការ​ដឹក​ជញ្ជូន នឹង​ល្អ​ប្រសើរ​បន្តិច។ តែ​នៅ​ពេល​សព្វ​ថ្ងៃនេះ វា​មិន​ទាន់​ឃើញ​មាន​លក្ខណៈ​ប្រសើរ​នៅឡើយ​ទេ »​។

លោក​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ សង្ឃឹមថា តម្លៃ​អគ្គិសនី​អាច​ចុះថ្លៃ​ជាង​មុន​បន្តិច នោះ​ជា​រឿង​ល្អ សម្រាប់​ធ្វើការ​កែ​ច្នៃ ។ ចំណែក​បញ្ហា​ពន្ធ ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​មើល និង​ជួយ​សម្រួល​របាំង​ពន្ធ​ផ្សេង​ឱ្យ​អស់ ដើម្បី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ក្នុង​វិស័យ​កសិ​កម្ម និង​វិស័យ​ផ្សេង​ទៀត​ឱ្យ​មាន​សកម្មភាព​ផុសផុល ព្រោះ​កម្ពុជា​ជា​ប្រទេស​កសិ​កម្ម ត្រូវការ​អ្នក​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដំឡើង​រោងចក្រ​កែ​ច្នៃ​ឱ្យ​បាន​ច្រើន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទិញ​ស្រូវ​ពី​កសិករ​បាន​គ្រប់​ៗ​គ្នា ។

លោក​ឧកញ៉ា សុង​សា​រ៉​ន ក៏​បាន​ស្នើ​ក្រសួង​ពាក់ព័ន្ធ​រក​វិធី​យ៉ាងណា​បញ្ចុះ​ថ្លៃ​ជី និង​ពង្រីក​ផ្លូវទឹក​ឱ្យ​បាន​ច្រើន​ផង​ដែរ សម្រាប់​កាត់ បន្ថយថ្លៃ​ដើម​ជូន​កសិករ ឬ​បង្កើន​ការ​វិនិយោគ​នៅ​ក្នុងស្រុក​។ ជាមួយ​គ្នា​នេះ ត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​ទៅ​ដល់​កសិករ ដើម្បី​មាន​លទ្ធភាព​ទិញ​គ្រឿងយន្ត ឬ​មាន​បំពាក់​គ្រឿងយន្ត​ផ្សេង​ៗ​ឱ្យទាន់​សម័យកាល ។

លោក​ថា ៖« សព្វ​ថ្ងៃនេះ យើង​ដាំ​ស្រូវ​កម្រិត​ពាណិជ្ជកម្ម យើង​មិនមែន​ដាំ​ស្រូវ​ដូច​សម័យ​១០​ឆ្នាំ​មុន​នោះ​ទេ » ។

ចំណែក​​លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង​រ៉ា​យស៍ មាន​ប្រសាសន៍​​ដែរ​ថា​៖« ចំណុច​ដែល​ជា​ឧបសគ្គ​សម្រាប់​ការ​នាំ​ចេញ​រាល់​ថ្ងៃនេះ គឺ​យើង​ខ្វះ​ប្រភេទ​ស្រូវ​សម្រាប់​កែ​ច្នៃ​នាំ​ចេញ​ស្តុក​ទុក​, ខ្វះ​កុងតឺន័រ និង​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន ។ រាល់​ថ្ងៃនេះ បើ​យើង​ចង់​នាំ​ចេញ​បរិមាណ​អង្ករ​១​លាន​តោន ខ្ញុំ​គិត​ថា​ស្រុក​ខ្មែរ​ប្រហែល​ខ្វះ​កុងតឺន័រ និង​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន »​។

លោក​ឧកញ៉ា​ថា ៖« បើ​ចង់​សម្រួល​ឱ្យ​ការ​នាំ​ចេញ​បាន​ប្រសើរ ទាល់តែ​ការ​ដឹក​ជញ្ជូន​ត្រូវ​មាន​ភាព​ងាយស្រួល និង​មាន​កុងតឺន័រ​គ្រប់គ្រាន់​,​បញ្ចុះតម្លៃ​អគ្គិសនី ។ ចំណែក​នៅ​កំពង់​ផែ ត្រូវ​មាន​កប៉ាល់​ខ្នាត​ធំ ព្រោះ​សព្វថ្ងៃ ការ​នាំ​ចេញ​អាច​ដឹក​បាន​តែ​កប៉ាល់​តូច​ៗ​ទេ បើ​ប្រទេស​ណា​គេ​ចង់​កុម្ម​ង់​ច្រើន ធ្វើ​អត់​ចេញ​។ ខ្ញុំ​ជឿ​ថា​ប្រ​សិន​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប៉ុន្មាន​ចំណុច នេះ​ចេញ នោះ​ការ​ការ​នាំ​ចេញ​អង្ករ​របស់​យើង នឹង​កើនឡើង​ច្រើន​បន្ត​ទៀត »​។

យោង​តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គ្រោង​នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦ នៅ​ថ្ងៃ​ទី​២២ និង ២៣ ខែមករា ឆ្នាំ​២០១៨ ហើយ​វេទិកា​នេះ នឹង​ក្លាយជា​វេទិកា​ពិភាក្សា​អំពី​បញ្ហា និង​រក​ដំណោះស្រាយ​ស្រូវ​អង្ករ​ជា​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ