ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​បា.ញ់​ប្លន់​ម៉ូតូ​កម្រើ​ក​ឡើង​វិញ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​​ពេញ ៖ ​​​​អំពើ​​ប្លន់​​ប្រដាប់​​អាវុធ​​​កើត​មាន​​ជា​បន្ត​បន្ទាប់​​​៣ករណី​​​​នៅ​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​បាន​ធ្វើ​​​ឱ្យ​​មា​ការ​​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​​ ព្រោះ​តែ​​អំពើ​​បា.ញ់​​ប្លន់​​យក​​​ម៉ូតូ​នេះ​​ហាក់​បាន​​​ស្ងាត់​​អស់​មួយ​រយៈ​​ពេល​​កន្លង​មក​​​​ហើយ​ ​​​​ដែល​​ជំនួស​​​មក​​វិញ​​នោះ​​ច្រើន​តែ​​កើត​មាន​​ករណី​​លួច​​​​ ឬ​​​ឆក់​ប៉ុណ្ណោះ​ ។​ គ្រាន់​​តែ​យប់​​ថ្ងៃ​ទី​​២១ វិច្ឆិកា ​និង​​ឆ្លង​ចូល​​​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​អំពើ​ប្លន់​​​ដោយ​ក្រុម​​ចោរ​​ប្រដាប់​អាវុធ​​នេះ ​គឺ​ជា​​​​សារ​មួយ​​សម្រាប់​​​​មន្ត្រី​​សមត្ថ​​​កិ​ច្ច​​​​ដែ​ល​​មាន​តួ​នាទី​​

រាជ​ធានី​ភ្នំ​​ពេញ ៖ ​​​​អំពើ​​ប្លន់​​ប្រដាប់​​អាវុធ​​​កើត​មាន​​ជា​បន្ត​បន្ទាប់​​​៣ករណី​​​​នៅ​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​បាន​ធ្វើ​​​ឱ្យ​​មា​ការ​​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​​ ព្រោះ​តែ​​អំពើ​​បាញ់​​ប្លន់​​យក​​​ម៉ូតូ​នេះ​​ហាក់​បាន​​​ស្ងាត់​​អស់​មួយ​រយៈ​​ពេល​​កន្លង​មក​​​​ហើយ​ ​​​​ដែល​​ជំនួស​​​មក​​វិញ​​នោះ​​ច្រើន​តែ​​កើត​មាន​​ករណី​​លួច​​​​ ឬ​​​ឆក់​ប៉ុណ្ណោះ​ ។​ គ្រាន់​​តែ​យប់​​ថ្ងៃ​ទី​​២១ វិច្ឆិកា ​និង​​ឆ្លង​ចូល​​​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​អំពើ​ប្លន់​​​ដោយ​ក្រុម​​ចោរ​​ប្រដាប់​អាវុធ​​នេះ ​គឺ​ជា​​​​សារ​មួយ​​សម្រាប់​​​​មន្ត្រី​​សមត្ថ​​​កិ​ច្ច​​​​ដែ​ល​​មាន​តួ​នាទី​​ពង្រឹង​​សុវត្ថិ​ភាព ។​

​​ប្រការ​​​​គួរ​​ឱ្យ​កត់​សម្គាល់​​នោះ​គឺ​អំពើ​ប្លន់​​ជា​បន្ត​បន្ទាប់​​នេះ​បាន​កើត​​​ឡើង ​បន្ទាប់​​ពី​​​ការ​ពង្រឹង​​​សន្តិ​សុខ​​ដល់​ចំណុច​​កំពូ​ល ​​ក្នុង​រយៈ​ពេល​ដែល​​រាជ​ធានី​ភ្នំ​ពេញ​​​​​ជា​កន្លែង​ដែល​​​ត្រូវ​រៀប​ចំ​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​ និង​​កិច្ច​ប្រជុំ​​​ថ្នាក់​អន្តរ​ជាតិ​​ជា​ច្រើន​ទៀត​ ​ដែល​មាន​ការ​​​ចូល​រួម​​ពី​​ឥស្សរ​ជន​​​​នៃ​ប្រទេស​​​មហា​អំណាច​ និង​ប្រទេស​​​ជា​សមា​ជិក​អាស៊ាន​ ។ ខា​ង​ក្រោម​​នេះ​គឺ​ជា​​សេចក្តី​រាយ​​ការណ៍​​បន្ត​បន្ទាប់​​​ជុំ​​វិញ​​​អំពើ​​ប្លន់​​​​គួរ​​ឱ្យ​​ព្រួយ​បារម្ភ​​សម្រាប់​ប្រជា​​ពល​រដ្ឋ​ស្លូត​​ត្រង់​ ។​​

​ចោរ​​បាញ់​​នារី​ម្នាក់​១​គ្រាប់​​ប្លន់​យក​ម៉ូតូ​​ម៉ាក​​ឃ្លីក​​តែ​​​​យក​​មិន​​បាន​សម្រេច​

នារី​ម្នាក់​​បាន​រង​របួស​​​ធ្ងន់​​​ក្នុង​អំពើ​​បាញ់​​​​ប្លន់​យក​ម៉ូតូ​​​ម៉ាក់​ឃ្លីក​​មួ​យ​គ្រឿង​​ តែ​មិន​បាន​សម្រេច​​ កាល​ពី​​វេលា​ម៉ោង​​៧​​​​យប់​ថ្ងៃ​ទី​​២១ ​វិច្ឆិកា ​​​​​ឆ្នាំ​​២០១២ នៅ​​ភូមិ​​ទ្រា​ទី​​៤ ​សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ។​

​​ស្ត្រី​​​​រង​គ្រោះ​​​ឈ្មោះ​​ឌុល ​សារវ័ន្ត​ ​​អាយុ​​​២៦​ឆ្នាំ ​ជា​​កម្មការិនី​​រោង​ចក្រ​​ ។ ​មុន​ពេល​​​កើត​ហេតុ​​ នាង​​​​បាន​ជិះ​ម៉ូតូ​​​​ម៉ាក​​​ឃ្លីក​​មួយ​គ្រឿង​​ធ្វើ​ដំណើរ​​មក​លេង​ផ្ទះ​​មិត្ត​ភក្តិ​​នៅ​ចំណុច​​​ខាង​លើ​​​ ។ លុះ​​​​ពេល​​មក​​ដល់​ ​ក៏​ត្រូវ​ក្រុម​ចោរ​​មាន​គ្នា​​២នាក់​​ជិះ​ម៉ូតូ​​ធំ​​មួយ​គ្រឿង​​ប្រដាប់​​​​​​​ដោយ​កាំ​ភ្លើង​​ខ្លី​​ បាន​ធ្វើ​​សកម្ម​​ភាព​​ភ្ជង់​ និង​​បាញ់​​មួ​យ​គ្រាប់​​ក្នុង​បំណង​​​ប្លន់​យក​ម៉ូតូ​​ ​​ប៉ុន្តែ​​នាង​ក្រាញ​​​​​មិន​ព្រម​​ប្រគល់​​ម៉ូតូ​របស់​ខ្លួន​​ទៅ​​ឱ្យ​ក្រុម​​ចោរ​ប្លន់​​​​នោះ​​ឡើយ ។ ​ដោយ​ស្ថាន​ភាព​​​តឹង​តែង​​ ក្រុម​ចោរ​​​​ក៏​បាន​​ជិះ​ម៉ូតូ​​រត់​គេច​ខ្លួន​​​ភ្លាមៗ​​ដែរ ​ខណៈ​​​​​​​​ពេល​ស្នូរ​​ផ្ទុះ​អាវុធ​​បាន​បង្ក​​ឱ្យ​មាន​ការ​​ឆោ​ឡោ​​ឡើង​ ។ ​​ចំណែក​នារី​រង​គ្រោះ​​ត្រូវ​បាន​មិត្ត​ភក្តិ​​ដឹក​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​​ពេទ្យ​មិត្ត​ភាព​​ខ្មែរ​​-សូវៀត​​ភ្លាម​​​ៗ​ដែរ​ ។

​ជុំ​វិញ​ហេតុ​ការណ៍​​ខាង​លើ​នេះ​ ​​​នគរ​បាល​​ខណ្ឌ​មាន​ជ័យ​​បាន​សហ​ការជា​មួយ​នគរ​​បាល​​​ស្នង​​ការ​ដ្ឋាន​​រាជ​ធានី​​​ចុះ​អន្តរា​គមន៍​​​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​ចំនួន​​២នាក់​​​នាំ​​យក​ទៅ​ស្នង​ការ​​ដ្ឋាន​ ដើម្បី​​ធ្វើ​ការ​សាក​សួរ​​ ។​​ អ្វី​​ដែល​ជា​ការ​​កត់​សម្គាល់​​នោះ​​គឺ​ ​​ក្នុង​​​ខណៈ​​​ពេល​ចោរ​​​​​​ប្លន់​​យក​ម៉ូតូ​​នោះ​​ នារី​រ​ងគ្រោះ​​បាន​បង្ខំ​ចិត្ត​​​ឱ​​ប​ម៉ូតូ​​ជាប់​​​មិន​ព្រម​​ឱ្យ​​ទៅ​ចោរ​ឡើយ ​​​ព្រោះ​តែ​​​សោក​ស្តាយ​​​ម៉ូតូ​​របស់​នាង​​​ ។ ​ដោយ​សារ​តែ​​នាង​ក្រាញ​​ននៀល​​ ​​ទើប​​ក្រុម​​​​​ចោរ​​បាញ់​​មក​​​​លើ​​រូប​នាង​​​មួ​យ​គ្រាប់​​ ​ហើយ​នាំ​គ្នា​​ជិះ​​ម៉ូតូ​​​រត់​​គេច​ខ្លួន​​បាត់​អស់​​ទៅ​​ ​។

ដោយ​​ឡែក​​នារី​រង​គ្រោះ​​ ភ្លាមៗ​​នោះ​ដែរ​​បាន​ព្យា​យាម​​​ជិះ​ម៉ូតូ​​មក​ដល់​លំនៅ​ឋាន​​ជា​​​ផ្ទះ​ជួល​ដែល​​នៅ​​​​ជិត​​​នោះ​ ទើប​​​ដឹង​ថា​ខ្លួន​ឯង​​​​រង​របួស​​នៅ​ត្រង់​​​ចង្កេះ​​ខាង​ស្តាំ​​ពី​ក្រោយ​​​​ ហើយ​​​​​តក់​ស្លុត​​ក៏​​​​សន្លប់​តែ​ម្តង​​ ។​​

​​ចោរ​បាញ់​​​ប្លន់​​យក​ម៉ូតូ​​​ម៉ា​​ក​សេ​​១២៥​ ​ស៊េរី​​២០១២​​ពី​​​បុរស​ម្នាក់​​

​យុវ​ជន​ម្នាក់បាន​រង​របួស​យ៉ាង​ធ្ងន់​​ក្នុង​អំពើបាញ់​​ប្រហារ​ប្លន់​​យក​ម៉ូតូ​ម៉ាក​សេ​១២៥​​ស៊េរី​​ឆ្នាំ​២០១២​​​កាលពីវេលា​ម៉ោង​​​២២ និង​​១០នាទី​​ថ្ងៃ​ទី​​២១ វិច្ឆិកា ​នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​​ផ្សារដើម​ថ្កូវ ​តាមបណ្ដោយ​​ផ្លូវលេខ​​១៥៥ កែ​ង​ផ្លូវ​​លេខ​​៤៨៦​​ទល់មុខ​​ហាង​ជួប​មិត្ត​ ក្នុង​សង្កាត់​​ផ្សា​រ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​។

​យោង​តាម​សេចក្ដី​រាយការណ៍​​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឱ្យ​ដឹងថា​ យុវជន​​ដែល​រង​របួស​​ដោយ​ក្រុ​ម​ចោរ​​បាញ់ប្រហារ​​ខាង​លើ​នេះ​​​ឈ្មោះ​ប្រុស​​ អាយុ​​២០ឆ្នាំ ​​ជា​កម្មករ​សំណង់​​ និង​មិត្ត​ភក្ដិ​​ពីរ​នាក់់​​ទៀត​ម្នាក់​​ឈ្មោះ​​មឿន ឡូត ភេទប្រុស​ អាយុ​​២១ឆ្នាំ ​និង​ម្នាក់​ទៀត​​​​ឈ្មោះ​ដំ ​ភេទប្រុស ​អាយុ​​២៤​ឆ្នាំ ​។

​បើ​តាម​​សម្ដី​​យុវជន​​ឈ្មោះ​មឿន ​ឡូត​​​ ជា​មិត្ត​​​ភក្តិ​​បាន​រៀប​រាប់​​ប្រាប់​សមត្ថកិច្ច​​ថា មុន​​ពេល​កើត​​ហេតុ​​ខ្លួន​​ និង​​មិត្ត​ភក្ដិ​​បាន​អង្គុយ​​ផឹក​​ស្រា​បៀរ​​​​​នៅ​ក្រោ​ម​​ដើម​ឈើ​​​ជាប់​របង​​វិទ្យាល័យ​ ​ផ្សារ​​ដើម​ថ្កូវ​​​ ខណៈ​នោះស្រាប់​​តែ​មាន​ជន​សង្ស័យ​​បីនាក់​​​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាកសេ​​១១០​​​ ពណ៌ខ្មៅ​ មក​ឈប់​ក្បែរ​ខ្លួន​​ ហើយ​​សួរ​ពួក​ខ្លួន​​រក​​សាលា​​ទួល​​​​ទំពូង ​​តែ​ពួក​ខ្លួន​​មិន​ចាប់​អារ​ម្ម​ណ៍​​ថា​​ ជាចោរ​​​មានបំណង​​ប្លន់​យកម៉ូតូ​​នោះទេ ​​​ក៏​​បាន​ឆ្លើយ​​ថា​មិន​ស្គាល់​​​ ។

​មួយ​សន្ទុះ​ក្រោយ​មក​ ​ស្រាប់​តែ​​​ជន​​​​ម្នាក់​ក្នុង​ចំណោម​​ជន​ទាំង​បីនាក់​​បាន​ដក​កាំ​ភ្លើង​​ម៉ាក​AK54​​ពី​ចង្កេះ​មក​ភ្ជង់​​លើ​ឈ្មោះ​ប្រុស​ ហើយ​គំរាម​​ឱ្យ​​ប្រគល់​​សោ​​ម៉ូតូ​​ ប៉ុន្តែ​​ឈ្មោះ​ប្រុស​​មិន​ព្រម​​ឱ្យ​ ទើប​​​ចោរ​នោះ​​បាញ់​​មួយគ្រាប់​​​ចំ​ដើម​ទ្រូង​​ខាង​ស្ដាំ​​​របស់​​​ឈ្មោះ​​ប្រុស​​បណ្ដាល​ឱ្យ​​ដួល​​ទៅនឹង​ថ្នល់​​រង​របួស​​ធ្ងន់​ ។ ​ក្រោយ​​ពីបាញ់​​មួយ​គ្រាប់​​រួចមក​ ​​ក្រុម​ចោរ​​​ទាំង​បី​​នាក់បាន​​ដណ្ដើម​​យកម៉ូតូ​​ជិះ​រត់គេច​​ខ្លួន​បាត់ស្រមោល​​តែម្ដង​​​ទៅ ។ ​ភ្លាម​​ៗ​​នោះមិត្ត​ភក្ដិ​​​ជន​រងគ្រោះ​​បាន​ដឹក​ជន​​រង​គ្រោះ​​តាម​ម៉ូតូ​​យក​ទៅ​ព្យាបាល​​របួស​​នៅ​មន្ទីរ​​ពេទ្យ​​កាល់ម៉ែត​​ ។​

​ចំពោះ​ករណីខាង​លើ​​​នេះសមត្ថកិច្ច​​នគរបាល​​ប៉ុស្ដិ៍​​ផ្សារ​​ដើម​ថ្កូវ​​បាន​ចុះ​​ទៅពិនិត្យ​​ដល់កន្លែង​​កើតហេតុ​​​ និ​ង​ហៅ​​ឈ្មោះ​​មឿន ឡូត​​​មក​កាន់​ទីស្នាក់​ការ​​ប៉ុស្ដិ៍​​ផ្សារ​ដើម​ថ្កូវ​​ដើម្បី​​សាក​សួរ​​ជុំ​​វិញ​​ករណី​​ប្លន់​ប្រដាប់​អាវុធ​​​ដ៏សាហាវ​​ខាង​លើ​​នេះ​​ ។

ដឹក​​​​ភ្ញៀវ​​ចេញ​ពី​សណ្ឋា​គារ​​ត្រូវ​​ចោរ​បាញ់​​ប្លន់​​យក​​ម៉ូតូ​​ទៅ​បាត់​​​​ស្រមោល​​

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​​ បាន​ត្រូវ​​ចោរបាញ់​ប្រហារ​ចំនួន​១​គ្រាប់​​​ចំ​ភ្លៅ​ខាង​ស្តាំ​ធ្លាយ​ទៅ​កំភួន​ជើងខាង​​ឆ្វេង​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥មួយ​គ្រឿង​ ស៊េរី​២០០៨ ពណ៌​ខ្មៅ ​​ខណៈ​​ជន​រង​គ្រោះ​ដឹក​ភ្ញៀវ​ចេញ​ពី​សណ្ឋាគារ​មួយ​​​ក្នុងសង្កាត់​កាកាប ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ វិច្ឆិកា ​ទៅ​ដល់​​​មុខ​មជ្ឈ​មណ្ឌល​វ៉ត​ធើរ​​ផាក ​តាម​បណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​​​សង្កាត់​ទឹក​ថ្លា​ ​ខណ្ឌសែន​សុខ ។ ​​នេះ​​ជា​ករណី​ថ្មី​បំផុត​មួយ​​នៃ​​សកម្ម​ភាព​ប្លន់​ម៉ូតូ​ដោយ​​​​ក្រុម​ចោរ​បាញ់​មនុស្ស​ដូច​បាញ់​ចាប​ ​ដែល​​អំពើ​​ដ៏​សាហាវ​នេះ​​ហាក់​​បាន​ស្ងប់​ស្ងាត់​​​​យូរ​​មក​ហើយ​​នោះ ។​ ​

​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​​ឱ្យ​ដឹងថា ​ជន​រង​គ្រោះ​​ឈ្មោះ​នួន ​គឹម​សៀន ​​ស្នាក់​នៅ​​ក្នុង​​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​បាន​ដឹក​ភ្ញៀវ​​ជា​ស្ត្រី​ម្នាក់​ចេញពី​សណ្ឋា​គារ​ហ្គើល​ប៊ីន ​នៅ​ក្នុង​សង្កាត់​កាកាប​ ​​​​ឆ្ពោះ​ទៅ​ភូមិសាមគ្គី ​ក្នុង​សង្កាត់​​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ ​។ លុះ​​​មក​ដល់​ចំណុច​​ខាង​លើ​​ ​ក៏​​មាន​ជន​​​៤​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង ​​គឺ​​ម៉ាក​ហុង​ដា​សេ​១១០ ​ពណ៌ខ្មៅ ​មួយ​គ្រឿង​​ និងម៉ាក​ស្គូពី​មួយ​គ្រឿង​មកកៀក​​ រួច​ជន​​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​ដែល​ជិះ​​ម៉ូតូ​ហុងដា​សេ​​១១០​​​បាន​ដក​កាំ​ភ្លើង​ម៉ាកឡុក​​​ភ្ជង់​ជន​រង​គ្រោះ​ឱ្យ​ឈប់ ​​ហើយ​​​​បាញ់​១​គ្រាប់ ​ចំ​ភ្លៅ​ស្តាំ​​ធ្លាយ​ទៅ​កំភួន​​​​ជើង​ខាង​​ឆ្វេង ​។ ​ប្រភព​ព័ត៌​មាន​ដដែល​​​បន្ត​ទៀតថា ​ពេល​នោះ​​ក្រុម​ចោរ​បម្រុង​​បាញ់​ប្លន់​ស្ត្រី​ជា​ភ្ញៀវ​ជិះ​ម៉ូតូ​ឌុប​នោះ​ថែម​ទៀត ​ដើម្បី​ប្លន់​យក​កា​បូប​លុយ​ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​បាន​បោះ​​កាបូប​ចោ​ល​​ រួច​រត់​ទៅ​ពួន​នៅ​ក្បែរ​ផ្ទះមួយ​​​នៅ​ជិត​​នោះ​​​​ទាំង​ព្រលឹង​ចុងសក់ ​ទើប​ក្រុម​ចោរ​រើស​យក​​កាបូប​​រួច​ជិះ​ម៉ូតូ​​គេ​ច​ខ្លួន​បាត់​តែ​ម្តង ​។

​ក្រោយ​ពេលកើត​ហេតុ​​ ​បុរស​រង​គ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​​ ចំណែក​ស្ត្រី​រង​គ្រោះ​ជា​ភ្ញៀវ​ជិះ​ម៉ូតូ​ឌុប​​​​ ហើយ​​ភ័យ​រន្ធត់​​​និយាយ​​មិន​ចង់​ចេញ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​​ទឹក​ថ្លា ​។

​​​ព័ត៌​មាន​ចុង​ក្រោយ​​

​ដោយ​​​សារ​​តែ​មា​ន​ការ​ចាប់​ខ្លួន​​​ជន​សង្ស័យ​​​២នាក់​​​ ក្នុង​អំពើ​ប្លន់​​បាញ់​​​ឱ្យ​នារី​ម្នាក់​​របួស​​​​ក្នុង​​ការ​ប៉ុន​ប៉ង​​​ប្លន់​​យក​ម៉ូតូ​​​​ឃ្លីក​​ តែ​មិន​បាន​​សម្រេច​នោះ​​ នៅ​ព្រឹក​​ថ្ងៃ​ទី​​២២ ​វិច្ឆិកា ​​ផ្ទះ​សំណាក់​​លី​ ពៅ ​ស្ថិត​​នៅ​ក្នុង​ភូមិ​​ទ្រា​​​៣ ​សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​​មាន​ជ័យ​ ​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​​ឆែក​ឆេរ​​​ និង​បាន​​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​​​៩​នាក់​​ផ្សេង​ទៀត​ ​​។ ទោះ​បី​ជា​​​​បែប​ណា សមត្ថ​កិច្ច​​កំពុង​តែ​​ដុត​ដៃ​​ដុត​ជើង​​​​ដោយ​មិន​​​​ទាន់​​ផ្តល់​ព័ត​៌​មាន​​ជាក់​​​លាក់​​​ណា​មួយ​​​ឱ្យ​បាន​ដឹង​​នៅ​ឡើយ​ទេ ៕​​​