ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វឌ្ឍនភាព​វិស័យ​កីឡា​កម្ពុជា​​កន្លង​ទៅ​នេះ​ មាន​អ្វីខ្លះ​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​កីឡា​យ៉ាងច្រើន ទាំង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ក៏​ដូច​ជា​ធនធានមនុស្ស​ដែល​ត្រូវ​ហ្វឹកហាត់ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៧​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​កីឡា​យ៉ាងច្រើន ទាំង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ក៏​ដូច​ជា​ធនធានមនុស្ស​ដែល​ត្រូវ​ហ្វឹកហាត់ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៧​តែ​ម្ដង ។

នៅ​ក្នុង​ឆ្នាំ​២០១៧​ដែល​ទើបតែ​បញ្ចប់​ទៅ​នៅ​ថ្ងៃនេះ​ជាមួយនឹង​វឌ្ឍនភាព​ទាំងឡាយ​ដែល​កីឡាករ​-​កីឡាការិនី​យើង​បាន​ខិតខំ មិន​ត្រឹមតែ​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ម្ដង​ៗ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក្នុង​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​មានការ​ប្រកួត​ច្រើន​នៅ​ច្រើន​វិញ្ញាសា​ខុស​ៗ​គ្នា​និង​ទីកន្លែង​ខុស​ៗ​គ្នា ហើយ​បាន​នាំ​មក​នូវ​មេ​ដាយ​​សម្រាប់​ប្រទេស​ជាតិ​យើង​យ៉ាងច្រើន​ទៀត​ផង ។

ដោយសារ​ថ្ងៃនេះ​ជា​ដាច់​ឆ្នាំ​ចាស់​(២០១៧) ឆ្លង​ចូល​ឆ្នាំ​ថ្មី​(២០១៨)​កោះសន្តិភាព​សូម​លើក​យក​វឌ្ឍនភាព​នៃ​វិស័យ​កីឡា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជាទី​ស្នេហា​បាន​ជ្រាប​ទុក​ជាទី​មោ​ទ​នៈ​សម្រាប់​យើង​ទាំងអស់​គ្នា ។ វឌ្ឍនភាព​វិស័យ​កីឡា​ដែល​បាន​ស្ដែង​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៧ រួម​មាន​៖

១-​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ប្រគល់​ពានរង្វាន់​ថ្នាក់ខ្ពស់​បំផុត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ (IOC) បាន​សម្រេច​ប្រគល់​ពាន​រង្វាន់ IOC President’s Trophy ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ខែមករា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា សម្តេច​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មានកា​រវិ​វត្ត​ជា​វិជ្ជមាន​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ដោយ​ឈរ​លើ​កត្តា ៤​យ៉ាង​គឺ​៖

ទី​១-​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ សម្តេច​បាន​កែប្រែ​អនុក្រឹត្យ​ផ្តល់​ប្រាក់​រង្វាន់​អន្តរជាតិ​នានា​ដល់​ជ័យ​លា​ភី​ដោយ​មានការ​កើនឡើង​ជិត ២០០%​។

ទី​២-​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ថ្មី​ៗ​ដូច​ជា អគារ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC), ពហុ​កីឡដ្ឋាន​ខេត្តកំពង់ចាម ក៏​ដូច​ជា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ជាដើម​។​

ទី​៣-​សម្តេច​បាន​សម្រេច​កំណត់​យក​ឆ្នាំ​២០២៣ ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ SEA Games

និង​ទី​៤-​សម្តេច​បាន​ចំណាយ​ពេលវេលា និង​ថវិកា​ចូលរួម​លើកទឹកចិត្ត​សកម្មភាព​កីឡា​ផ្សេង​ៗ​យ៉ាង​សកម្ម​បំផុត ។

២-​កីឡាការិនី​ប៉េតង់​កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស​ពិភពលោក ៖
កីឡាការិនី​ទាំង​២​រូប​នេះ​បាន​នាំ​មក​នូវ​កិត្តិយស​ដ៏​ធំធេង​ជូន​ជាតិ​កម្ពុជា​ដោយ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កីឡាការិនី អ៊ុ​ក ស្រី​មុំ ដណ្តើម​បាន​មេដាយមាស​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍ “World Championship Petanque 2017” នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

បន្ទាប់​មក​នា​អំឡុងខែវិច្ឆិកា កីឡាការិនី កែ ឡេ​ង ឈ្នះ​មេដាយមាស​ជា​លើក​ទី​៣ ក្នុង​នាម​ជា​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ “Woman Petanque World Championships 2017” នៅ​ប្រទេស​ចិន និង​រក្សា​បាន​តំណែង​ជា​ម្ចាស់​ជ័យ​លា​ភី​៣​សម័យកាល​ជាប់​ៗ​គ្នា ។

៣-​កាយ​វប្បកម្ម​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ពិភពលោក ៖ ក្រុមកីឡា​កាយ​វប្បកម្ម​កម្ពុជា​​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ម្នាក់​១​គ្រឿង​ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក ដែល​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោ​លី ពី​ថ្ងៃ​ទី​៣​ដល់ទី​៩ តុលា ឆ្នាំ​២០១៧ ។ កីឡាករ សំបូរ ណា​ន ឈ្នះ​មេដាយមាស​, កីឡាករ តឹក ប៊ុ​ន​វី ឈ្នះ​មេដាយ​ប្រាក់ និង​កីឡាករ ណុំ សុ​បិ​ន្ត​ឈ្នះ​​មេដាយ​សំរឹទ្ធ ។

៤-​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ឈ្នះ​មេដាយ​យ៉ាងច្រើន​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​៖ ក្នុង​​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​ដែល​មាន​៤៥​ប្រទេស​ចូលរួម​នោះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​៨​រូប និង​កីឡាការិនី​៥​រូប​ទៅ​ចូលរួម​ប្រកួត​លើ​២៩​វិញ្ញា​សា​ក្នុង​ចំណោម​វិញ្ញាសា​សរុប​ទាំង​៤៣ ។

ជា​លទ្ធផល ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​២២​គ្រឿងក្នុង​នោះ​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៩​គ្រឿង និង​មេដាយ​សំរឹទ្ធ​៩​គ្រឿង ធ្វើ​ឱ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​ជាង​១​លាន​ដុល្លារ​សម្រាប់​ផ្ដល់​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យ​លា​ភី ។

៥-​កម្ពុជា​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨​វិញ​ក្នុង​តារាង​មេដាយ​ស៊ី​ហ្គេ​ម​លើក​ទី​២៩៖ ដោយសារ​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ការ​គ្រោងទុក ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បាន​ប្តេជ្ញា​កសាង​ភាព​ជោគជ័យ​ឡើង​វិញ​ក្នុង​ការ​ប្រកួត​​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ជា​លទ្ធផល កម្ពុជា​បាន​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨ វិញ​នៅ​ក្នុង​តារាង​មេដាយ​តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយ​សរុប​១៧​គ្រឿងក្នុង​នោះ​មេដាយមាស​៣​គ្រឿង​, ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១២​គ្រឿង​ពី​វិញ្ញាសា ប៉េតង់ តេ​ក្វា​ន់​ដូ សី​ប៉ាក​តា​ក្រ ប្រដាល់សេរី ប្រដាល់​សាកល វាយ​កូន​បាល់ និង​ជិះសេះ ។

៦-​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ទទួល​ពានរង្វាន់​ពិភពលោក ៖ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​កែប្រែ «​ពី​ទីលាន​ពិឃាត​ឱ្យ​ក្លាយជា​ទីលាន​វាយ​កូន​បាល់​» ធ្វើ​ឱ្យ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា (TFC) ទទួល​បាន​នូវ​ការ​សរសើរ​និង​ការ​ទទួលស្គាល់​ជា​លក្ខណៈ​សាកល​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់ «​កិត្តិយស​សមិទ្ធផល​ឆ្នើម​អន្តរជាតិ​» ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​សាលា​កីឡា​កិត្តិយស​អន្តរជាតិ (ITHF) ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) នៅ​ឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ ITF នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​។

៧-​ចាន់ វឌ្ឍនាកា បាន​ចូល​លេង​នៅ​លី​គ​បាល់ទាត់​ជប៉ុន ៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា​របស់​ក្លិប​បាល់ទាត់​បឹង​កេ​ត​រូប​នេះ បាន​យល់ព្រម​ចុះ​កិច្ចសន្យា​ជា​មួយ​ក្លិប​បាល់ទាត់ Fujieda MYFC ដែល​ស្ថិត​នៅ​ក្នុង​លី​គ​លំដាប់​ទី​៣ របស់​ប្រទេស​ជប៉ុន ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​១​ឆ្នាំ​២០១៧ ធ្វើ​ឱ្យ​ចាន់ វឌ្ឍនាកា ក្លាយជា​កីឡាករ​បាល់ទាត់​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូល​លេង​នៅ​ក្នុង​លី​គ​បាល់ទាត់​ជប៉ុន ។

ទោះបី​យ៉ាងណា រូបគេ​មានឱកាស​ចូល​លេង​តិចតួច​បំផុត ធ្វើ​ឱ្យ​អ្នកគាំទ្រ​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​រហូត​ផ្ដល់​ជា​យោបល់​ឱ្យ​រូបគេ​ចូល​លេង​នៅ​លី​គ​ថៃ ឬ​ម៉ា​ឡេ​ស៊ី​វិញ​ទើប​ប្រសើរ​ជាង ។

ទីបំផុត បន្ទាប់​ពី​ដាច់​កុងត្រា​ជាមួយ​ក្លិប​Fujieda MYFC ចាន់ វឌ្ឍនាកា បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្លិប Pahang FA ស្ថិត​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​ន​សម្រាប់​រដូវ​កាល​២០១៨ ក្នុង​ពេល​កីឡាករ កែវ សុខ​ផេង ក៏​បាន​ចូល​លេង​ឱ្យ​ក្លិប PKNK FC និង​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន ចូល​លេង​ឱ្យ​ក្លិប Terengganu FC ដែល​ស្ថិត​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​ដូច​គ្នា​។

៨-​ក្រុមកីឡា​ហាប់​គី​ដូ​ឈ្នះ​មេដាយ​១០​គ្រឿង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមកីឡា​ហាប់​គី​ដូ​កម្ពុជា​៥​នាក់​ដែល​រស់នៅ​ប្រទេស​កូរ៉េ ខាងត្បូង​ឈ្នះ​មេដាយ​១០​គ្រឿង​គឺ​មាស​២​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៦​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា The 10th International Hapkido Martial Arts Competition កាលពី​ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ នៅ​សាធារណរដ្ឋ​កូរ៉េ​។

ជាង​នេះ​ទៅ​ទៀត ម្ចាស់​មេដាយមាស ជា វ៉ា​ន់​សាន្ត ដែល​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មួយ​រូប ដែល​បាន​ឆ្លៀតពេល​ហ្វឹកហាត់​កីឡា​ហាប់​គី​ដូ​ជាង​១០​ឆ្នាំ រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់ អម​ដោយ​លិខិតបញ្ជាក់​ពី​ស្ថាប័ន​កីឡា​ហាប់​គី​ដូ​កូរ៉េ​លំដាប់ថ្នាក់​អន្តរជាតិ​ថែម​ទៀត​នោះ​បាន​ប្រកាស​ថា រូបគេ​នឹង​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ដើម្បី​បំពេញការងារ​ជា​គ្រូបង្វឹក​ហាប់​គី​ដូ ។

៩-​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​អង្គរ​នៅ​ខេត្តសៀមរាប​មាន​អ្នកចូលរួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ៖ ឆ្នាំ​២០១៧​ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​ជោគជ័យ​សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​នៅ​លើ​ទឹកដី​អង្គរ ដោយសារ​តែ​ទាំង​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​អង្គរ​អន្តរ​ជាតិ​ចក្រភព​ខ្មែរ ទាំង​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ មាន​អ្នកចូលរួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ។

ក្នុង​ព្រឹត្តិការណ៍​អង្គរ​អន្តរជាតិ​ចក្រភព​ខ្មែរ​នា​ខែសីហា ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​រត់​ប្រមាណ​៣.៥០០​នាក់​មក​ពី​៥៣​ប្រទេស​ផ្សេង​គ្នា​លើ​ពិភពលោក កើនឡើង ១៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ។ ចំណែក​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧​វិញ មាន​អ្នកចូលរួម​រត់​រហូត​ដល់​ទៅ​ជាង ១០.០០០​នាក់ មក​ពី​៧៦​ប្រទេស​លើ​ពិភពលោក ។

១០-​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​លេច​ចេញ ជា​រូបរាង​បណ្ដើរ​ៗ ៖ ជា​ពហុ​កីឡដ្ឋាន​មួយ​សាងសង់​ឡើង​យ៉ាង​ប្រណីត​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌ​សែន សុខ បាន​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​១​ហើយ ខណៈ​ការ​សាងសង់​នេះ​នៅ​សល់​២​ដំណាក់កាល​ទៀត​ដែល​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០ ។

តាម​គម្រោង ការ​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ​មាន​៣​ដំណាក់​កាល គឺ​ដំណាក់កាល​ទី​១​មាន​រយៈពេល​៤​ឆ្នាំ​,​ដំណាក់កាល​ទី​២​មាន​រយៈពេល​៤​ឆ្នាំ និង​ដំណាក់​កាល​ទី​៣​មាន​រយៈពេល​ខ្លី ដែល​ជា​ដំណាក់កាល​តុបតែង​លម្អ និង​សម្អាត​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​វឌ្ឍនភាព​គួរ​ជាទី​មោ​ទ​នៈ​នេះ​វិស័យ​កីឡា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ
ក៏​ជួបនឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ដែល​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កីឡា​ដែល​បាន​លើក​ឡើង​ក្នុង​ថ្ងៃ​បិទ​សិក្ខា​សាលា​បូក​សរុប​ការងារ​អនុ​វិស័យ​ការ​អប់រំ​និង​កីឡា​នា​ពេល​កន្លង​មក​ឱ្យ​ដឹង​ថា បញ្ហា​ប្រឈម​ទាំងនោះ​រួម​មាន ៖ កញ្ចប់​ថវិកាមិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​សកម្ម​ភាព​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សម្រាប់​ហ្វឹកហាត់​និង​ប្រកួត​, កង្វះ​ធនធាន​កីឡាករ​និង​គ្រូបង្វឹក​ដែល​មានគុណ​ភាព កង្វះ​លិខិត​បទដ្ឋាន​ស្ដី​ពី​ការ​គ្រប់គ្រង​និង​អនុវត្តន៍​លើ​អនុ​វិស័យ​អប់រំ​កាយ​និង​កីឡា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​, សហព័ន្ធ​កីឡា​ជាតិ​ខ្លះ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ឱ្យ​បាន​រួចរាល់​និង​បញ្ហា​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​។

ជា​ដំណោះស្រាយ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កីឡា លោក អ៊ុ​ក សិទ្ធិ​ជាតិ បានឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើន​ល្បឿន​នៃ​ការ​ជួសជុល កែ​លម្អ និង​កសាង​ទីលាន​កម្រិតស្តង់ដារ​នៅ​តាម​ខេត្ត និង​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូ​បឋម និង​គ្រូ​ទទួល​បន្ទុក​កីឡា​នៅ​តាម​សាលារៀន ។

សហការ​ជាមួយ​សហព័ន្ធ​បើក​វគ្គ​បំប៉ន​ជំនាញ​ដល់​មន្ត្រី​ដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាល​នៅ​តាម​រាជធានី​-​ខេត្ត ជា​ពិសេស​រៀបចំ​សិក្ខាសាលា​រៀង​រាល់​ឆ្នាំ ដើម្បី​ពិនិត្យ​បញ្ហា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ជាក់លាក់ ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២១​ហើយ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ទម្លាក់​កញ្ចប់​ថវិកា​ឱ្យ និង​ផ្ដល់​សិទ្ធិ​អំណាច​ដើម្បី​ឱ្យ​ចេះ​ធ្វើ​ការងារ​ដោយ​ខ្លួនឯង ទាំង​ការងារ​គ្រប់គ្រង​រដ្ឋបាល បច្ចេកទេស និង​ធនធានមនុស្ស ។

ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​តែ​ធ្វើ​ប្រតិភូកម្ម​មុខងារ​សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ ហើយ​ក៏​ត្រៀម​ធ្វើ​សិក្ខាសាលា​ធំ​មួយ​ដើម្បី​ពន្យល់​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​ឱ្យ​យល់​ដឹង​ពី​ការងារ​របស់​ខ្លួន​ដែល​ត្រូវ​ទទួល​រ៉ាប់រង​ដូច​ជា​ការ​បង់ថ្លៃ​សមាជិកភាព​ទៅ​ឱ្យ​សហព័ន្ធ​កីឡា​អន្តរជាតិ​ដោយ​ខ្លួនឯង ការ​ធ្វើ​ទំនាក់ទំនង ការ​បញ្ជូន​កីឡាករ​-​កីឡា​​ការិនី​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជាដើម ។ លោក​ចង់ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​យក​គំរូ​តាម​សហព័ន្ធ​កីឡា​បាល់​ទាត់​ដែល​មាន​តាំងពី​មន្ត្រី​បច្ចេកទេស អាជ្ញា
កណ្ដាល​សុទ្ធតែ​មាន​សមត្ថភាព​កម្រិត​អន្តរជាតិ ។

បើ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​មាន​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម​កម្រិត​អន្តរជាតិ​ហើយ​នោះ គ្រប់ការ​ប្រកួត​មិន​ថា​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ទេ​យើង​ពិតជា​មាន​ភាព​ងាយ​ស្រួល​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ