ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​វិស័យ​សំណង់ក្នុង​ដំណាច់ឆ្នាំ​នេះ មានទឹក ប្រាក់​ជាង​6​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​វិស័យ​សំណង់​ក្នុង​ដំណាច់ឆ្នាំ​២០១៧​នេះ មាន​ទឹកប្រាក់​ប៉ាន់ស្មាន​សរុប​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​គម្រោង​សរុប​ចំនួន​៣.០៥២​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ…

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​វិស័យ​សំណង់​ក្នុង​ដំណាច់ឆ្នាំ​២០១៧​នេះ មាន​ទឹកប្រាក់​ប៉ាន់ស្មាន​សរុប​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​គម្រោង​សរុប​ចំនួន​៣.០៥២​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ ខណៈ​ឆ្នាំ​មុន ក្រសួង​បាន​អនុម័ត​គម្រោង​២.៤០៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១១​លាន​ម៉ែត្រការ៉េ និង​ទឹកប្រាក់​វិនិយោគ​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន​នេះ វិស័យ​សំណង់​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ កើនឡើង​ជាង​៤០% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ពលករ​ជំនាញ​បរទេស​នៅឡើយ ។

ក្នុង​ឆ្នាំ​២០១៧​នេះ​ផង​ដែរ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ទទួល​បាន​កម្រៃ​ចាប់​ពី​ជាង​៣​ម៉ឺន ដល់​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំពោះ​កម្មករ​ជំនាញ និង​មេជាង​វិញ ទទួល​បាន​ចាប់ពី​៥​ម៉ឺន ទៅ​ជិត​៨​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំណែក​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេង​ៗ​ទៀត ទទួល​បាន​ប្រាក់បៀវត្ស​ចន្លោះ​ពី​៤០០ ទៅ​២.៥០០​ដុល្លារ​ក្នុង​១​ខែ ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ពិសេស​ជួយ​លើកកម្ពស់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​គម្រោង​វិនិយោគ​ធំ​ៗ​នៅ​កម្ពុជា​ភាគច្រើន​បាន​យក​ទៅ​ដាក់​លក់​នៅ​បរទេស ។

អ្នក​នាង​បន្ត​ថា ៖« ជាមួយ​ការ​ជំរុញ​ឲ្យ​គុណភាព​ជីវិត​ប្រសើរ​ឡើង ខ្ញុំ​គិត​ថា វិស័យ​នេះ​ក៏​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ផង​ដែរ » ។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា វិស័យ​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ ពិសេស​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​កម្ពុជា​ក៏​បាន​បាត់បង់​ផលប្រយោជន៍​ច្រើន​ពី​កំណើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង​ដែរ ដោយសារ​កម្ពុជា​បាន​នាំ​ចូល​វត្ថុធាតុដើម​ភាគ​ច្រើន​ពី​បរទេស ដែល​ធ្វើ​ឲ្យ​តម្លៃបន្ថែម​ក្នុង​វិស័យ​នេះ​បាត់បង់ ។

លោក​បន្ត​ថា ៖« ប្រសិនជា​គណនា​ផលទុនជាតិ​សរុប ក៏​មានការ​រួម​បញ្ចូល​នូវ​ទុន​វិនិ​យោគ​​ពី​បរទេស​ផ្ទាល់​ផង​ដែរ ដែល​វិស័យ​សំណង់​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម ហើយ​ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ផលប្រយោជន៍​ក្នុង​វិស័យ​នេះ ទាមទារ​ឲ្យ​មានការ​វិនិយោគ​វត្ថុធាតុដើម​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន » ។

តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រសួង​បាន​អនុញ្ញាត​ផ្តល់​លិខិត​សាងសង់ វិស័យ​សំណង់​នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​៣៩.៩០៣​គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង​១០២​លាន​ម៉ែត្រក្រឡា និង​មាន​តម្លៃ​ទុន​វិនិយោគ​សរុប​ជាង​៣៧​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ