ខេត្កតណ្តាល ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧
បានអញ្ជើញជាអធិបតីចែកអំណោយជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមក្រីក្រ៣០០គ្រួសារនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
អំណោយដែលចែកជូននាពេលនេះ រួមមានក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀល ដែលជាជំនួយរបស់អង្គការ Muslim Aid។
លោក Khairul Hafiz នាយកអង្គការ Muslim Aid បានលើកឡើងនូវការថ្លែងអំណរគុណដល់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានលោកឧកញ៉ា អូស្មាន ហាស្សាន់ ជាប្រធាន គឺជាភាគីដៃគូក្នុងស្រុក ដែលតាំងពីដើមមក បានគាំទ្រក្នុងនាមជាអង្គការដូចគ្នាផង និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលផង ដែលបានធ្វើអោយអង្គការរបស់លោក បានដំណើរការយ៉ាងរលូន ហើយបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានាតាំងពីឆ្នាំ២០០៧មកម៉្លេះ។
លោកបន្តថា គម្រោងកញ្ចប់អំណោយលើកនេះ មានសរុប ១.២៨០កញ្ចប់ បានធ្វើការចែកចាយដល់ជនក្រីក្រក្នុងខេត្ត-ក្រុងចំនួន៧ ហើយខេត្តកណ្តាល គឺជាគំរោងចុងក្រោយក្នុងចំណោមកញ្ចប់អំណោយទាំង ១.២៨០កញ្ចប់។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរពីសកម្មភាពមនុស្សធម៌ដែលភាគីអង្គការ Muslim Aid បានធ្វើឡើងក្នុងកំឡុងពេល១០ឆ្នាំនេះ គឺពិតជាបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីភាពជឿនលឿន និងការរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ សន្តិភាព សេរីភាព និងគ្មានការរើសអើង។ លោកបានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកអ៊ិស្លាមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខំប្រឹងការកសាងប្រទេសជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីគ្រប់បែបយ៉ាង ជាពិសេសសហគមអ៊ិស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សមិទ្ធផលនានាមិនអាចកាត់ថ្លៃបាន ព្រមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគំរូសម្រាប់ប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកតម្រាប់តាម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា ព្រោះពេលវេលានៃការបោះឆ្នោតតំណាងរាស្ត្រ គឺនៅមិនដល់១ឆ្នាំទៀតទេ និយាយរួមគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ អាស្រ័យដូចនេះគ្រប់គ្នា សូមត្រៀមខ្លួនធ្វើយ៉ាងណាត្រូវតែទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា៕
ចែករំលែកព័តមាននេះ