ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​កាល​​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​នៅ​មជ្ឈមណ្ឌល​អ៊ិ​ស្លា​ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​កាល​​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​នៅ​មជ្ឈមណ្ឌល​អ៊ិ​ស្លា​ម​កម្ពុជា និង​នៅ​វិទ្យា​ស្ថា​នូ​រ៉ុល​អ៊ី​ម៉ា​ន ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

​នៅ​ក្នុង​ឱកាស​នោះ​អមដំណើរ​ដោយ​អស់លោក លោក​ជំទាវ និង​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង មន្ទីរ និង​ស្ថាប័ន​នានា​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ សំណេះសំណាល​ជាមួយ​ការ​ឧបត្ថម្ភ​ចំពោះ​សិស្សានុសិស្ស​អ៊ិ​ស្លា​ម​កម្ពុជា

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ក៏​បាន​ផ្តាំផ្ញើ​នូវ​អនុសាសន៍​ល្អ​ៗ​ដល់​ប្អូន​ៗ​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា​ត្រូវ​ខិតខំ​ប្រឹង​ក្រេប​ចំណេះដឹង​មិន​ត្រូវ​បោះបង់​ការ​សិក្សា​ពាក់កណ្តាល​ទី​នោះ​ឡើយ​។ ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ដែល​ស្ថិត​នៅ​ជា​យុវវ័យ​ត្រូវ​ហាត់ពត់​លត់​ដុំ​ខ្លួន​ឱ្យ​ក្លាយជា​យុវជន​ល្អ ជា​សសរទ្រូង​សម្រាប់​សង្គម​ជាតិ ។ យើង​ត្រូវ​សម្លឹង​ឱ្យ​វែង​ឆ្ងាយ ខិតខំ​ប្រឹងប្រែង រៀន​យ៉ាង​ហោច​ណាស់​ក៏​ចប់​ថ្នាក់​បរិញ្ញាបត្រ​ដែរ ដើម្បី​ជា​ស្បៀង​សម្រាប់​​អនាគត​ភ្លឺស្វាង​របស់​យើង​គ្រប់​ៗ​គ្នា និង​ម្យ៉ាងទៀត​សម្រាប់​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ការងារ​ដែល​កំពុង​ត្រូវការ​អ្នកមាន​ជំនាញ និង​សមត្ថភាព​ពិតប្រាកដ​។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ក៏​បាន​លើក​ឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​វិស័យ​អប់រំ គឺជា​វិស័យ​អាទិភាព​បំផុត​។ លោក​រដ្ឋមន្ត្រី​ប្រតិភូ​​ក៏​បាន​រំលឹក​អំពី​កំណើន​នៃ​ប្រាក់បៀវត្ស​មន្ត្រីរាជការ ជា​ពិសេស​ប្រាក់បៀវត្ស​របស់​គ្រូបង្រៀន គឺជា​ផ្នែក​សំខាន់​ដែល​រាជរដ្ឋាភិបាល​បាន​ដំ​ឡើងជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ប្រាក់បៀវត្ស​គ្រូបង្រៀន​បូក​នឹង​កាំ​ប្រាក់​ផ្សេង​ៗ​យ៉ាងតិច​បំផុត​មិន​ក្រោម​១​លាន​រៀល​ឡើយ​។

ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ សំណេះសំណាល​ជាមួយ​ការ​ឧបត្ថម្ភ​ចំពោះ​សិស្សានុសិស្ស​អ៊ិ​ស្លា​ម​កម្ពុជា

លោក​ឧកញ៉ា​ក៏​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល និង​សិស្សានុសិស្ស សូម​បន្ត​ប្រើប្រាស់​មណ្ឌល​សិក្សា​មួយ​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​លើកកំពស់​វិស័យ​អប់រំ​ទាំង​ចំណេះដឹង​ទូទៅ និង​ផ្នែក​សាសនា​អ៊ិ​ស្លា​ម ហើយ​សង្ឃឹម​នឹង​មិន​មាន​អ្វី​រាំងស្ទះ​ដល់​បញ្ហា​ប្រាក់បៀវត្ស​គ្រូ​ទេ ព្រោះ​គ្រូបង្រៀន​ស្ទើរ​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​នេះ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ជ្រើសរើស​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​គ្រូ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ សំណេះសំណាល​ជាមួយ​ការ​ឧបត្ថម្ភ​ចំពោះ​សិស្សានុសិស្ស​អ៊ិ​ស្លា​ម​កម្ពុជា

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​អង្ករ​ចំនួន​១០​តោន​របស់​ក្រុមប្រឹក្សា​អ៊ិ​ស្លា​ម​រដ្ឋ​សឺ​ឡា​ងរ ប្រទេស​ម៉ា​ឡេ​ស៊ី ប្រគល់​ជូន​មជ្ឈមណ្ឌល ដើម្បី​ដោះស្រាយ​ហូប​ចុក​ខ្លះ​ជូន​សិ​ស្សា​នុ​សិ​ស្សា និង​គ្រូ ព្រមទាំង​ឧបត្ថម្ភ​ជូន​សិស្សានុ​សិស្ស​ចំនួន​៥៥០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​បាន​ថវិកា​១០.០០០​រៀល​, លោកគ្រូ អ្នកគ្រូ​ចំនួន​៣០​នាក់ ម្នាក់​ៗ​ចំនួន​១០.០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ