ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ថ្មី​របស់​អា​មេ​រិ​ក «​សន្ដិសុខ​ផ្នែក​សេដ្ឋកិច្ច​គឺជា​សន្ដិសុខ​ជាតិ​»

6 ឆ្នាំ មុន

ទីក្រុង Cambridge ៖ យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ដែល​បាន​ចេញ​ដោយ​សេត​វិមាន White House កាលពីដើម​ខែធ្នូ​ឆ្នាំ​២០១៧ មាន​ភាព​ខុស​គ្នា​ពី​យុទ្ធសាស្ត្រ​មុន​ៗ ។ យុទ្ធសាស្ត្រ​ថ្មី​នេះ…

ទីក្រុង Cambridge ៖ យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ដែល​បាន​ចេញ​ដោយ​សេត​វិមាន White House កាលពីដើម​ខែធ្នូ​ឆ្នាំ​២០១៧ មាន​ភាព​ខុស​គ្នា​ពី​យុទ្ធសាស្ត្រ​មុន​ៗ ។ យុទ្ធសាស្ត្រ​ថ្មី​នេះ ផ្តោត​សំខាន់​ទៅ​លើ​តួនាទី​របស់​សេដ្ឋកិច្ច​ដោយ​បាន​ចែង​ថា «​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​គឺជា​សន្តិសុខ​ជាតិ »​។

មួយ​ផ្នែក​នៃ​របាយការណ៍​ផ្តោត​ទៅ​លើ​សន្តិសុខ​ជាតិ​ដែល​រួម​មាន​ថវិកា​សម្រាប់​យោធា​, ឈ្មោះ​សម្ព័ន្ធមិត្ត​, និង​វិធី​ដោះស្រាយ​ជាមួយនឹង​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​រុ​ស្ស៊ី និង​ចិន ដែល​យុទ្ធសាស្ត្រ​ថ្មី​ឲ្យ​ឈ្មោះ​ទៅ​ពួក​គេ​ថា ជា​ដៃគូ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋអាមេរិក ។

ប៉ុន្តែ​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក​,​តួនាទី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជំហរ​ថ្មី​របស់​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​វិស័យ​ថាមពល ក៏​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដែរ ។

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចង្អុល​ទៅ ការ​ធ្វើ​កំណែទម្រង់ និង​ច្បាប់​រដ្ឋាករ​ថ្មី​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋ កិច្ច ។ សេដ្ឋកិច្ច​កាន់តែ​ធំ​អាច​ផ្តល់​ធនធាន​ស្រាប់​កសាង​សមត្ថភាព​ផ្នែក​យោធា​កាន់តែ​ច្រើន ។

ប៉ុន្តែ​ការ​លូតលាស់​សេដ្ឋកិច្ច អាច​បង្ក​ឲ្យ​មានការ​ការពារ​ជាតិ​កាន់តែ​បាន​ប្រសិទ្ធភាព ប្រ​សិនបើ​សភាជាតិ​បង្កើន​ថវិកា​សម្រាប់​យោធា​នា​ពេល​អនាគត ។

ព្រោះតែ​ច្បាប់​គ្រប់គ្រង​ថវិកា​ក្នុង​ឆ្នាំ ២០១១ សម្រាប់​យោធា​ត្រូវ​បាន​កាត់​រហូត​ដល់​ត្រឹម​៣%​នៃ​GDP​ក្នុង​ឆ្នាំ​២០២១ ការិយាល័យ​ថវិកា​សភា​បាន​ព្យាករណ៍​ថា ថវិកា​នេះ​នឹង​បន្ត​ធ្លាក់​ចុះ​ដល់​ត្រឹម​២,៧%​ក្នុង​ឆ្នាំ​២០២៧ ។

ជាមួយ​គ្នា​នេះ​ដែរ សំណើ​របស់​យុទ្ធសាស្ត្រ​ខាងលើ​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​វិភាគ​ខុស​ទៅ​លើ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ឱន​ភាព​ពាណិជ្ជកម្ម​ក្នុង​សហរដ្ឋអាមេរិក ។ យុទ្ធសាស្ត្រ​នេះ​ជំរុញ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក និង​វិទ្យាស្ថាន​អន្ដរជាតិ​ខិតខំ​បន្ថែម​ក្នុង​ការ​ដោះស្រាយ​វិសមភាព ប៉ុន្តែ​វា​ជា​ការ​គិត​ខុស​ហើយ ។ ទ្រឹស្តី​សេដ្ឋកិច្ច​ប្រាប់​មក​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ពី​កម្រិត​នៃ​ការ​សន្សំ​ប្រាក់ និង​ការ​វិនិយោគ​ក្នុងស្រុក ។ ព្រោះតែ​ប្រជាជន​អា​មេ​រិ​ក​ចំណាយ​ច្រើន​ជាង​ការ​ផលិត​ក្នុងស្រុក ពួក​គេ​ត្រូវ​នាំ​ចូល​ផលិតផល​ច្រើន​ជាង​នាំ​ចេញ ។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម នោះ​ប្រជាជន​តាម​ផ្ទះ អាជីវកម្ម និង​រដ្ឋាភិបាល ត្រូវ​បង្កើន​ប្រាក់​សន្សំ ឬ​វិនិយោគ​តិច​ជាង​មុន ។

ប៉ុន្តែ​យុទ្ធសាស្ត្រ​ខាងលើ​បាន​លើក​ឡើង​ដោយ​ត្រឹមត្រូវ​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អា​មេ​រិ​ក ដោយ​ជំរុញ​ដល់​ការ​លួច​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​ក ។ ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ឆ្នាំ​២០១៣ លោក​ប្រធានាធិបតី Barack Obama បាន​បង្ហាញ​ដល់​លោក​ប្រធានាធិបតី Xi Jinping របស់​ប្រទេស​ចិន​ពី​ភស្តុ​តាង​បង្ហាញ​ថា សមាជិក​យោធា​ប្រទេស​ចិន​លួច​បច្ចេកវិទ្យា​ឧស្សាហកម្ម​របស់​អា​មេ​រិ​ក ។

ភាគី​ខាង​ប្រទេស​ចិន​ទទួលស្គាល់​ភស្តុ​តាង​ទាំងនេះ និង​បាន​និយាយ​ថា ការ​លួច​នេះ​មិនមែន​ជា​អំពើ​ចារកម្ម​ទេ និង​បាន​សន្យា​ថា រដ្ឋាភិបាល​ចិន​នឹង​មិន​ជួយ​ដល់​ការ​លួច​ដូចនេះ​តទៅ​ទៀត​នា​ពេល​អនាគត​។ យុទ្ធសាស្ត្រ​ថ្មី​បាន​កត់​សម្គាល់ថា​រដ្ឋាភិបាល​អា​មេ​រិ​ក នឹង​ចេញ​វិធានការ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​អំពើរ​នេះ ។

លើស​ពី​នេះ​ទៅ​ទៀត យុទ្ធសាស្ត្រ​ខាងលើ​លើក​ឡើង​ថា សហរដ្ឋអាមេរិក​នឹង​ព្យាយាម​កាត់​បន្ថយ​ឧបសគ្គ​ពាណិជ្ជកម្ម និង​ផ្តល់​ឱកាស​ដល់​ប្រជាជន​អា​មេ​រិ​ក​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ ប៉ុន្តែ​របាយការណ៍​នេះ​ក៏​រិះគន់​ដល់​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ដែល​ប្រើប្រាស់​វិធី​លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​, ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​មិនមែន​ជា​ពន្ធ​, ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​, ការ​ផ្តល់​ឧបត្ថម្ភ​ធន​, និង​ការ​ផ្តល់​ជំនួយ​ផ្សេង​ៗ​ពី​រដ្ឋាភិបាល​ជាដើម ។

ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​មិនមែន​ជា​ពន្ធ រួម​ជាមួយ​ការ​បង្ខំ​ឲ្យ​ផ្ទេរ​ច្ចេក​វិទ្យា ពិតជា​ប៉ះ​ពាល់​​ដល់​សហគ្រាស​សហរដ្ឋអាមេរិក​ពិតមែន ប៉ុន្តែ​ការ​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប បែរជា​អាច​ជួយ​ដល់​ប្រជាជន​អា​មេ​រិ​ក​ទៅ​វិញ បើ​ទោះជា​ប៉ះពាល់​ដល់​សហគ្រាស​អា​មេ​រិ​ក​ក៏​ដោយ ។

សម្រាប់​ថ្ងៃ​អនាគត រដ្ឋាភិបាល​អា​មេ​រិ​ក​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដូច​ជា ការ​លួ​ចបច្ចក​វិទ្យា​, ការ​ដាក់​ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​មិនមែន​ជា​ពន្ធ​លើ​ផលិត​ផល​នាំ​ចេញ​របស់​អា​មេ​រិ​ក​, ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ដែល​ប៉ះពាល់​ដល់​សហ​គ្រាស​​អា​មេ​រិ​ក​និង​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន ៕

ដក ស្រង់​ចេញពី​៖ Project Syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ