ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សុបិនឃើញ «អាបហោះ» ខំចាក់ឆ្នោត លុះចាក់ត្រូវមិនបានលុយ បែរជាបានកណ្ដាប់ដៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ បានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ បន្ទាប់ពីរូបនាងចាក់ឆ្នោតយួនត្រូវ ប៉ុន្តែមេឆ្នោតមិនបើកលុយឲ្យ បែរជាប្រើហិង្សាមកលើនាងទៅទៀត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាល្ងាចថ្ងៃទី២៩…

រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ បានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ បន្ទាប់ពីរូបនាងចាក់ឆ្នោតយួនត្រូវ ប៉ុន្តែមេឆ្នោតមិនបើកលុយឲ្យ បែរជាប្រើហិង្សាមកលើនាងទៅទៀត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ជាប់នឹងរបងសាលាសង្កាត់ស្ទឹងមានជ័យ១ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ស្ត្រីជាជនរងគ្រោះមានផ្ទៃពោះជិតគ្រប់ខែ ពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយនាងមានវ័យប្រមាណ២០ឆ្នាំ ។

តាមការរៀបរាប់របស់នាង ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ នាងបានដេកយល់សុបិនឃើញ «អាបហោះ» ។ លុះក្រោកពីដំណេក នាងក៏កាត់លេខយល់សុបិន ដោយបានប្រើកូនស្រីឲ្យទៅចាក់កន្ទុយលេខ ពីលេខ០១ ដល់លេខ១០ ដោយចាក់៤ប៉ុស្តិ៍ ពីប៉ុស្តិ៍ A ដល់D អស់ទឹកប្រាក់សរុប៥ម៉ឺនរៀល ។ លុះល្ងាចឡើង លទ្ធផលឆ្នោតលេខលេខ០៨ នាងក៏បានទៅបើកលុយដែលចាក់ត្រូវ សរុប៣លាន តែត្រូវបានមេឆ្នោតបដិសេធ ហើយប្រាប់ថាលេខដែលចាក់គឺផុតម៉ោងទទួលហើយ ដូច្នេះហើយមិនអាចបើកលុយបានទេ ជាហេតុធ្វើឲ្យនាងខឹងនឹងស្ត្រីមេឆ្នោត ដោយស្រែកជេរដៀលស្ត្រីមេឆ្នោតខ្លាំងៗ ធ្វើឲ្យមេឆ្នោតរូបនោះ ទ្រាំស្តាប់សម្តីតិះដៀលមិនបាន ក៏ស្ទុះទៅទះកំផ្លៀង និងវាយយកៗ តែម្តង ។

បន្ទាប់ពីឃើញការប្រវាយប្រតប់គ្នា អាជីវករលក់ដូរក្បែរនោះ ក៏បានចូលទៅឃាត់ ហើយស្ត្រីពោះធំដែលចាក់ឆ្នោតត្រូវ បានរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដោយសមត្ថកិច្ចឃាត់ភាគីទាំងអស់មកសួរនាំ ។

ចំពោះមុខសមត្ថកិច្ច ស្ត្រីជាមេឆ្នោតឈ្មោះ ស្រីមុំ ឆ្លើយថា នាងមិនបានដឹងថា កូនចៅរបស់នាងកត់ទទួលលេខពីស្ត្រីពពោះជិតគ្រប់ខែខាងលើតាំងពីពេលណាឡើយ ហើយនាងបានឈប់ទទួលលេខតាំងពីម៉ោង៣មកម៉្លេះ ព្រោះជិតដល់ម៉ោងចេញលទ្ធផលឆ្នោត ដូច្នេះនាងមិនទទួលលេខទៀតឡើយ ។

យ៉ាងណាមិញ គិតមកត្រឹមវេលាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ត្រីពោះធំដែលចាក់ឆ្នោតត្រូវនៅតែសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងស្ត្រីមេឆ្នោត ពីបទប្រើប្រាស់ហិង្សាមកលើខ្លួន ។ ប៉ុន្តែទន្ទឹងនឹងនោះ សមត្ថកិច្ចបានពន្យល់ណែនាំនាងឲ្យសម្របសម្រួលគ្នា ដោយការយល់យោគបញ្ចប់រឿងទៅ ព្រោះបើនាងសម្រេចប្តឹង គឺដើមចមកើតចេញពីរឿងល្បែងស៊ីសង ដូច្នេះហើយចំពោះមុខច្បាប់ ប្រយ័ត្នប្រយែងកើតមានបញ្ហាទាំង២នាក់ ។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បញ្ជាក់ថា សមត្ថកិច្ចកំពុងព្យាយាមសម្របសម្រួលភាគីទាំង២ហើយ ព្រោះភាគីទាំង២ជាមនុស្សស្គាល់គ្នាមកយូរហើយ ។ លោកបន្ថែមថា ប្រសិនបើភាគីទាំង២ ឯកភាពបញ្ចប់រឿង មិនប្តឹងប្តល់គ្នា លោកនឹងណែនាំឲ្យស្ត្រីជាមេឆ្នោតត្រូវបញ្ឈប់បន្ទាន់ចំពោះការកត់ឆ្នោតខុសច្បាប់ ទៅថ្ងៃមុខទៀត បើពុំដូច្នេះទេ លោកនឹងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ