ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា​បដិសេធ​ពី​ការ​ចរាចរណ៍​ប្រាក់​ K-Coin

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ក្រុមហ៊ុន Chaintope បាន​ប្រកាស​ពី​ការ​បង្កើត​ប្រាក់​គ្រីប​តូ (Criptocurrencies) ថ្មី​មួយ​ប្រភេទ​ឈ្មោះ​ថា​K-Coin នៅ​កម្ពុជា ដោយ​បាន​អះអាង​ថា​មាន​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត និង​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​នោះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ក្រុមហ៊ុន Chaintope បាន​ប្រកាស​ពី​ការ​បង្កើត​ប្រាក់​គ្រីប​តូ (Criptocurrencies) ថ្មី​មួយ​ប្រភេទ​ឈ្មោះ​ថា​K-Coin នៅ​កម្ពុជា ដោយ​បាន​អះអាង​ថា​មាន​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត និង​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​នោះ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​បដិសេធ​ទាំងស្រុង​ពី​កិច្ចសហការ​នេះ និង​បាន​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​បុគ្គល​ណា​ដែល​យកឈ្មោះ​ធនាគារ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ផ្សព្វផ្សាយ​ពី​ការ​ឆបោក​រូបភាព​ថ្មី​នេះ ។

ក្រុមហ៊ុន Chaintope ដែល​ជា​អ្នក​ផ្តល់​បច្ចេកទេស​ខាង​បង្កើត​ប្រាក់​គ្រីប​តូ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ស​ប្តា​ហ៍​មុន​ថា ប្រាក់​គ្រីប​តូ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា K-coin នឹង​ត្រូវ​បង្កើត​ឡើង ដោយ​ចាប់ផ្តើម​ចេញពី​ប្រទេស​កម្ពុជា តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​Chaintope ដែល​មាន​លោក Hideki Shoda ជា​ប្រធាន​ប្រតិ​បត្តិ ជាមួយ​ក្រុមហ៊ុន​Digital Agriculture Exchange ដែល​មាន​លោក Frank Long ជា​ប្រធាន​ប្រតិបត្តិ និង​ធនាគារជាតិ​នៃ​កម្ពុជា ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើ​សេចក្ដីជូនដំណឹង​មួយ​ភ្លាម​ៗ​ដោយ​បាន​បញ្ជាក់​ថា ៖« យើង​សូម​ថ្តោ​ល​ទោស​ដាច់អហង្ការ​ចំពោះ​បុគ្គល​ណា​ដែល​ប្រើប្រាស់​ឈ្មោះ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស់​នេះ និង​កំពុង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ទិញ​-​លក់ និង​ចរាចរ​CryptoCurrencies ក្នុង​ទម្រង់​ណាមួយ​ដូច​ជា​K-coin​ដែល​បាន​លើក​ឡើង​នេះ​ទេ »​។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​ភ្លាម​ៗ​របស់​ធនាគារជាតិ​កម្ពុជា លោកស្រី​Bridget Lau នាយិកា​ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន​ដែល​ជា​ក្រុមហ៊ុន​សហការ​គ្នា​បង្កើត​ឱ្យ​មាន K-coin ជាមួយ​ក្រុមហ៊ុន Chaintope របស់​ជប៉ុន បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ នៅ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ថា លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ធនាគារជាតិ​បី​ដង​រួច​មក​ហើយ តាំងពី​ខែមករា​មក ប៉ុន្តែ​ការ​ជួប​គ្នា​នេះ នៅ​មានគំនិត​មួយ​ចំនួន​មិន​ទាន់​បាន​សម្រេច​គ្នា​នៅឡើយ ។ យ៉ាងណា​លោកស្រី​បាន​បដិសេធ​មិន​ប្រាប់​អត្តសញ្ញាណ​របស់​មន្ត្រី​ធនាគារ​ដែល​លោកស្រី​បាន​ជួប​ពិភាក្សា​ឡើយ ។

លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី​ទៅ​ដល់​ប្រទេស​ណា គឺ​លោកស្រី​គោរព​ច្បាប់​ប្រទេស​នោះ ។ «​យើង​ទៅ​ដល់​ប្រទេស​ណា​ក៏​ដោយ យើង​ដាក់​ទុន យើង​ចង់​ធ្វើ​អី អភិវឌ្ឍន៍​អី ទាល់តែ​គោរព​ច្បាប់​ស្រុក​ហ្នឹង​សិន ដូច​ជា​យើង​ធ្វើ​Finance អីចឹង​Finance​ហ្នឹង​ទាល់តែ​យើង​ឆ្លងកាត់​ធនាគារជាតិ យើង​ធ្វើ​Agriculture ទាល់តែ​យើង​ឆ្លងកាត់​ក្រសួងកសិកម្ម »​។

ទោះបី​មានការ​បដិសេធ​ពី​ធនាគារជាតិ​ក្តី លោកស្រី Bridget Lau បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ឱ្យ​មានការ​ចរាចរណ៍​ប្រភេទ​ប្រាក់​CryptoCurrencies នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោកស្រី​នឹង​ទៅ​ជួប​ពិភាក្សា​ជាមួយ​ធនាគារជាតិ​បន្ត​ទៀត ដែល​លោកស្រី​អះអាង​ថា ប្រសិនបើ​គម្រោង​ចរាចរ​ប្រាក់​CryptoCurrencies​នេះ អាច​ដំណើរ​ការ​ទៅ​បាន នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ទៅ​មុខ ។

Cryptocurrencies ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​ថ្មី​មួយ​ដែល​គ្មាន​រូបរាង និង​មាន​តែ​តួ​លេខ​​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ។

រូបិយប័ណ្ណ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ហើយ​ត្រូវ​បាន​ក្លាយជា​មធ្យោបាយ​ទូទាត់​នៅ​ប្រទេស​មួយ​ចំនួន និង​ត្រូវ​បាន​គេ​ទិញ​លក់​ដើម្បី​ចំណេញ តួយ៉ាង​ដូច Bitcoin ជាដើម ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​Chaintope​បានឱ្យ​ដឹង​ថា K-coin បង្កើត​ឡើង​ក្នុង​គោល​បំណង​ចរាចរ​រូបិយប័ណ្ណ​ទូទាត់​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​នាំ​ចូល​នាំ​ចេញ និង​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ។

នៅ​ពេល​មានការ​ប្រើប្រាស់ K-coin មានការ​កើនឡើង សហគ្រាស​ក៏​ដូច​ករណី​ទូទាត់​ផ្សេង​ទៀត​ដោយ​K-coin នឹង​កើនឡើង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បែប​ថ្មី​កើតឡើង​តាម​រយៈ K-coin ។ តាម​រយៈ​នេះ ភាព​ចាំបាច់​នៅ​ក្នុង​ការ​ប្តូរ​ប្រាប់​គ្រីប​តូ​ទៅ​ជា​រូបិយ​ប័ណ្ណ​គោល ដូច​ជា ដុ​លា្ល​រអា​មេ​រិ​ក នឹង​មានការ​ថយ​ចុះ ។

កាលពី​ពេល​កន្លង​ទៅ ធនាគារជាតិ​បាន ក្រើនរំឭក​ដល់​សាធារណជន​ផង​ដែរ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ទិញ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក (Cryptocurrencies) ឬ​ឲ្យ​ទទួលយក​រូបិយប័ណ្ណ​នេះ​ជា​មធ្យោបាយ​ទូទាត់​ទំនិញ ដោយ​បញ្ជាក់​ថា វា​ទម្រង់​នៃ​ការ​ឆបោក​ថ្មី​មួយ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ