ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC ទទួល​បាន​ជំនួយ​ថវិកា​បន្ថែម​សម្រាប់​ដោះ​មីន ២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ លោក ហេង រតនា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា…

​រាជធានី​ភ្នំពេញ ​៖ លោក ហេង រតនា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា (CMAC) បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ​ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃទី ១២​កើត ខែ​បុ​ស្ប ឆ្នាំរកា ព​.​ស ២៥៦១ រូប​លោក​បាន​ចុះហត្ថលេខា​ជាមួយ​លោក Paul McCarthy ប្រធាន​​អង្គការ APOPO នៅ​កម្ពុជា ដើម្បី​ទទួល​ជំនួយ​ថវិកា​ចំនួន​ជាង​១៧​ម៉ឺ​ន​ដុល្លារ​អាមេ​​រិ​ក​ក្នុង​ការ​គាំទ្រ​សកម្មភាព​កណ្តុ​រហិត​មីន ដែល​ត្រូវ​ប្រ​តិ​ប​តិ្ត​ការ​បោសសំអាត​គ្រាប់​មីន​ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប ដែល​គំរោង​នេះ​មាន​រយៈពេល​១២​ខែ គិត​ចាប់​ផ្តើម​​ពី​ខែមករា ឆ្នាំ​២០១៨ តទៅ​។

​សូម​បញ្ជាក់​ថា អង្គការ ​APOPO មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិក ហើយ​សត្វ​កណ្តុរ​បាន​បង្កាត់​នៅ​ទីពិសោធន៍​នៃ​ប្រទេស​តង់សង់​ញៀ​។ ការ​ដោះ​មីន​របស់​សត្វ​កណ្តុរ​ គឺ​គ្រាន់​តែ​ឱ្យ​សញ្ញាចំណុច​ស​ង្ស័​យ មាន​ជាតិ​ផ្ទុះ រីឯ​ការ​ដោះ​មីន​ពិតប្រាកដ​តែ​ម្តង​ គឺ​អ្នក​ជំនាញ​ដោះ​មីន​ត្រូវ​ប្រើ​ឧបករណ៍​រាវ​មីន ​និង​បោសសំអាត​តែ​ម្តង​។

​អគ្គនាយក CMAC បាន​បន្ត​ថា​៖ «​កណ្តុ​រដោះ​មីន​ហិត​រក​ក្លិន​ជាតិ​ផ្ទុះ រីឯ​ឧបករណ៍​រាវ​មីន​រក​ស្រូប​ជាតិ​ដែក​!! ជាមួយ​ចំនួន​ថវិកា​នេះ ស៊ី​ម៉ាក់​រំដោះ​ដីចំការ​មីន​បាន​ចំនួន​ប្រមាណ​៨០​ហិច​តា​»​។ លោក ហេង រតនា​ ក៏​ឆ្លៀត​យក​ឱកាស​ឆ្នាំ​ថ្មី ​ឆ្នាំ​សកល​ ២០១៨ ប្រ​សិ​ទិ្ធ​ពរ​ជ័យ​ សេរី​បវរ ជូន​ចំពោះ​មន្ត្រី​អង្គភាព CMAC គ្រប់​លំដាប់ថ្នាក់​ទាំងអស់ សូម​ជួប​ប្រទះ​តែ​​សេចក្តីសុខ​ សុ​វ​តិ្ថ​ភាព​ក្នុង​ការ​បំពេញភារកិច្ច​ជូន​ជាតិ ​និង​ប្រជាជន និង​សូម​ទទួល​ជោគ​ជ័យ​ក្នុង​ភារកិច្ច​ថ្មី​ៗ​ទៀត ព្រមទាំង​មាន​សុភមង្គល ​និង​សុខភាព​បរិបូរ​នៅ​គ្រប់​ក្រុម​គ្រួសារ​។​

​សូម​បញ្ជាក់​ថា អង្គការ​អា​ប៉ូ​ប៉ូ​ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ ថា​ការ​ធ្វើការ​ជាមួយ CMAC កន្លង​មក ​គឺ​មាន​សត្វ​កណ្តុរ​អាហ្វ្រិក​១៤​ក្បាល ​បាន​ចាប់ផ្តើម​ហិត​រក​គ្រាប់​មីន ​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ។ ដោយ​ប្រើ​ឃានវិញ្ញាណ​ដ៏​ពូកែ​របស់​វា សត្វ​កកេរ​ទាំងនេះ​អាច​រក​ឃើញ​រំសេវ​ផ្ទុះ​ទាំង​លោហៈ ទាំង​ប្លា​ស្ទិ​ក ហើយ​មិន​ដូច​សត្វ​ឆ្កែ​ទេ សត្វ​កណ្តុរ​គឺ​ស្រាល​មិន​ធ្វើ​ឲ្យ​មីន​ផ្ទុះ​ទេ​។

អង្គការ​អា​ប៉ូ​ប៉ូ​បាន​ចាប់ផ្តើម​បង្ហាត់​សត្វ​កណ្តុរ​ដំបូង​បង្អស់​ឲ្យ​ដោះ​មីន​នៅ​ប្រទេស​តង់​ហ្សា​នី ​ក្នុង​ឆ្នាំ​២០០៨ និង​បាន​បោសសម្អាត​ចំការ​​មីន​ដោយ​ជោគជ័យ​នៅ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក និង​ប្រទេស​អង់​ហ្គោ​ឡា​ នៅ​ឆ្នាំ​២០១០​។ បន្ទាប់​មក​នៅ​ខែវិច្ឆិកា ​ឆ្នាំ​២០១៣ អង្គការ​នេះ​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​សាកល្បង​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រង​គ្រោះ​ដោយ​គ្រាប់​មីន​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ