ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​ទ្ឋ​នា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ និង​បំពាក់​មួក​សុវត្ថិភាព​ជូន​អ្នក​ត្រូវ​ផាកពិន័យ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​ការ​បំផុស​ភ្នា​ត់​គំនិត​ស្មារតី​ក្នុង​ការ​ចូលរួម​គោរព​អនុវត្ត​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​ទូទៅ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ…

ខេត្តកំពត ៖ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​ការ​បំផុស​ភ្នា​ត់​គំនិត​ស្មារតី​ក្នុង​ការ​ចូលរួម​គោរព​អនុវត្ត​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​ទូទៅ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ។ រដ្ឋបាល​ខេត្តកំពត ក្រោម​កិច្ច​ចូលរួម​រៀបចំ​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត និង​នគរបាល​ចរាចរណ៍​ខេត្ត ។ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដី​ពី «​ការ​អនុវត្ត​រឹត​បន្តឹង ការ​ពាក់មួក​សុវត្ថិ​» ។

ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់​ផ្លូវ និង​លើកកម្ពស់​ការ​យល់​ដឹង ដើម្បី​បង្កើន​ការ​ពាក់មួក​សុវត្ថិភាព ក្នុង​ចំណោម​ពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ ពិសេស​នា​ឱកាស​មុន​ពិធី​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ចូល​មក​ដល់ ។

ជាមួយនឹង​ឱកាស​នេះ ក៏​មាន​វត្តមាន លោក ចាន់ ចេស្ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ចូលរួម​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​កាន់តែ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ថែម​ទៀត​ផង​ដែរ ។

លោក ចាន់ ចេស្ដា បាន​ធ្វើការ​សម្ភាសន៍​ស្វែង​យល់ព្រម​ទាំង​បាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ជាមួយ ដែល​ខកខាន​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​លើ​ដងផ្លូវ ។ ដោយ​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ថា ការ​ផ្ដល់​មួក​សុវត្ថិភាព​នា​ពេល​នេះ គឺ​មិនមែន​ជា​ថ្នូរ​លក់ ឬ​ទិញ​ទៅ​នឹង​ប្រាក់ ដែល​នគរបាល​ចរាចរណ៍​ផាកពិន័យ​នោះ​ទេ ។
ប៉ុន្តែ​ការ​ផ្ដល់​មួក​សុវត្ថិភាព​នា​ពេល​នេះ គឺជា​យុ​ទ្ឋ​នា​ការ នៃ​ការ​អនុវត្ត​ទៅ​តាម​ស្មារតី​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​សុ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ការ​ចូលរួម​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​តែ​ប៉ុណ្ណោះ ។

ក្នុង​បំណង​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ណែនាំ និង​ជំរុញ​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យ​មានការ​ភ្ញាក់រឭក​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ពិសេស​ការ​បង្កើន​ការ​ពាក់មួក​សុវត្ថិភាព​ក៏​ដូច​ជា​ការ​លើកកម្ពស់​ការ​យល់​ដឹង ពី​ផល​ប៉ះពាល់ នៃ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ដែល​បច្ចុប្បន្ន សង្គម​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​យើង​មានការ​បារម្ភ និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ។

ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ សង្កេត​ឃើញ​ថា បាន​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ភាគច្រើន គឺ​ដោយសារ​ការ​ប៉ះទង្គេច​ទៅ​លើ​ក្បាល និង​ខួរក្បាល​ពី​ការ​បោក ឬ​ប៉ះទង្គេច ដែល​អាច​ឈាន​ដល់​ពិការ ឬ​ស្លាប់​បាន​ដោយសារ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក ចាន់ ចេស្ដា ក៏​បាន​ណែនាំ និង​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​មាន​ស្មារតី​ភ្ញាក់រឭក​ឡើង​ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ចៀសវាង​ការ​គោរព​ខ្លាច​តែ​នគរបាល​ចរាចរណ៍ ហើយ​មិន​បាន​គោរព​ច្បាប់​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​ជួប​គ្រោះថ្នាក់ និង​នាំ​មក​ផលវិបាក​ដល់​គ្រួសារ និង​សង្គម​ជាតិ​យើង ។ ព្រោះថា​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ និង​គោរព​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​ការពារ​ជីវិត​ខ្លួនឯង និង​គ្រួសារ​ព្រមទាំង​អ្នក​ដទៃ ។

សូម​បញ្ជាក់​ថា ៖ យុទ្ធនាការ​នៃ​កម្មវិធី​នេះ​មួក​សុវត្ថិភាព​ចំនួន​៥០០​មួក រួម​និង​ឯកសារ​ច្បាប់ និង​ខិតប័ណ្ណ​បទបញ្ញត្តិ​សំខាន់​ៗ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​រាប់​ពាន់​សន្លឹក និង​ក្បាល (​សៀវភៅ​) ដែល​ផ្ដល់​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សម្រាប់​ផ្សព្វផ្សាយ​ចែក​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ។

ប៉ុន្តែ​សម្រាប់​មួក​សុវត្ថិភាព​បាន​បំពាក់​ជូន​អ្នកបើកបរ​ម៉ូតូ ឬ​អ្នក​ជិះ​ជាមួយ​ដែល​ខកខាន​ពុំ​មាន​ពាក់មួក​សុ​វត្ថ​ភាព​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ម្នាក់​មួយ​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់​ផាកពិន័យ​ប្រាក់​ចំនួន​១៥,០០០​រៀល ។ នេះ​គឺ​គ្រាន់តែ​ជា​ការ​ដាស់តឿន​ពញ្ញាក់​ស្មារតី​បង្កើន​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ