ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ម្ចាស់​មេដាយមាស​ពិភពលោក និង​អាស៊ី​​និយាយ​ពី​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ទេ​សម្រាប់អ្នក​ដែល​ធ្លាប់​ទទួល​ជោគជ័យ​លើ​ការងារ​រមែង​​មាន​ម​ហិ​ច្ឆិ​តា​ចង់​រក្សា​ភាព​ជោគជ័យ​នេះ​មិន​ឱ្យ​បាត់បង់​នោះ​ទេ ជា​ពិសេស​អ្នក​ចាប់​អាជីព​កីឡា​តែ​ម្ដង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​ឱ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង និង​ធ្វើ​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ តាម​រយៈ​ការ​ខិតខំ​ហ្វឹកហាត់​បន្ថែម​សមត្ថភាព ប្រកបដោយ​ស្មារតី​ប្ដេជ្ញា​ខ្ពស់​ក្នុង​អាជីព​របស់​ខ្លួន ។ ជាក់ស្ដែង សូ​ម្បី​តែ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​​កម្រិត​​ពិភពលោក​…

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ទេ​សម្រាប់អ្នក​ដែល​ធ្លាប់​ទទួល​ជោគជ័យ​លើ​ការងារ​រមែង​​មាន​ម​ហិ​ច្ឆិ​តា​ចង់​រក្សា​ភាព​ជោគជ័យ​នេះ​មិន​ឱ្យ​បាត់បង់​នោះ​ទេ ជា​ពិសេស​អ្នក​ចាប់​អាជីព​កីឡា​តែ​ម្ដង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​ឱ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង
និង​ធ្វើ​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ តាម​រយៈ​ការ​ខិតខំ​ហ្វឹកហាត់​បន្ថែម​សមត្ថភាព
ប្រកបដោយ​ស្មារតី​ប្ដេជ្ញា​ខ្ពស់​ក្នុង​អាជីព​របស់​ខ្លួន ។

ជាក់ស្ដែង សូ​ម្បី​តែ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​​កម្រិត​​ពិភពលោក​ និង​អាស៊ី​មួយ​ចំនួន ក៏​បង្ហាញ​ពី​ការ​តាំងចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​ទាំង​បច្ចេកទេស កម្លាំងកាយ កម្លាំងចិត្ត​ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ​។

ជួប​អ្នក​សារព័ត៌មាន​កោះសន្តិភាព វីរ​កីឡាការិនី​កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភព​លោក​​៣​ជំនាន់ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ឆ្នាំ​២០១៧​លើ​ប្រភេទ​កីឡា​ប៉េតង់ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ថា ថ្វី​ដ្បិតតែ​អ្នកស្រី​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​មក​ជូន​ជាតិ​ក៏​ពិតមែន ប៉ុន្តែ​ចិត្ត​អ្នកស្រី​មិន​ទាន់​ស្កប់ស្កល់​ទេ​នៅ​តែ​ចង់​ធ្វើ​អ្វី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ​នៅ​ឆ្នាំ​ថ្មី​ដូច​ជា​ចង់​បង្កើត​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​មុខមាត់​ប្រទេស​ជាតិ​ផង និង​ដើម្បី​ខ្លួនឯង​ផង ។

វីរ​កីឡាការិនី​ កែ ឡេ​ង

 

អ្នកស្រី​ថា នៅ​តែ​បន្ត​ប្រឹងប្រែង​ក្នុង​អាជីព​របស់​ខ្លួន​តទៅ​ទៀត លុះត្រាតែ​ភ្នែក​អ្នកស្រី​មើល​លែង​ឃើញ​ទើប​ឈប់ ។ សព្វថ្ងៃ​អ្នកស្រី​បាន​ក្លាយ​ខ្លួន​ជា​គ្រូបង្ហាត់​កូនសិស្ស​ជាង​១០​នាក់ ហើយ​ក្នុង​ចំណោម​ពួក​គេ​អ្នកស្រី​កំពុង​តែ​សង្កេត​មើល​ថា​តើ​អ្នក​ណា​ថ្វីដៃ​ល្អ​អាច​ស្នង​តំណែង​អ្នកស្រី​នៅ​ថ្ងៃក្រោយ​បាន ។

វីរ​កីឡាការិនី ​កែ ឡេ​ង

 

រីឯ​កីឡាករ សុខ ចាន់​មាន ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​​ពិភពលោក​និង​អាស៊ី​ផ្នែក​កីឡា​ប៉េតង់​ដែរ​នោះ​បាន​បង្ហាញ​ពី​ប្ដេជ្ញា​ចិត្ត​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ជោគជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

កីឡាករ សុខ ចាន់​មាន

 

រីឯ​ការងារ​ធ្វើ​ជា​គ្រូបង្ហាត់​នៅ​ពេល​លោក​ចាស់​នោះ​លោក​មិន​ទាន់​គិតដល់​នៅឡើយ​ទេ​ចាំ​មើល​ពេលវេលា​ជាក់ស្ដែង​សិន​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ​សព្វថ្ងៃ​គឺ​លោក​កំពុង​តែ​ខិតខំ​ហ្វឹកហាត់​ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ក៏​ដូច​ជា​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

កីឡាករ សុខ ចាន់​មាន

 

កីឡាករ សុខ ចាន់​មាន ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ដំបូង​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០០១ បន្ទាប់​មក​ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​មេគង្គ​ហ្គេ​ម​ឆ្នាំ​២០០៣ នៅ​ប្រទេស​ថៃ និង​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ឆ្នាំ​២០១៦ ។

កីឡាការិនី​ប៉ា​ល់ ឆរ​ស្មី ម្ចាស់​មេដាយមាស​ពិភពលោក និង​អាស៊ី​ផ្នែក​កីឡា​វ៉ូ​វី​ណា​ម​ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​ថា ខណៈ​ពេល​នេះ​នាង​នៅ​ក្មេង​កម្លាំង​មាំមួន​នៅឡើយ ដូច្នេះ​នាង​ត្រូវ​តែ​ខិតខំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន ដើម្បី​ស្វែងរក​មេដាយ​មក​ជូន​ជាតិ​ជា​បន្ត​ទៀត ។

កីឡាការិនី​ ប៉ា​ល់ ឆរ​ស្មី

 

កីឡាការិនី​ប៉ា​ល់ ឆរ​ស្មី ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​យ៉ាងច្រើន​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ដូច​ជា​នៅ​ឆ្នាំ​២០១១​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង ។ នៅ​ឆ្នាំ​២០១៣​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​ឆ្នាំ​២០១៧​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ពិភពលោក​នៅ​ប្រទេស​វៀតណាម​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង​។

ចំណែក​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ាដែល​ទើបតែ​ដណ្ដើម​បាន​មេដាយមាស​ជា​លើក​ទី​១​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី វិញ​នោះ ក៏​នៅ​តែ​មាន​ម​ហិ​ច្ឆិ​តា​ចង់​ដណ្ដើម​យក​មេដាយមាស​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ជា​បន្ត​ទៀត​ផង​ដែរ ។

​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ា

 

លោក​ថា ដោយសារ​ត្រកូល​របស់​គេ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​កីឡាប្រដាល់​និង​បាន​សាង​កេរ្ដិ៍ឈ្មោះ​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​យ៉ាង​ល្បីល្បាញ​នៅ​ប៉ែក​ខាងលិច​ជាយ​ដែនកម្ពុជា​-​ថៃ ដូច្នេះ​ទៅ​ថ្ងៃក្រោយ​នៅ​ពេល​លោក​ប្រកួត​លែង​កើត​លោក​នៅ​ផ្សារ​ភ្ជាប់​ខ្លួន​នឹង​កីឡា​មួយ​នេះ​ដដែល​តាមរយៈ​បើក​ក្លិប​ធ្វើ​ជា​គ្រូបង្ហាត់​ប្រដាល់​គុន​ខ្មែរ ដើម្បី​ស្វែងរក​អ្នក​ស្នង​តំណែង​ទៅ​ថ្ងៃ​អនាគត ៕

​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ា

 

​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ា
កីឡាការិនី​ ប៉ា​ល់ ឆរ​ស្មី
កីឡាករ សុខ ចាន់​មាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ