ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ជប៉ុន និង​ចិន ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន​ចំនួន​បី​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា ជា​ពិសេស​ផ្លែស្វាយ ចេក និង​ម្រេច ដើម្បី​កែ​ច្នៃ និង​វេច​ខ្ចប​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន​ចំនួន​បី​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា ជា​ពិសេស​ផ្លែស្វាយ ចេក និង​ម្រេច ដើម្បី​កែ​ច្នៃ និង​វេច​ខ្ចប​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

ក្រុមហ៊ុន​ទាំង​បី​រួម​មាន ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន​, ក្រុមហ៊ុន Chaintope របស់​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា ដែល​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ។

លោកស្រី ចាន់ សុធា អគ្គ​នាយិកា​ក្រុមហ៊ុន Cambodia golf and country club co.ltd បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ធ្នូ ថា ការ​ផ្តួចផ្តើម​គម្រោង​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ ក៏​ដូច​ជា​ដំណាំ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ។

លោកស្រី​បន្ត​ថា គម្រោង​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​នឹង​រៀបចំ​រោងចក្រ​សម្រាប់​ក្លា​សេ និង​បាន​នាំ​ចូល​ម៉ាស៊ីន​សម្លាប់​មេរោគ ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់ ចុះបញ្ជី​ម៉ាក​យីហោ ព្រមទាំង​បង្កើត​ធនាគារ​កសិកម្ម ដើម្បី​ផ្តល់​កម្ចី​ដល់​កសិករ ។

លោកស្រី​បាន​គូសបញ្ជាក់​ថា កន្លង​មក​ផលិតផល​ផ្លែ​ឈើ​កម្ពុជា ដូច​ជា ស្វាយ ចេក និង​ស្វាយចន្ទី​ជាដើម​នោះ បាន​ត្រឹមតែ​លក់​នៅ​ក្នុង​ប្រទេស​ថៃ វៀតណាម​ប៉ុណ្ណោះ ហេតុនេះ​ទើប​ក្រុមហ៊ុន​ទាំង​បី​សហការ​គ្នា​ក្នុង​ការ​កែ​ច្នៃ ដើម្បី​ឈាន​នាំ​ចេញ​ទៅ​ប្រទេស​អា​មេ​រិ​ក អឺរ៉ុប ចិន និង​ជប៉ុន ក៏​ដូច​ដូច​ជា​ប្រទេស​ផ្សេង​ទៀត ។

លោកស្រី​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​សហការ​ពី​ក្រុមហ៊ុន​ចិន និង​ជប៉ុន​នេះ នឹង​ធ្វើ​ឱ្យ​កសិផល​របស់​កម្ពុជា មានការ​កើនឡើង និង​មាន​ទីផ្សារ​ធំធេង​នៅ​ក្នុង​សកលលោក ។

លោកស្រី ចាន់ សុធា អគ្គ​នាយិកា​ក្រុមហ៊ុន Cambodia golf and country club co.ltd ថ្លែង​ថា ៖« ខ្ញុំ​មានការ​ជឿជាក់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន របស់​ក្រុមហ៊ុន​ចិន នេះ​ជឿជាក់​ថា​តទៅ​មុន​នេះ គ្រប់​ដំណាំ​ដែល​ផលិត​នៅ​កម្ពុជា ដូច​ជា​ម្រេច​, ចេក និង​គ្រប់​ប្រភេទ មិន​ថា​ស្វាយ​ទេ ក្រុមហ៊ុន​មាន​ជំនឿ​ជឿជាក់​ថា នឹង​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​មានឈ្មោះ​បោះ​សំឡេង​ដល់​អ្នក​ពិសា​នៅ​ទូ​ទាំង​ពិភពលោក »​។

ចំណែក​លោកស្រី Bridget Lau នាយិកា​ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន បាន​បញ្ជាក់​ថា ផលិតផល​កសិកម្ម​របស់​កម្ពុជា​មានគុណ​ភាពល្អ គ្រាន់តែ​គ្មាន​ម៉ាក​ផលិតផល​ដែល​ពិភពលោក​ទទួលស្គាល់​។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​របស់​លោកស្រី​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ទៅ​ដល់​ផលិត​កិត្តិនាម ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភពលោក ឱ្យ​ទទួលស្គាល់​ផលិតផល​កសិកម្ម​កម្ពុជា ។

លោកស្រី​បាន​បន្ត​ថា លោកស្រី​បាន​សង្កេត​មើល​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដោយ​លោកស្រី​បាន​ប្រៀបប្រដូច​ផលិតផល​ប្រទេស​កម្ពុជា ទៅ​នឹង​ផលិតផល​របស់​ប្រទេស​ចំនួន ដែល​មាន​ស្តង់ដា ។

តែ​យ៉ាងណា លោកស្រី​មានការ​ងឿងឆ្ងល់​ថា ផ្លែស្វាយ​មាន​ចំនួន​ច្រើន តែ​លក់​មិន​ចេញ មាន​តម្លៃ​ថោក ធ្វើ​ឱ្យ​អ្នក​ដាំ​មានការ​ខាតបង់​ច្រើន ដែល​នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​លោកស្រី ចង់​បន្ត​ការ​កែ​ច្នៃ និង​វេច​ខ្ចប់ ហើយ​លោកស្រី​នឹង​នាំ​យក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ប្រទេស​ជប៉ុន ក៏​ដូច​ជា​រួម​ផ្សំ​នឹង​ធនធាន​របស់​ប្រទេស​កម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ដំណាំ​ផ្លែស្វាយ ។

លោកស្រី Bridget Lau ថា ៖« ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត ដើម្បី​ធ្វើការ​កែ​ច្នៃ​ដំណាំ​ផ្លែស្វាយ ដើម្បី​ឱ្យ​ក្លាយជា​ដំណាំ​មួយ​ដែល​មាន​ម៉ាក ដែល​ពិភពលោក​ទទួលស្គាល់ ដោយ​ធ្វើការ​ផលិត​ពី​ប្រទេស​កម្ពុជា​ផ្ទាល់ »​។

លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី​បាន​ធ្វើការ​សង្កេត​ផង​ដែរ​ថា តើ​ប្រទេស​ណាខ្លះ ដែល​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ដំណាំ​ស្វាយ ហើយ​ក្រុមហ៊ុន​របស់​លោកស្រី នឹង​ស្វែងរក​ទីផ្សារ​ពី​ប្រទេស​ចិន និង​ជប៉ុន ក្នុង​ការ​ប្រមូល​ទិញ​ផលិតផល​ពី​កសិករ​កម្ពុជា ។

បន្ទាប់​ពី​បាន​បរិភោគ​ផ្លែស្វាយ លោកស្រី​សង្កេត​ឃើញ​ថា ផ្លែស្វាយ​កម្ពុជា​នៅ​មាន​ទំហំ​តូច ដែល​បញ្ហា​នេះ អ្នកស្រី​ចង់ឱ្យ​កសិករ​យកចិត្តទុកដាក់​ពង្រឹងគុណភាព​ដាំ​បន្ថែម​ទៀត ។

លោកស្រី​សង្ឃឹមថា ៖«​កសិករ​កម្ពុជា នឹង​ស្រលាញ់​ផលិតផល​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​វា​អាច​នឹង​មានការ​ដុះដាល​ជា​បន្ត »​។

ជំហាន​ដំបូង គម្រោង​ប្រមូល​ទិញ​ផលិត​-​ផល​កសិកម្ម​របស់​កម្ពុជា នឹង​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន និង​ចិន បន្ទាប់​មក​នឹង​ធ្វើការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​ប្រមូល​ទិញ​ពី​ខេត្តកំពង់ស្ពឺ​ក្នុង​ដំណាក់កាល​ដំបូង​នេះ ។

វត្ត​មាននៅ​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ លោក គង់ ភាព ប្រធាន​យក​ដ្ឋា​នក​សិ​-​ឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា នេះ​គឺជា​ការ​វិនិយោគ​មួយ​ដែល​ជួយ​ដល់​ការ​ប្រឈម​ផ្សេង​ៗ​នៃ​ផលិតផល​កសិកម្ម ដែល​កសិករ​កម្ពុជា​កំពុង​ជួប​ប្រទះ​ដូច​ជា​បញ្ហា​ទីផ្សារ និង​គុណភាព​កសិផល ។

លោក​បន្ត​ថា នៅ​ក្នុង​គម្រោង​វិនិយោគ​នេះ ផលិតផល​កសិកម្ម​ទាំងនោះ នឹង​អាច​កែប្រែ​គុណភាព​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ ដូច្នេះ​បញ្ហា​ទីផ្សារ និង​គុណភាព​កសិផល​កាន់តែ​ប្រសើរ​ឡើង ដែល​នឹង​អាច​ទទួល​បាន​ជោគជ័យ​ទៅ​តាម​តម្រូវការ​ទីផ្សារ​។

លោក​គូសបញ្ជាក់​ថា ក្រសួងកសិកម្ម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​គាំទ្រ និង​ចូលរួម​នៅ​ក្នុង​ការងារ​ទាំងនេះ ។

លោក គង់ ភាព បញ្ជាក់​បន្ថែម​ថា ៖« អីចឹង ភារកិច្ច​របស់​ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​មាន​ភារកិច្ច​ចូលរួម ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​រវាង​អ្នក​ផលិត បាន​ន័យ​ថា ជា​ប្រជា​កសិករ​ក្តី ជា​អ្នក​វិនិយោគ​លើ​កិច្ចការ​ដាំ​ដុះ​ក្តី ជាមួយនឹង​អ្នកទិញ​ឬ​ក៏​កែ​ច្នៃ ត្រូវ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា ហើយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ និង​ឈ្នះ​ទាំងអស់​គ្នា​។ អីចឹង រាល់​បញ្ហា​ដែល​មាន​សម្រាប់​អ្នក​វិនិយោគ និង​កសិករ យើង​នឹង​ធ្វើការ​ដោះស្រាយ​ទាំងអស់​គ្នា ដោយ​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សា​សទ នឹង​ចូលរួម​ក្នុង​កិច្ចការ​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ