រាជធានីភ្នំពេញ ៖ អ្នកចម្រៀងពិការខ្មែរមួយរូប គឺលោក ប្រាក់ សុផាន់ណា បើទោះបីជាពិការរាងកាយក៏ពិតមែន តែលោកមិនដែលចុះចាញ់ព្រហ្មលិខិតនោះទេ ដែលនេះជាហេតុផលជម្រុញឱ្យលោកទទួលបាននូវការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ រហូតទទួលបានជ័យជំនះពីកម្មវិធី Our Better World របស់ប្រទេសសិង្ហបុរី ខណៈការប្រកួតនេះ គឺមានប្រទេសចូលរួមជាង៥០ឯណោះ។
ជាមួយដំណឹងដ៏ល្អនេះ លោក ប្រាក់ សុផាន់ណា កាលពីរាត្រីថ្ងៃទី ២៧ ខែធ្នូ បានបង្ហោះវីដេអូមួយជូនដំណឹងដល់សាធារណជនដែលបានបោះឆ្នោតគាំទ្រ និង share វីដេអូរបស់លោក រហូតទទួលបានពិន្ទុខ្ពស់សរុបដល់ទៅ៤.២៣៩ពិន្ទុ ក្លាយជាម្ចាស់ជ័យលាភីនៃការប្រកួតនេះ ។ ជាមួយគ្នានេះផងដែរ លោក ប្រាក់ សុផាន់ណា ក៏បានឱ្យដឹងផងដែរថា មានប្រទេស៥ទៀត ដែលជាប់ពិន្ទុសម្រាប់ជ័យលាភី ដូចជាប្រទេសឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន ជាដើម។
លោក ប្រាក់ សុផាន់ណា ដែលអ្នកចម្រៀងពិការមានទឹកដមសំនៀងពីរោះបានពោលថា៖ «ខ្ញុំបានដំណឹងថា ខ្ញុំបានឈ្នះនៅក្នុងកម្មវិធី Our Better World ហើយ វីដេអូល្អជាងគេប្រចាំឆ្នាំ… ទទួលបានពិន្ទុ ៤.២៣៩ អញ្ចឹងពិន្ទុខ្ញុំបានលើសគេច្រើនមែនទែន ។ នេះក៏ដោយសារតែ ពុកម៉ែ បងប្អូនទាំងអស់ចេះស្រលាញ់ ហើយអាណិត ហើយក៏មានបងប្អូនជាច្រើនទៀតជម្រុញលើកទឹកចិត្ត និងបានជួយរូបខ្ញុំបាទ បានជាប់ក្នុងកម្មវិធីហ្នឹង។ ហើយអរគុណបងៗដែលតែងតែជួយគាំទ្រ លើកទឹកចិត្ត ជួយ vote ជួយ share ឱ្យខ្ញុំបាទបានជាប់ក្នុងកម្មវិធីហ្នឹង»៕
ចែករំលែកព័តមាននេះ