ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ភ្ញៀវ​ទេសចរ​ជាង​2,5​លាន​នាក់ដើរ​កម្សាន្ដ​ឆ្លង​ឆ្នាំ​សកល​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ លោក​ថោ​ង ខុន បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ លោក​ថោ​ង ខុន បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាង​២,៥​លាន​នាក់ ដែល​​បាន​ដើរ​លេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស កើនឡើង​ប្រមាណ​​ពី​៣០​ទៅ​៣៥% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៨​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​ពី​១០​ទៅ​១២%​និង​ភ្ញៀវ​ទេសចរ​ជាតិ​កើន​ប្រមាណ​ពី​៣៥​ទៅ​៤០% ។

លោក​រដ្ឋមន្ត្រី​បាន​រៀបរាប់​អំពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ​ដូច​ជា ៖

១-​រាជធានី​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​១,១៦​លាន​នាក់​, ខេត្តសៀមរាប​ប្រមាណ​៣៣​ម៉ឺន​នាក់​, ខេត្ត​ព្រះ​សីហ​នុ​ប្រមាណ​២១,៥​ម៉ឺន​នាក់​, ខេត្ត​កែប​ប្រមាណ​១០,៦​ម៉ឺន​នាក់​, ខេត្តកំពត​ប្រមាណ​១២​ម៉ឺន​នាក់ ក្នុង​នោះ​បូកគោ​៤​ម៉ឺន​នាក់​, ខេត្តកោះកុង​ប្រមាណ​១,៥​ម៉ឺន​នាក់​, ខេត្តមណ្ឌលគិរី​ប្រមាណ​១,១​ម៉ឺន​នាក់ និង​ខេត្តរតនគិរី ប្រមាណ​៩.៧០០​នាក់ ។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ចា​ក់ថា សម្រាប់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​លើក​ក្រោយ​ទៀត ទាំង​រដ្ឋ​មន្ដ្រី​ក្រសួង​ទស​ចរណ៍ ទាំង​មន្ដ្រី​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​​គណៈកម្មការ​មួយ ដូច​គណៈកម្មការ​ការពារ​សុវត្ថិភាព​ពិធីបុណ្យ​អុំទូក​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដូច​ជា​គ្រប់គ្រង​តាម​ច្រក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ហាម​យានយន្ត ម៉ូតូ​ចូល​ក្នុង​តំបន់​ជុំវិញ​នៃ​កម្មវិធី​ដើម្បី​ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ឬ​បង្ក​បញ្ហា​ផ្សេង​ៗ​ដល់​ភ្ញៀវ​ទេសចរ ។

លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ ថា៖ « ប្រជាជន​ជាង​១​លាន​នាក់​បាន​ដើរ​កម្សាន្ដ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ សូ​ម្បី​តែ​ខ្ញុំ​ជាប់​ក្នុង​រថយន្ត​ប្រមាណ​៥​ម៉ោង​ដែរ ។ កន្លង​មក​យើង​រៀប​ចំ​គណៈកម្មការ​សម្រាប់​បុណ្យអុំទូក តែ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ដូច​ជា​យើង​ភ្លេច ហេតុនេះ​យើង​គួរតែ​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​មួយ និង​រៀបចំ​កន្លែង​ផ្ញើ​រថយន្ដ ម៉ូតូ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​កាន់​កន្លែង​កម្សាន្ដ​នៅ​តាម​មាត់ទន្លេ និង​ជុំវិញ​រាជវាំង »​។

លោក ថោ​ង ខុន បន្ត​ថា តាម​រយៈ​សកម្មភាព​នៃ​ការ​ដើរ​លេង​កម្សាន្ត​ដ៏​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ ហើយ​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ ។

កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​បាន​ច្រើន​បែប​នេះ គឺ​ពឹងផ្អែក​ជា​សំខាន់​ទៅ​កត្តា​មួយ​ចំនួន​ដូច​ជា សុខ​សន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់​, ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវ ថ្នល់ និង​ស្ពាន ត្រូវ​បាន​សាង​សង់​ត​ភ្ជាប់​ខ្វាត់ខ្វែង​ដែរ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរ​ដ ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទាំងស្រុង ដោយ​បាន​មាន​ប្រសាសន៍​ថា ៖« យើង​គួរ​មាន​គណៈកម្មការ ដើម្បី​រៀបចំ​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​នេះ ព្រោះ​បុណ្យ​ផ្សេង​ៗ​សុទ្ធតែ​មាន​គណៈកម្មការ​ទទួលខុសត្រូវ ហេតុនេះ​យើង​គួរតែ​មានការ​រៀបចំ​គណៈកម្មការ​សម្រាប់​បុណ្យចូលឆ្នាំ​សកល​ផង​ដែរ »​។

លោកស្រី​បន្ត​ថា ៖« ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចេញ​កម្សាន្ដ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ពិធីបុណ្យ​ចូល ឆ្នាំ​សកល​ទោះជា​មិន​បាន​រៀបចំ​បាន​ល្អ​ក្តី
តែ​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ដោយ​ខ្លួនឯង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ