ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ការ​បារម្ភ​ពី​ដំរី​ស្រុក​ចេះ​តែ​មាន​បរិមាណ​ថយ​ចុះ​រហូត

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំរី​ទេសចរណ៍​មាន​ចំនួន​៣១​ក្បាល​ហើយ ដែល​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ដែល​បាន​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​បរិមាណ​ដំរី​ដែល​មាន​មាឌធំ​ដ៏​កម្រ និង​កំពុង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ពេល​អនាគត ។ ហើយ​ស្ទើរតែ​១០០% ដំរី​ទេសចរណ៍​ទាំងនោះ មិន​អាច​បង្កើត​កូនចៅ​បាន…

ខេត្តមណ្ឌលគិរី ៖ ដំរី​ទេសចរណ៍​មាន​ចំនួន​៣១​ក្បាល​ហើយ ដែល​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ដែល​បាន​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​បរិមាណ​ដំរី​ដែល​មាន​មាឌធំ​ដ៏​កម្រ និង​កំពុង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ពេល​អនាគត ។ ហើយ​ស្ទើរតែ​១០០% ដំរី​ទេសចរណ៍​ទាំងនោះ មិន​អាច​បង្កើត​កូនចៅ​បាន ដោយសារ​តែ​ប្រពៃណី​ដ៏​តឹងតែង​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ។

ព័ត៌មាន​ច្បាស់​ការណ៍បញ្ជាក់​ថា រយៈពេល​ប្រហែល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដំរី​ស្រុក​នៅ​ខេត្តមណ្ឌលគិរី បាន​ងាប់​ជា​បន្តបន្ទាប់ ខណៈ​ដំរី​ស្រុក​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ពុំ​មានឱកាស​ក្នុង​ការ​បង្ក​កំណើត​ថ្មី ដែល​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​កំពុង​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​វត្តមាន​ដំរី​ស្រុក​នា​ពេល​ខាង​មុខ ។ មន្ត្រី​អភិរក្ស​សត្វ​ដំរី ក៏​កំពុង​រក​វិធីសាស្ត្រ​ដើម្បី​ស្ដារ​ចំនួន​សត្វ​ដំរី​ឡើង​វិញ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​ខាង​សត្វ​ដំរី​ថា មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ គ្រា​ដែល​សត្វ​ដំរី​ទាំងនោះ​មាន​វ័យ​កាន់តែ​ជរា​ទៅ​ហើយ​មិន​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បន្ត​ពូជ​បាន ។

ប្រធាន​អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី​លោក ឃុន ឌី​យូ​៉​ន បានឱ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៧​នៅ​ខេត្ត មណ្ឌលគិរី មាន​ចំនួន​ដំរី​ស្រុក​រហូត​ដល់​៧៣​ក្បាល តែ​វា​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ជម្ងឺ និង​អាយុ កាល​របស់​វា​ដោយ​បច្ចុប្បន្ន​នៅ​សល់​ប្រហែល​៤២​ក្បាល ឬ​អាច​ក្រោម​នេះ​ហើយ​ដំរី​ស្រុក​ដែល​នៅ​សល់​ក្នុង​ខេត្តមណ្ឌលគិរី គឺ​មាន​វ័យចាស់​ៗ​អស់ហើយ ដែល​វ័យ​របស់​ពួក​វា​ពិបាក​និង​មាន​លទ្ធភាព​បង្ក​កំណើត​បាន​ណាស់ ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ដំរី​ទាំង​៤២​ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី ដែល​នៅ​រស់ វា​មាន​អាយុ​ចន្លោះ​ចាប់ពី​៣៨​ឆ្នាំ ទៅ​៨០​ឆ្នាំ ក្នុង​នោះ​ដំរី​ញី​ភាគច្រើន គឺ​មាន​វ័យ​ចំណាស់​ជាង​ដំរី​ឈ្មោល ដែល​មិន​អាច​បង្ក​កំណើត​បាន ។ កន្លង​មក​ខាង​អង្គការ​សត្វ​ដំរី​ធ្លាប់​បាន​សិក្សា​យក​មេជី​វិត​របស់​ដំរី​មក​ពី​ប្រទេស​ថៃ មក​ចាក់​បញ្ចូល​ដំរី​ញី​ទាំងនោះ ដើម្បី​ឱ្យ​វា​បង្ក​កំណើត តែ​ត្រូវ​បាន​បរាជ័យ​ដោយសារ​ដំរី​ញី​នៅ​ខេត្តមណ្ឌលគិរី​នេះ​ចូល​ដល់​វ័យ​ចាស់ជរា​អស់​ទៅ​ហើយ ។

លោក​ប្រធាន​អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី​បន្ថែម​ថា គិត​សម្រាប់​តែ​ក្នុង​ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ខេត្ត មណ្ឌលគិរី គឺ​មាន​ដំរី​ស្រុក​៥​ក្បាល​ហើយ​ដែល​បាន​ងាប់ ក្នុង​នោះ​គឺ​មាន​១​ក្បាល​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់ ដោយសារ​វា​ចុះប្រេង មាន​ភាព​កាច​សាហាវ​វាយប្រហារ​មក​លើ​ភូមិ​អ្នកស្រុក​មិន​អាច​គ្រប់គ្រង​បាន ទើប​ឈាន​ដល់​ការ​បាញ់​សម្លាប់ ។ ចំណែក​ដំរី​ចុង​ក្រោយ​ដែល​បាន​ងាប់​ក្នុង​ខេត្តមណ្ឌលគិរី គឺជា​ដំរី​ញី​១​ក្បាល មាន​វ័យ​៨៥​ឆ្នាំ​នៅ​ភូមិ​ពូ​ទ្រូ​ក្រោម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។ រីឯ​មូលហេតុ​ដែល​វា​ងាប់​គឺ​បណ្ដាល​មក​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ពេក បូក​រួម​ទាំង​វ័យ​របស់​វា​ចំណាស់​ផង​នោះ​មិន​អាច​ទប់ទល់​ជាមួយ​អាកាស ធាតុ​ត្រជាក់​បាន ។ លោក​ថា​ទោះបី​មានការ​ជួយ​សង្គ្រោះ​ពី​សំណាក់​មន្ត្រី អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី​ចំនួន​២​ថ្ងៃ​យ៉ាងណា​ក្ដី តែ​មិន​អាច​សង្គ្រោះ​ជីវិត​ដំរី មី​ឡុ​ត បាន​ឡើយ​ដោយ​វា​បាន​ងាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ធ្នូ ២០១៧​នេះ ។

លោក ឃុន ឌី​យ៉ូ​ន បញ្ជាក់​ទៀត​ថា សត្វ​ដំរី​ស្រុក​ដែល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ខេត្តមណ្ឌលគិរី​នា​រយៈ ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ស្ទើរ​ទាំងស្រុង​ងាប់​ដោយសារ​ជម្ងឺ មាន​តែ​១​ក្បាល​ប៉ុណ្ណោះ​ងាប់​ដោយ​ការ​បាញ់​សម្លាប់ ហើយ​មូលហេតុ​រួម​ផ្សំ​មួយទៀត​ដែល​ធ្វើ​ឱ្យ​សត្វ​ដំរី​នៅ​ខេត្តមណ្ឌលគិរី មិន​អាច​បង្ក​កំណើត​បាន គឺ​ព្រោះ​ដំរី​ស្រុក​ទាំងនោះ ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​ជនជាតិភាគតិច​ព្នង ដែល​ប្រពៃណី​របស់​ជនជាតិ​ព្នង គឺ​ដាច់ខាត​មិន​ឱ្យ​សត្វ​ដំរី​បន្ត​ពូជ​មុន​រៀប​ការ​នោះ​ទេ ។ ចំណែក​ការ​រៀប​ការ​របស់​ពួក​វា​គឺ​ធ្វើ​ឡើង​ដូច​រៀប​ការ​មនុស្ស​ដែរ ដែល​ធ្វើ​ឱ្យ​ជនជាតិ​ព្នង​ពុំ​មាន​លទ្ធភាព​រៀប​ការ​ឱ្យ​ពួក​វា ដូច្នេះ​ហើយ​ទើប​ដំរី​ស្រុក​នៅ​ខេត្តមណ្ឌលគិរី​មាន​អត្រា​ថយ​ចុះ​រហូត​មក ៕​

អត្ថបទសរសេរ ដោយ