ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញា​ពេជ្រ អស់សង្ឃឹម​ចំពោះ​ការ​ក្រោក​ដើរ​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​ថ្លែង​អស់សង្ឃឹម​ជា​ថ្មី បន្ទាប់​ពី​អាការ​ជំងឺ​របស់​នាង​មិន​អាច​វិល​ទៅ​រក​សភាព​ដើម ហើយ​ត្រូវការ​ពេលវេលា និង​ប្រាក់​ច្រើន​សម្រាប់​បន្ត​ការ​ព្យាបាល ។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ពៅ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​ថ្លែង​អស់សង្ឃឹម​ជា​ថ្មី បន្ទាប់​ពី​អាការ​ជំងឺ​របស់​នាង​មិន​អាច​វិល​ទៅ​រក​សភាព​ដើម ហើយ​ត្រូវការ​ពេលវេលា និង​ប្រាក់​ច្រើន​សម្រាប់​បន្ត​ការ​ព្យាបាល ។

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ពៅ បញ្ញា​ពេជ្រ បាន​បន្តជីវិត​របស់​ខ្លួន​ទាំង​ពិការ​អង្គុយតែ​នៅ​លើរ​ទះ​រុញ ជាមួយនឹង​ការ​ព្យាបាល​តាម​វិធីសាស្ត្រ​មួយ​ចំនួន ក្នុង​ក្តី​រំពឹង​ថា​ខ្លួន​នឹង​អាច​មានភ័ព្វ​វាសនា​បាន​ដើរ​ធម្មតា​ឡើង​វិញ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពៅ បញ្ញា​ពេជ្រ នៅ​តែ​មិន​ទាន់​អាច​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ពី​ការ​វិល​មក​សភាព​ដើម​នោះ​វិញ​ឡើយ ទើប​នាង​បាន​សម្តែង​ការ​អស់សង្ឃឹម ខណៈ​ពេល​ដែល​ជំងឺ​របស់​នាង​ក៏​ត្រូវការ​ប្រាក់​ច្រើន​បន្ថែម​ទៀត​ដើម្បី​ព្យាបាល ។

ថ្មី​ៗ​កន្លង​មក ទំព័រ​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​បទ «​ស្នេហ៍​គ្មាន​លក្ខខណ្ឌ​» កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារ​ថ្លែង​ពី​អាការ​ជំងឺ​របស់​នាង​ថា «​បាន​ប៉ុនណា​យក​ប៉ុណ្ណឹង ! ខ្ញុំ​មិនមែន​មិន​ចង់​ដើរ​បាន​វិញ​ទេ ខ្ញុំ​ក៏​មិន​ចង់​ពិការ​បែប​នេះ​ដែរ តែ​អាការ​ខ្ញុំ​គឺ​មិន​សង្ឃឹម ។

បើ​មាន​ផ្លូវ ទាល់តែ​យើង​ត្រូវ​មាន​លុយ​ច្រើន​សម្រាប់​ចំណាយ សួរ​ថា​ខ្ញុំ​ទៅ​ធ្វើ​អី​បាន អ៊ីចឹង​​បានជា​ខ្ញុំ​សរសេរ​ថា​បាន​ប៉ុណ្ណេះ​គឺ​គ្រប់គ្រាន់​ហើយ ។ ខ្ញុំ​ក៏​ត្រៀមខ្លួន​វេទនា​ដែរ​នៅ​ពេល​ដែល​គ្មាន​អ្នក​មើលថែ ព្រោះ​វាសនា​ខ្ញុំ​យក​មក​បាន​តែ​ប៉ុណ្ណឹង ។ ខ្ញុំ​ធ្លាប់​ឲ្យ​គេ​ព្យា​បាល​​ដោយ​ចលនា គេ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់ឆ្អឹង​ជើង​មួយ​ចំហៀង ដោយសារ​ខ្ញុំ​មិនដឹង​ឈឺ តែ​ពេល​នេះ​ជើង​ខ្ញុំ​មិន​រឹង​មាំ​ទេ ខ្ញុំ​មិន​ហ៊ាន​ឈរ​ខ្លាច​ធ្ងន់​លើស​ដើម »​។

បន្ទាប់​ពី​បង្ហាញ​សារ​ដ៏​ក្រៀមក្រំ​មួយ​នេះ​មក​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​ចូលរួម​លើកទឹកចិត្ត​ដល់​ពៅ បញ្ញា​ពេជ្រ កុំ​ឲ្យ​អស់សង្ឃឹម និង​ត្រូវ​តស៊ូ​បន្ថែម​ទៀត ដ្បិត​ស្ថាន​ភាព​របស់​នាង​នា​ពេល​នេះ​គឺ​មានសំណាង​ជាង​តារា​មួយ​ចំនួន​ដែល​ជួប​រឿង​នេះ​ដូច​គ្នា។

ចាប់តាំងពី​ការ​វិល​មក​ពី​ប្រទេស​ថៃ ដើម្បី​បន្ត​ការ​ព្យាបាល​នៅ​ក្នុងស្រុក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ជា​បន្តបន្ទាប់ ដោយ​នាង​ពុំ​មាន​ការ​ខ្លាចរអា​ល​ពី​សុវត្ថិភាព​ដូច​ពេល​មុន​ឡើយ ដ្បិត​នាង​វិល​មក​វិញ​នា​ពេល​នេះ​ត្រឹម​រស់​ជា​មនុស្ស​ពិការ​ម្នាក់​ប៉ុណ្ណោះ ។

ពៅ បញ្ញា​ពេជ្រ ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសាបរទេស​មួយ​ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​នាង​ពិការ​ហូត​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ