ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើ​ឱ្យ​មានគណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ ឈាន​ចូល​ថ្ងៃ​ទី​១ មក​រា ២០១៨ ប្រជា​ពល​រដ្ឋ​ក្នុង​រាជធានី​បាន​មក​លេង​កម្សាន្ដ​នៅ​តាម​មាត់ទន្លេ និង​មុខ​ព្រះ​បរមរាជវាំង​ប្រមាណ​​ជាង​១​លាន​នាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ ឈាន​ចូល​ថ្ងៃ​ទី​១ មក​រា ២០១៨ ប្រជា​ពល​រដ្ឋ​ក្នុង​រាជធានី​បាន​មក​លេង​កម្សាន្ដ​នៅ​តាម​មាត់ទន្លេ និង​មុខ​ព្រះ​បរមរាជវាំង​ប្រមាណ​​ជាង​១​លាន​នាក់ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរា​ចរណ៍​រាប់​ម៉ោង និង​មានការ​មិន​សប្បាយចិត្ត​ផង​ដែរ ។

ទោះបី​យ៉ាងណា ដោយសារ​តែ​កត្តា​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​ការ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​នានា ឲ្យ​មាន​របៀបរៀបរយ​ដូច​ពិធីបុណ្យ​អុំទូក​ដែរ ។

លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ ថា នៅ​រាជធានី​ភ្នំពេញ​ប្រជាជន​ជាង​១​លាន​នាក់​បាន​មក​កម្សាន្ដ​នៅ​តំបន់​មាត់ទន្លេ និង​ជុំ​វិញ​​ព្រះ​បរមរាជវាំង ដែល​ធ្វើ​ឲ្យ​ចំនួន​មនុ​ស្សមានភាព​កកកុញ និង​ស្ទះចរាចរណ៍​រាប់​ម៉ោង ។ ហេតុនេះ យើង​គួរ​រៀបចំ​គណៈកម្មការ​មួយ ដូច​គណៈកម្មការ​បុណ្យអុំទូក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ដ​បាន​សប្បាយ​រីករាយ និង​មាន​សណ្តាប់ធ្នាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​រថយន្ត និង​ម៉ូតូ​ចូល​តំបន់​កម្សាន្ដ​ឡើយ ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា​ប្រជាជន​ជាង​១​លាន​នាក់ បាន​ដើរ​កម្សាន្ដ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ សូ​ម្បី​តែ​ខ្ញុំ​ជាប់​ក្នុង​រថយន្ត​ប្រមាណ​៥​ម៉ោង​ដែរ »​។ លោក​បន្ត​ថា ៖« បុណ្យចូលឆ្នាំ​សកល​មិនមែន​ជា​បុណ្យប្រពៃណី​ជាតិ​របស់​យើង​ទេ តែ​ជា​បុណ្យ​សកល ដែល​ប្រជាជន​នៅ​គ្រប់​ប្រទេស​រីករាយ​ស្វាគមន៍​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី »​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា កន្លង​មក​យើង​រៀបចំ​គណៈកម្មការ​សម្រាប់​បុណ្យអុំទូក តែ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ដូច​ជា​យើង​ភ្លេច ហេតុនេះ​យើង​គួរតែ​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​មួយ និង​រៀប​ចំ​កន្លែង​ផ្ញើ​រថយន្ដ ម៉ូតូ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​កាន់​កន្លែង​​កម្សាន្ដ​នៅ​តាម​មាត់ទន្លេ និង​ជុំវិញ​រាជវាំង ។

ទាក់ទង​នឹង​ដំណើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ នៅ​តាម​រមណីយដ្ឋាន​នានា រដ្ឋមន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ដើរ​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​បាន​កើនឡើង​ច្រើន​ណាស់ ដោយសារ​តម្លៃ​នៃ​សុខ​សន្តិភាព ស្ថិរភាព​ន​យោ​យ​បាយ និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទាំងស្រុង ដោយ​បាន​មាន​ប្រសាសន៍​ថា ៖ «យើង​គួរ​មាន​គណៈកម្មការ ដើម្បី​រៀបចំ​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​នេះ ព្រោះ​បុណ្យ​ផ្សេង​ៗ​សុទ្ធតែ​មាន​គណៈកម្មការ​ទទួល ខុស​ត្រូវ ហេតុនេះ​យើង​គួរតែ​មានការ​រៀបចំ​គណៈកម្មការ​សម្រាប់​បុណ្យចូលឆ្នាំ​សកល​ផង​ដែរ »​។

លោកស្រី​បន្ត​ថា ៖« ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចេញ​កម្សាន្ដ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ពិធី​បុណ្យចូលឆ្នាំ​សកល​ទោះជា​មិន​បាន​រៀបចំ​បាន​ល្អ​ក្តី តែ​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ដោយ​ខ្លួនឯង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ